ភ្នំពេញៈ ធនាគារពាណិជ្ជ​ PPCBank ​ដែល​វិនិយោគ​ដោយ​កូរ៉េ​ខាង​ត្បូង និង​ក្រុមហ៊ុន ទ្រូម៉ាន់នី ដែល​បម្រើ​សេវា​ទូទាត់​ហិរញ្ញវត្ថុ​ចល័ត​គ្រប់គ្រង​ដោយ​វិនិយោគិន​ជនជាតិ​ថៃ​កាលពី​ថ្ងៃ​ពុធ ​បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ដើម្បី​ជួយ​សម្រួល​ដល់​ការបង់ប្រាក់​កម្ចី​របស់​ធនាគារ​នេះ​ឱ្យ​កាន់តែ​ងាយស្រួល​ និង​រហ័ស​ថែមទៀត​ដែល​ឆ្លើយតប​ទៅ​នឹង​ការរីកចម្រើន​នៃ​ការទូទាត់​តាម​បែប​ឌីជីថល​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។

តាមរយៈ​ MoU ​នេះ អតិថិជន​ទាំងអស់​របស់​ធនាគារ​ PPCBank ​នេះ​អាច​បង់ប្រាក់​កម្ចី​របស់​ខ្លួន​ទៅឱ្យ​ធនាគារ​តាមរយៈ​កម្មវិធី​ទូរស័ព្ទដៃ TrueMoney Wallet និង​ភ្នាក់ងារ​ទ្រូម៉ាន់នី​។

សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យដឹងថា MoU ​នេះ​នឹងត្រូវ​អនុវត្ត​ចាប់ពី​ថ្ងៃ​ចុះហត្ថលេខា ហើយ​អតិថិជន​ទាំងអស់​នឹង​ទទួល​បាន​នូវ​ការផ្ដល់​ជូន​ពិសេស​រយៈពេល​ ៣ ​ខែ​សម្រាប់​ការបង់ប្រាក់​កម្ចី​ដោយ​ឥតគិតថ្លៃ​សេវា​ចាប់ពី​ថ្ងៃទី​ ២៣ ខែ​កញ្ញា រហូត​ដល់​ថ្ងៃទី​ ៣១ ខែ​ ធ្នូ ឆ្នាំ​ ២០២០​។

លោក Shin Chang Moo នាយកប្រតិបត្តិ​ធនាគារ PPCBank បាន​ឱ្យដឹង​នៅក្នុង​ពិធី​ចុះហត្ថលេខា​ថា ភាព​ជា​ដៃគូ​នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយ​ផ្សេងទៀត​ក្នុង​ផែនការ​របស់​ធនាគារ​នេះ​សំដៅ​ធ្វើ​ឲ្យ​មាន​ភាព​កាន់តែ​ងាយស្រួល​ដល់​អតិថិជន​ក្នុង​ការបង់ប្រាក់​កម្ចី​។

លោក​ថ្លែងថា​៖ «​យើង​ជឿជាក់ថា ការរក​បាន​នូវ​ដៃគូ​ល្អ​គឺជា​រឿង​ដែល​ពុំ​អាច​កាត់ថ្លៃ​បាន​។ កេរ្ដិ៍ឈ្មោះ​ដ៏ល្អ​របស់​ទ្រូម៉ាន់នី​នឹង​ធ្វើឱ្យ​អតិថិជន​របស់​យើង​មាន​ភាពជឿជាក់ និង​ទុកចិត្ត​នៅពេល​បង់ប្រាក់​កម្ចី​តាមរយៈ​ភាគី​ទី​ ៣ ​នេះ​»​។

លោកស្រី ឃួន ហ្វ្រង់ដារា អគ្គនាយិកា គ្រប់គ្រង​ផ្នែក​យុទ្ធសាស្ដ្រ​ក្រុមហ៊ុន​ទ្រូម៉ាន់នី កម្ពុជា បាន​ឱ្យ​ដឹងថា បច្ចុប្បន្ននេះ TrueMoney កំពុង​រីកចម្រើន​យ៉ាង​រហ័ស​នៅក្នុង​ប្រទេស​កម្ពុជា​។ ចំណែក​ភាព​ជា​ដៃគូ​នេះ​នឹង​ផ្ដល់នូវ​ដំណើរការ​បង់ប្រាក់​កម្ចី​កាន់តែ​ប្រសើរ​ចំពោះ​អតិថិជន​របស់ PPCbank​។

