ភ្នំពេញៈ ធនាគារ Phnom Penh Commercial Bank Plc (PPCBank) បានប្រកាស​ទូទាត់​ការប្រាក់​លើក​ទី​ ១ លើ​មូលបត្រ​បំណុល​ជូន​ដល់​កម្មសិទ្ធិករ​កាន់កាប់​មូលបត្រ​បំណុល​របស់ខ្លួន នៅក្នុង​អំឡុង​ពេលដែល​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​កំពុង​ទទួលរង​ផលប៉ះពាល់​ពី​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

យោងតាម​ឯកសារ​ដែល PPCBank ផ្ញើ​ទៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ​កាលពី​ថ្ងៃទី​ ២៤ ខែមីនា គឺ​វិនិយោគិន​ទាំងអស់​ដែល​កាន់កាប់​សញ្ញា​បណ្ណ​ធម្មតា​មាន​អាទិភាព​ខ្ពស់​ជាមួយ​នឹង​ចំនួន​ការប្រាក់​សុទ្ធ​សរុប​ ១ ២៨៤ ៧៣៤ ១២១ ​រៀល​។

ឯកសារ​នេះ​បាន​បន្តថា​៖ «​ធនាគារ Phnom Penh Commercial Bank Plc(PPCBank) មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​វិនិយោគិន​ទាំងអស់​ថា ធនាគារ​ភ្នំពេញ​ពាណិជ្ជ ម.ក បាន​ទូទាត់​ការប្រាក់​លើក​ទី​១ លើ​មូលបត្រ​បំណុល​ជូន​ដល់​កម្មសិទ្ធិករ ដែល​ត្រូវ​ផ្ទេរ​ទៅក្នុង​គណនី​របស់​វិនិយោគិន​នៅ​ថ្ងៃទី​ ២២ ខែ មីនា ឆ្នាំ​ ២០២១»​។

PPCBank គឺជា​ធនាគារពាណិជ្ជ​ដំបូង​គេ​ដែល​បាន​បោះផ្សាយ​មូលបត្រ​បំណុល​សាជីវកម្ម​នៅលើ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ (CSX) កាលពី​ថ្ងៃទី​ ២០ ខែ​ មេសា ឆ្នាំ​ ២០២០ ដោយ​ប្រមូល​មូលនិធិ​បាន ១០ ​លាន​ដុល្លារ​នៅ​ជុំ​ទី​ ១ និង​ប្រមូល​មូលនិធិ​បាន ១០ ​លាន​ដុល្លារ​ផ្សេងទៀត​នៅ​​ជុំ​ទី​២ កាលពី​ខែតុលា​។

លោក Jong Weon Ha អនុប្រធាន CSX បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ កាលពី​ថ្ងៃទី​ ២៤ ខែមីនា នេះ​ថា ការទូទាត់​ការប្រាក់​នេះ​មិនមែន​មានតែ​ធនាគារ PPCBank ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏មាន​ធនាគារ​ផ្សេងទៀត​ផងដែរ​។

លោក​ថ្លែងថា​៖ «​នេះ​ជាការ​អភិវឌ្ឍ​គួរឱ្យ​រីករាយ​ដោយ​ផ្ដល់នូវ​ការធ្វើ​ពិពិធកម្ម​ផ្សេងទៀត​ដល់​វិនិយោគិន​។ ក្រុមហ៊ុន​ចេញ​មូលបត្រ​បំណុល ជាពិសេស​ធនាគារ PPCBank គឺជា​គំរូ​ដ៏ល្អ​សម្រាប់​ក្រុមហ៊ុន​ផ្សេងទៀត​ដែល​ស្វែងរក​ការពង្រីក​អាជីវកម្ម​របស់​ពួកគេ ដោយ​ប្រើប្រាស់​ប្រាក់​របស់​វិនិយោគិន​ផ្សេងទៀត​»​។

បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន ៦ ​ចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម​លើ CSX ចាប់តាំងពី​ទីផ្សារ​មូលបត្រ​បំណុល​មួយ​នេះ​ចាប់ផ្ដើម​ដំណើរការ​កាលពី​ឆ្នាំ​ ២០១៧​។

លោក Ha បានឱ្យដឹងថា ទីផ្សារ​មូលបត្រ​បំណុល​នៅ​កម្ពុជា​ផ្ដោតលើ​វិនិយោគិន​ជា​ស្ថាប័ន​តែប៉ុណ្ណោះ ដោយសារ​ហេតុផល​ ២ ​យ៉ាង គឺ​ទី​១ ភាគច្រើន​នៃ​មូលបត្រ​បំណុល​ត្រូវ​បានចេញ​ស្ថិត​នៅ​ក្រោម​ក្របខ័ណ្ឌ​នៃ​ការចេញ​មូលបត្រ​បំណុល​ពហុរូបិយប័ណ្ណ​អាស៊ាន​បូក​ ៣ (AMBIF) ដែល​បានតែ​វិនិយោគិន​ជា​ស្ថាប័ន ចំណែក​កត្តា​ទី​២ គឺជា​ការចេញ​ដែល​អាច​កែតម្រូវ​បាន ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​ផងដែរ​។

លោក​បន្ថែមថា​៖ «​យើង​កំពុង​ជំរុញ​ឱ្យ​ក្រុមហ៊ុន​បោះផ្សាយ​ផ្តោតទៅលើ​វិនិយោគិន​សាធារណៈ​ផងដែរ ដោយ​ជឿថា វិនិយោគិន​នឹង​ចាប់ផ្ដើម​សម្លឹងមើល​ការវិនិយោគ​លើ​ឧបករណ៍​ហិរញ្ញវត្ថុ​មាន​ហានិភ័យ​ទាប ដូចជា​​មូលបត្រ​បំណុល​សាជីវកម្ម​»៕LA