ភ្នំពេញ: កម្ពុជារំពឹងថា ការបញ្ចប់នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ នឹងបើកឱកាសថ្មីមួយទៀតសម្រាប់ប្រទេសកម្ពុជាក្នុងការធ្វើពិពិធកម្មការនាំចេញ និងទទួលបានលំហូរចូលការវិនិយោគកាន់តែច្រើនថែមទៀតពីតំបន់នេះ។
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រី ក្រសួងពាណិជ្ជកម្មដែលដឹកនាំក្រុមគណៈប្រតិភូរបស់កម្ពុជាចូលរួមកិច្ចប្រជុំថ្នាក់អន្ដររដ្ឋមន្ដ្រីភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់លើកទី ១១ នៅក្រសួងតាមរយៈវីដេអូខុនហ្វើរ៉ិន បានឱ្យដឹងថា តាមរយៈកិច្ចប្រជុំនេះ រដ្ឋមន្ដ្រីទាំងអស់របស់អាស៊ានបានទទួលស្គាល់ការរីកចម្រើនអំពីកិច្ចព្រមព្រៀងនេះ និងត្រូវរៀបចំឯកសារគោលសម្រាប់មេដឹកនាំរបស់សមាជិកនីមួយៗចុះហត្ថលេខានៅក្នុងកិច្ចប្រជុំកំពូល RCEP លើកទី ៤ នៅថ្ងៃទី ៤ ខែវិច្ឆិកា ខាងមុខនេះ។
លោកថ្លែងបន្តទៀតថា៖ «អង្គប្រជុំបានវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការលើការចរចាស្ដីពីពាណិជ្ជកម្ម និងក្រុមការងារផ្នែកកិច្ចការច្បាប់ដែលបានបញ្ចប់ការងាររបស់ពួកគេតាមផែនការ ទោះបីជាបញ្ហាប្រឈមដែលបានបង្កឡើងដោយសារតែការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ»។
លោកថា៖ «យើងរំពឹងថាកិច្ចព្រមព្រៀងនេះនឹងត្រូវបានចុះហត្ថលេខាត្រឹមចុងឆ្នាំនេះ ខណៈដែលវានឹងបង្កើតក្របខ័ណ្ឌភាពជាដៃគូជាមួយការធ្វើឱ្យកាន់តែទំនើប មានប្រសិទ្ធភាពកាន់តែខ្ពស់ ទូលំទូលាយ ព្រមទាំងផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ចដល់គ្នាទៅវិញទៅមក តាមរយៈការបង្កើនពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់»។
RCEP នឹងក្លាយជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ឈានមុខគេមួយនៅលើពិភពលោកដែលរួមមាន ប្រទេសជាសមាជិកចំនួន ១៦ មានប្រជាជនរួមជិត ៣,៦ ពាន់លាននាក់ (ឬ ៤៨,១ ភាគរយនៃប្រជាជនពិភពលោក) ខណៈដែលផលិតផលសរុបក្នុងស្រុក (GDP) ជាង ២៨,៥ ពាន់ពាន់លានដុល្លារ (ឬ ៣២,៧ ភាគរយ នៃផលិតផលក្នុងស្រុកសរុបលើពិភពលោក) និងមានតម្លៃពាណិជ្ជកម្មសរុបជាង ១១,២ ពាន់ពាន់លានដុល្លារ (ឬ ២៩,៥ ភាគរយនៃពាណិជ្ជកម្មពិភពលោក)។
ប្រទេសចំនួន ១៥ ដោយលើកលែងតែប្រទេសឥណ្ឌា គួរឱ្យកត់សម្គាល់នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។ សមាជិកទាំងអស់មិនទាន់អាចឆ្លើយតបនឹងការបារម្ភរបស់ប្រទេសឥណ្ឌាអំពីឱនភាពពាណិជ្ជកម្មជាមួយបណ្ដាប្រទេសជាសមាជិកនោះទេ។ នេះបើយោងតាមកាសែត Nation បានរាយការណ៍។
ទោះបីជាគ្មានប្រទេសឥណ្ឌាក៏ដោយ ក៏ RCEP នឹងគ្របដណ្ដប់លើប្រជាជនជាង ២,២ ពាន់លាននាក់ (ឬ ៣០ ភាគរយនៃប្រជាជនពិភពលោក) GDP សរុបមានជាង ២៥,៦ ពាន់ពាន់លានដុល្លារ (ឬ ២៩,៣ ភាគរយនៃ GDP ពិភពលោក) និងតម្លៃពាណិជ្ជកម្មជាង ១០,៤ ពាន់ពាន់លានដុល្លារ (ឬស្មើ ២៧,៤ ភាគរយនៃពាណិជ្ជកម្មពិភពលោក)។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងថា RCEP គឺជាទម្រង់ពាណិជ្ជកម្មរបស់អាស៊ានដែលត្រូវបានរៀបចំអស់រយៈពេលជាច្រើនឆ្នាំ ដើម្បីបើកចំហពាណិជ្ជកម្ម និងការវិនិយោគនៅក្នុងតំបន់។ លោកបន្ថែមថា កិច្ចព្រមព្រៀងនេះនឹងមានសារៈសំខាន់ខ្លាំងបំផុតសម្រាប់អាស៊ានដោយសារតែវានឹងជួយពង្រឹងវិស័យផលិតកម្ម ដើម្បីជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មនៅបណ្ដាប្រទេសនានានៅក្នុងតំបន់។
លោកបានថ្លែងបញ្ជាក់ថា៖ «នេះមានន័យថា បណ្ដាប្រទេសនានានៅក្នុងតំបន់នេះ ទទួលបានឱកាសកាន់តែច្រើនក្នុងការជំរុញការនាំចេញទៅបណ្ដាប្រទេសជាសមាជិក។ ជាមួយគ្នានេះដែរ RCEP នឹងជួយជំរុញលំហូរពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគកាន់តែច្រើនជាមួយសមាជិកទៅកាន់តំបន់នេះ»។
លោក វណ្ណៈ បានលើកឡើងថា៖ «ខ្ញុំគិតថា នៅពេលនេះប្រទេសកម្ពុជាមិនដូចពីមុននោះទេ។ នៅពេលនេះយើងមានផលិតផលកសិកម្មជាច្រើន ក្រៅពីកាត់ដេរ និងវាយនភណ្ឌ។ លើសពីនេះប្រទេសកម្ពុជាយើងទទួលបានឱកាសកាន់តែច្រើននៅក្នុងការទាក់ទាញការវិនិយោគកាន់តែច្រើនពីតំបន់នេះ សម្រាប់ការនាំចេញទៅបណ្ដាប្រទេសផ្សេងទៀត ដែលជាដៃគូរបស់អាស៊ាន»។
RCEP រួមមាន ប្រទេសចំនួន ១៦ ក្នុងនោះមានប្រទេសថៃ កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ហ្វីលីពីន វៀតណាម មីយ៉ាន់ម៉ា ឡាវ ប្រ៊ុយណេ ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ដ្រាលី និងប្រទេសនូវែលសេឡង់៕ LA