លោកស្រី​ថ្លែង​ថា​៖ «​យើង​ពិតជា​មាន​មោទនភាព​ដែល​បាន​ចាប់​ដៃគូ​ជាមួយ​ធនាគារ PPCbank ក្នុង​ការផ្ដល់​សេវា​នេះ​ដែល​នឹង​ជួយ​បន្ថែម​ភាពងាយស្រួល និង​គុណតម្លៃ​ដល់​អតិថិជន​របស់​ធនាគារ PPCbank ក៏ដូចជា​សម្រាប់​ខ្លួន​យើង​ផ្ទាល់​។ ការសហការ​ជា​ដៃគូ​នៅ​ថ្ងៃ​នេះ​គឺជា​កម្មវិធី​សហការ​មួយ​ក្នុងចំណោម​កម្មវិធី​ជាច្រើន​ទៀត​ដែល​យើង​នឹង​ដាក់ឱ្យ​ដំណើរការ​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​នេះ ស្រប​ពេល​ដែល​ទ្រូម៉ាន់នី​បន្ត​ពង្រីក​សេវាកម្ម​របស់ខ្លួន​»​។

ចំនួន​គណនី​កម្មវិធី​ទូទាត់​តាមរយៈ​ឌីជីថល​នៅ​កម្ពុជា​បាន​កើនឡើង​​ ៥,២២ ​លាន​កាលពី​ឆ្នាំ​ ២០១៩ ដែល​បង្ហាញ​កំណើន​ ៦៤ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា (NBC) ដែល​បាន​ចេញ​ផ្សាយ​កាលពី​ខែ​មិថុនា​។

របាយការណ៍​នេះ​ក៏បាន​កត់សម្គាល់​ថា ចំនួន​គណនី​ប្រាក់​បញ្ញើ​នៅក្នុង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា​បាន​កើនឡើង​ដល់​ ៧,៦២ ​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។

ទិន្នន័យ​ដែល​បាន​រៀបចំ​ឡើង​ដោយ NBC បង្ហាញ​ថា​ទំហំ​នៃ​ការផ្ទេរប្រាក់​តាមរយៈ​ធនាគារ និង​គ្រឹះស្ថាន​សេវា​បង់ប្រាក់ (PSIs) មាន​ចំនួន​ ៥៧,៩៩ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​មុន ឬ​ ២១៣ ​ភាគរយ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប (GDP)​។ ទន្ទឹម​នឹង​នេះ​ការទូទាត់​ចល័ត​តាមរយៈ​ធនាគារ និង PSIs ស្មើនឹង ២២,៩ ​ភាគរយ​នៃ GDP កាលពី​ឆ្នាំមុន​។

សេចក្តី​ប្រកាស​ព័ត៌មាន​ឱ្យដឹងថា បច្ចុប្បន្ន​នៅ​កម្ពុជា ទ្រូម៉ាន់នី មាន​ភ្នាក់ងារ​ជាង​ ១០ ០០០ កន្លែង​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។ ទ្រូម៉ាន់នី ក៏​មាន​បណ្ដាញ​ភ្នាក់ងារ​ក្នុង​តំបន់​ឈានមុខ​គេ​នៅ​អាស៊ីអាគ្នេយ៍​ចំនួន​ ៦៥ ០០០ ​កន្លែង​ព្រមទាំង​បរិមាណ​ទូទាត់​ប្រាក់​ឈានមុខ​គេ ៨ ​ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៩ ខណៈ​ដែល​បច្ចុប្បន្ន​ PPCBank មាន ២៣ ​សាខា និង​ទូ​អេធីអឹម​ ៦០ ​ដាក់​ដំណើរការ​នៅ​ជុំវិញ​ទីក្រុង​ភ្នំពេញ និង​ខេត្ត​សំខាន់ៗ​មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា​៕LA