ភ្នំពេញៈ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PPWSA) ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជាបានសម្ពោធបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែងនៅជាយក្រុងភ្នំពេញដែលវិនិយោគទឹកប្រាក់ជាង ៣៨០ លានដុល្លារ ដើម្បីឆ្លើយតបទៅនឹងតម្រូវការដែលកំពុងកើនឡើងស្របនឹងការកើនឡើងនៃការសាងសង់លំនៅឋាននៅតំបន់នោះ។ ការវិនិយោគនេះគឺជាការបង្កើតសក្តានុពលវិនិយោគថ្មីនៃកំណើនរបស់ក្រុមហ៊ុនស្វយ័តមួយនេះ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងនៅក្នុងកម្មវិធីសម្ពោធរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតចំការមន និងបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែងកាលពីថ្ងៃទី ១ ខែកុម្ភៈថាចំពោះគម្រោង សាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបាក់ខែង អនុវត្តជា ២ ជំហានក្នុងនោះជំហានទី ១ សាងសង់រោងចក្រដែលមានសមត្ថភាពផលិតទឹកស្អាត ១៩៥ ពាន់ម៉ែត្រគុបក្នុង ១ ថ្ងៃរួមទាំងការរៀបចំប្រព័ន្ធបណ្តាញចែកចាយទឹកស្អាត។ ការសាងសង់នឹងប្រើពេល ៣៦ ខែដោយគ្រោងបញ្ចប់នៅចុងឆ្នាំ ២០២២។
លោកបានថ្លែងបន្តទៀតថា ខណៈដែលថវិកាវិនិយោគសរុប ២៤៧ លានដុល្លារក្នុងនោះ ថវិកាសម្រាប់ការសាងសង់រោងចក្រផលិតទឹកស្អាតមានចំនួន ១៥៥,៥ លានដុល្លារ និងសម្រាប់ការរៀបចំប្រព័ន្ធបណ្តាញចែកចាយ និងផ្នែកផ្សេងៗទៀតមានចំនួន ៩១,៥ លានដុល្លារ។ សម្រាប់ថវិកានៃការសាងសង់នេះ គឺបានមកពី ៤ ប្រភពផ្សេងៗគ្នារួមមាន ថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ៤៧ លានដុល្លារ ថវិកាកម្ចីពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ចំនួន ៨៥ លានដុល្លារ ថវិកាកម្ចីពីធនាគារវិនិយោគអឺរ៉ុប (EIB) ចំនួន ១០០ លានដុល្លារ និងថវិកាហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុបចំនួន ១៥ លានដុល្លារ។
លោក ហ៊ុន សែន បានថ្លែងបន្តទៀតថា សម្រាប់ការសាងសង់រោងចក្រជំហានទី២ មានសមត្ថភាពផលិតទឹកស្អាត ១៩៥ ពាន់ម៉ែត្រគុបក្នុង ១ ថ្ងៃ ដែលគ្រោងអនុវត្តនៅត្រីមាសទី៣ ឆ្នាំ ២០២១ រយៈពេលអនុវត្តគម្រោង ៣០ ខែ ដោយគ្រោងបញ្ចប់នៅចុងឆ្នាំ ២០២៣។ សម្រាប់ដំណាក់កាលទី២ គ្រោងចំណាយថវិកាវិនិយោគសរុប ១៣៤,៤ លានដុល្លារក្នុងនោះថវិកាកម្ចីពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ១០១,៤ លានដុល្លាអាមេរិក និងថវិកាបដិភាគ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំនួន ៣៣ លានដុល្លារ។
លោកនាយករដ្ឋមន្ត្រីបានថ្លែងថា៖ «ដូច្នេះសរុបគម្រោងវិនិយោគផ្គត់ផ្គង់ទឹកស្អាតបាក់ខែងទាំង ២ ជំហាននឹងប្រើប្រាស់ថវិកាវិនិយោគរហូតដល់ ៣៨១,៤ លានដុល្លារ ហើយសមត្ថភាពផលិតទឹកស្អាតនឹងឡើងដល់ ៣៩០ ពាន់ម៉ែត្រគុបក្នុង ១ ថ្ងៃនៅចុងឆ្នាំ ២០២៣ ដែលនេះគឺជាសមត្ថភាពមួយខ្ពស់បន្ថែមលើសមត្ថភាពផ្គត់ផ្គង់សព្វថ្ងៃនេះ»។
លោក Jong Weon Ha អនុប្រធានផ្សារមូលបត្រកម្ពុជាមានប្រសាសន៍ថា ការវិនិយោគថ្មីនេះនឹងផ្តល់ឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនូវសក្តានុពលថ្មីមួយសម្រាប់កំណើនរបស់ខ្លួន។ លោកបានបន្តថា បច្ចុប្បន្នតម្លៃភាគហ៊ុនរបស់ PPWSA គឺនៅទាប ដូច្នេះការវិនិយោគថ្មីៗនេះនឹងជួយឱ្យក្រុមហ៊ុនចុះបញ្ជីមួយនេះអាចរកប្រាក់ចំណេញបន្ថែមទៀតនាពេលអនាគត។
លោកបានបញ្ជាក់៖ «អ្វីដែលពិសេសនោះគឺថាគម្រោងវិនិយោគភាគច្រើនត្រូវបានផ្តល់មូលនិធិដោយមានអត្រាការប្រាក់ទាបបំផុត។ ការណ៍នេះនឹងជួយសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋមួយនេះ មានការរីកចម្រើនថ្មីនៃអាជីវកម្មរបស់ខ្លួន។ ខ្ញុំប្រាកដថា តម្លៃភាគហ៊ុននឹងកើនឡើងឆាប់ៗ ឬតម្លៃនឹងឆ្លុះបញ្ចាំងពីការវិនិយោគថ្មីទាំងនេះឆាប់ៗនេះ»។
លោកបន្ថែមថា PPWSA ផ្តល់ការប្រាក់សម្រាប់ភាគលាភលើភាគហ៊ុនរបស់ខ្លួនក្នុងរង្វង់ ឬច្រើនជាង ៤ ភាគរយក្នុង ១ ឆ្នាំ ដែលការវិនិយោគនេះគឺសម្រាប់រយៈពេលវែងដោយសារការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុននេះគឺមានស្ថានភាពល្អបើធៀបនឹងភាគហ៊ុនដទៃៗទៀត៕LA