
PPSP សង់ឃ្លាំងបន្ថែម ដោយរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការនៅខែកក្កដា ឆ្នាំ ២០២១។ រូបថត PPSP
ភ្នំពេញៈ ក្រុមហ៊ុន Phnom Penh SEZ Plc (PPSP) ដែលបោះផ្សាយមូលបត្រកម្មសិទ្ធិនៅផ្សារមូលបត្រកម្ពុជា (CSX) បានបើកការដ្ឋានកសាងឃ្លាំងស្តុកសម្ភារវត្ថុធាតុដើម ដោយបានសម្រេចកិច្ចសន្យាជួលរួចរាល់ ខណៈឃ្លាំងនេះត្រូវរំពឹងថា នឹងចាប់ផ្តើមប្រតិបត្តិការនៅខែកក្កដា ឆ្នាំ ២០២១។ នេះបើតាមមន្ដ្រីជាន់ខ្ពស់នៅតំបន់សេដ្ឋកិច្ចពិសេសមួយនេះ។
លោក Hiroshi Uematsu អគ្គនាយក PPSP បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីថ្ងៃអង្គារថា ឃ្លាំងថ្មីនេះមានទំហំ ៥ ៨៥០ ម៉ែត្រការ៉េ ដោយការសាងសង់នឹងត្រូវប្រើពេល ៧ ខែ។ លោកបន្តថា ទោះបីជំងឺកូវីដ ១៩ នៅបន្តការរីករាលដាលក៏ PPSP នៅតែរក្សាបានប្រតិបត្តិការល្អក្នុងការជួយសម្រួលដល់ក្រុមវិនិយោគិនដែលមានស្រាប់។
លោកថ្លែងថា៖ «ក្នុងបរិបទការរីករាលដាលជំងឺកូវីដ ១៩ វាពិបាកក្នុងការជួយសម្រួលដល់ក្រុមវិនិយោគិនថ្មីៗ ប៉ុន្តែយើងបានជួយយ៉ាងពេញទំហឹងសម្រាប់រោងចក្រដែលមានស្រាប់ ដើម្បីពង្រីកការផលិតរបស់ពួកគេ»។
បង្កើតឡើងក្នុងឆ្នាំ ២០០៦ PPSP បានអភិវឌ្ឍ និងពង្រីកខ្លួនជាបន្តបន្ទាប់។ PPSP នៅពេលនេះមានក្រុមហ៊ុនថ្មីៗដូចជា ក្រុមហ៊ុនសំណង់ សន្ដិសុខ ការពិគ្រោះយោបល់ផ្នែកពន្ធ និងការគាំទ្រ ការអភិវឌ្ឍ និងគ្រប់គ្រងអចលនទ្រព្យ។ល។
ក្នុងចំណោមក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើនផ្សេងទៀតរបស់ PPSP ក្រុមហ៊ុន Sahas Properties Co., Ltd បានបង្កើតឡើងកាលពីខែវិច្ឆិកា ឆ្នាំ ២០១៨ ដើម្បីទទួលបន្ទុកការអភិវឌ្ឍ និងគ្រប់គ្រងអចលនទ្រព្យនៅខាងក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។
គិតត្រឹមថ្ងៃទី ២១ ខែធ្នូ តំបន់សេដ្ឋកិច្ចនេះកំពុងជួយសម្រួលដល់ក្រុមវិនិយោគិនជាង ៣០ មកពីប្រទេសជប៉ុន ចិន និងប្រទេសផ្សេងៗទៀត។ ក្រុមហ៊ុនទាំងនោះមានដូចជា Maru-T Ohtsuka ក្រុមហ៊ុន Sumi Wiring Systems និង Taiyo Kogyo ជាដើម។
អគាររោងចក្រ និងឃ្លាំងជួលកាន់តែច្រើនត្រូវសាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុន Sahas Properties Co., Ltd ដើម្បីឆ្លើយតបនឹងតម្រូវការជាបន្តបន្ទាប់របស់ក្រុមវិនិយោគិនមកពីប្រទេសជប៉ុន និងបណ្ដាប្រទេសជាច្រើនផ្សេងទៀត។
លោក Uematsu បានឱ្យដឹងថា ចំនួនបុគ្គលិក PPSP សរុបបានកើនពី ២១ ០០០ នាក់ កាលពីខែមករាដល់ ២៦ ០០០ នាក់ ក្នុងខែវិច្ឆិកាឆ្នាំនេះ ខណៈដែលតម្លៃនាំចេញសរុបចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២០ មានចំនួន ៥៤៧ លានដុល្លារ កើនឡើង ១៣,៧ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៩ មានចំនួន ៤៨១ លានដុល្លារ។
លោកបន្ថែមថា៖ «ខ្ញុំគិតថា រោងចក្រទាំងអស់នេះកំពុងរួមចំណែកយ៉ាងច្រើនដល់សេដ្ឋកិច្ចរបស់កម្ពុជានៅក្នុងពេលវេលាដ៏ពិបាកនេះ»។
នៅត្រីមាសទី៣ នេះ PPSP បានរាយការណ៍ប្រាក់ចំណូលសរុប ១០ ២២៨ ៨៧៧ ០០០ រៀល (២,៥ លានដុល្លារ) កើន ១៩,៥៣ ភាគរយធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយប្រាក់ចំណេញសុទ្ធមាន ១ ០៨៨ ៧៦១ ០០០ រៀល កើន ១៣៤,៨៦ ភាគរយ។ នេះបើតាមរបាយការណ៍ហិរញ្ញវត្ថុដែលផ្ញើទៅ CSX៕ LA