ក្រុងស៊ីដនីៈ ក្រុមហ៊ុន​អាកាសចរណ៍ Qantas របស់​អូស្ដ្រាលី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្រកាស​កាត់បន្ថយ​ជើងហោះហើរ​ទៅកាន់​អាស៊ី ដោយសារ​ការរីករាលដាល​វីរុស​កូរ៉ូណា​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​រាប់ពាន់​នាក់​នៅ​ប្រទេស​ចិន​។

ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ​បាន​ឲ្យ​ដឹងថា ខ្លួន​នឹង​កាត់បន្ថយ​ជើងហោះហើរ​ទៅ​កាន់​ទ្វីបអាស៊ី​ ១៦ ​ភាគរយ​ក្នុង​រយៈពេល​យ៉ាង​ហោចណាស់​ ៣ ​ខែ​ជាមួយ​នឹង​ជើងហោះហើរ​ទៅកាន់​ទីក្រុង​ស៊ាងហៃ​ត្រូវ​ផ្អាក និង​ជើងហោះហើរ​ទៅកាន់​ទីក្រុង​ហុងកុង និង​ប្រទេស​សិង្ហបុរី​ត្រូវបាន​កាត់បន្ថយ​។

Jetstar ជា​យីហោ​តម្លៃ​ទាប​របស់​ខ្លួន​ក៏​នឹង​កាត់បន្ថយ​ដូចនេះ​នូវ​ជើងហោះហើរ​ទៅ​អាស៊ី​ ១៤ ​ភាគរយ​រហូត​ដល់​ចុងខែ​ឧសភា ដែល​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​ហោះហើរ​ទៅ​ប្រទេស​ជប៉ុន ថៃ និង​ប្រទេស​ចិន​។

លោក Alan Joyce ប្រធាន​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Qantas បាន​ឲ្យ​ដឹងថា ការរីក​រាលដាល​នៃ​វីរុស​ថ្មី​នេះ​បាន​បណ្ដាល​ឲ្យ​ធ្លាក់ចុះ​តម្រូវការ​ជើងហោះហើរ​ទូទាំង​តំបន់​នេះ ហើយ​ត្រូវបាន​រំពឹងថា​នឹង​ប៉ះពាល់​ដល់​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន រហូត​ដល់​ចំនួន​ ១៥០ ​លាន​អូស្ដ្រាលី (១០០ ​លាន​ដុល្លារ​អាមេរិក​) នៅក្នុង​ឆ្នាំ​ហិរញ្ញវត្ថុ​ ២០២០​។

លោក Joyce បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​នេះ​នឹង​ចត​យន្តហោះ​ចោល ១៨ ​គ្រឿង ជា​ការឆ្លើយតប​នឹង​វិបត្តិ​វីរុស COVID-19 ហើយ​បុគ្គលិក​នឹងត្រូវ​លើកទឹកចិត្ត​ឲ្យ​ឈប់​សម្រាក​ប្រចាំឆ្នាំ​ក្នុង​អំឡុង​ពេលនេះ​។

លោក​ថ្លែងថា​៖ «​យើង​អាច​ពន្យារ​ដំណើរការ​នេះ​រយៈពេល​យូរ ឬ​យើង​អាច​បន្ថែម​កៅអី បើ​តម្រូវការ​នៅតែ​មាន​។ នេះ​ជា​ការវិវត្ត​ស្ថានការណ៍​ដែល​យើង​កំពុង​ត្រួតពិនិត្យ​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត​»​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ក្រុមហ៊ុន Qantas បាន​រាយការណ៍​ថា ប្រាក់ចំណេញ​របស់​ខ្លួន​មុនពេល​បង់ពន្ធ​បាន​ធ្លាក់ចុះ​បន្តិច​ដោយ​មក​នៅត្រឹម ៧៧១ ​លាន​ដុល្លារ​អូស្ត្រាលី​ជាមួយ​នឹង​ការចំណាយ​លើ​ប្រេងឥន្ធនៈ​កាន់តែ​ទាប​ដែល​ជួយ​ប៉ះប៉ូវ​ដល់​ការធ្លាក់ចុះ​នេះ​៕ LA