ក្រុង​វ៉ាស៊ីនតោនៈ រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​​​សិង្ហបុរី បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ពុធ​ថា លោក​​សង្ឃឹម​ថា ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ទូលំ​ទូលាយ​នៅ​ទ្វីប​​អាស៊ី ដែល​ត្រូវ​បាន​គាំទ្រ​ដោយ​​ប្រទេស​ ​ចិន តែ​មិន​រួម​បញ្ចូល​​​អាមេរិក​នោះ អាច​​សម្រេច​បាន​ត្រឹម​ចុង​ឆ្នាំ​នេះ​។​

ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន លោក Chan Chun Sing រដ្ឋមន្ដ្រី​ក្រសួង​​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហបុរី​បាន​ឲ្យ​ដឹង​ថា​ រូបភាព​នឹង​លេច​ឡើង​កាន់​តែ​ច្បាស់​ចំពោះ​​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​ (RCEP) នៅ​ខែ​ឧសភា បន្ទាប់​ពី​ការ​បោះ​ឆ្នោត​​​ក្នុង​​ប្រទេស ​៤ គឺ​ឥណ្ឌា អូស្ដ្រាលី ឥណ្ឌូនេស៊ី និង​ថៃ ដែល​ជា​សមាជិក​​កិច្ច​ព្រមព្រៀង​នេះ​។​

លោក​ Chan បាន​ប្រាប់​ក្រុម​ប្រឹក្សា​ពាណិជ្ជកម្ម​អាមេរិក-អាស៊ាន ថា៖ «​ខ្ញុំ​គិត​ថា គម្លាត​ [ពេល​វេលា​] កំពុង​រួម​តូច ហើយ​​​ខ្ញុំ​គិត​ថា យើង​មាន​ឱកាស​ស្មើភាព​មួយ​​ក្នុង​ការ​ធ្វើ​ឲ្យ​កិច្ច​ព្រមព្រៀង​នេះ​សម្រេច​បាន​​នៅ​ឆ្នាំ​នេះ​»។​

លោក​ឲ្យ​ដឹង​ថា កិច្ច​ព្រមព្រៀង RCEP ដែល​នឹង​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ឈាន​មុខ​គេ​​​របស់​ពិភព​លោក មាន​ទាំង​អត្ថប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច និង​យុទ្ធសាស្ដ្រ​ភូមិសាស្ដ្រ ខណៈ​ដែល​វា​នឹង​បង្ហាញ​សារ​​​ដ៏​រឹងមាំ​មួយ​ថា៖ «យើង​ទាំង​អស់​​គ្នា​នឹង​បន្ត​ជឿជាក់​លើ​​ប្រព័ន្ធ​ពាណិជ្ជកម្ម​បើក​ចំហ ដែល​​មាន​មូលដ្ឋាន​លើ​ច្បាប់»។​

សិង្ហបុរី​ដែល​ជា​ប្រធាន​អាស៊ាន​​​​កាល​ពី​ឆ្នាំ​មុន​បាន​ជំរុញ​​យ៉ាង​ខ្លាំង​ឲ្យ​មាន​​ការ​បញ្ចប់​កិច្ច​ព្រមព្រៀង RCEP ពោល​គឺ​ជា​កិច្ច​ព្រមព្រៀង​មួយ​ដែល​​ភ្ជាប់​ទំនាក់ទំនង​​ប្រជាជន​​របស់​​ពិភព​​​លោក​ជិត​ពាក់​កណ្ដាល​​ដែល​រួម​ទាំង​​​​​ចិន ឥណ្ឌា ជប៉ុន និង​អាស៊ី​អាគ្នេយ៍។​

ប៉ុន្តែ​ប្រទេស ចិន ​បាន​រុញ​ពេល​​​វេលា​សម្រាប់​ការ​សម្រេច​បាន​កិច្ច​ព្រមព្រៀង​ដែល​​មាន​សមាជិក​ ១៦ ប្រទេស​នេះ​ទៅ​មុខ​រហូត​មក​ដល់​ឆ្នាំ​នេះ ដោយសារ​តែ​ចំណុច​ជាប់​គាំង​លើ​លទ្ធភាព​​ចូល​ទីផ្សារ និង​ការ​ជំទាស់​ពី​​ប្រទេស ​ឥណ្ឌា ​ទៅ​នឹង​ការ​បើក​ចំហ​ព្រំដែន​របស់​ខ្លួន​ក្នុង​ការ​ទទួល​យក​​ទំនិញ​រួច​ពន្ធ​​របស់​​ចិន​មួយ​ចំនួន។​

ប្រទេស ចិន ​បាន​គាំទ្រ​កិច្ច​ព្រមព្រៀង​ RCEP ចំ​ពេល​ការ​ធ្លាក់​ចុះ​ពាណិជ្ជកម្ម​ដែល​អូស​បន្លាយ​​ពេល​​​របស់​ខ្លួន​ជាមួយ​​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់​ ត្រាំ ដែល​ជា​អ្នក​គាំពារ​និយម​ដែល​បាន​ហូត​ពន្ធ​នាំចូល​ក្នុង​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​​​ ដោយសារ​ការ​​ចោទ​ប្រកាន់​ប្រទេស ​ចិន ​​ពី​បទ​បោក​ប្រាស់​អាមេរិក។​

កិច្ច​ព្រមព្រៀង​ RCEP បាន​កើន​​​សម្ទុះ​ឡើង​វិញ បន្ទាប់​ពី​​លោក ត្រាំ នៅ​ពេល​ឡើង​កាន់​អំណាច​បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​អន្តរ​ប៉ាស៊ីហ្វិក​ (TPP) ដែល​ជា​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​បាន​គាំទ្រ​ដោយ​លោក បារ៉ាក់ អូបាម៉ា អតីត​ប្រធានាធិបតី​អាមេរិក និង​មិន​រួម​បញ្ចូល​​​​​​ប្រទេស ចិន ក្នុង​កិច្ច​ព្រមព្រៀង​​នេះ។ ​​ខុស​ពី​​កិច្ច​ព្រមព្រៀង​ RCEP កិច្ច​ព្រមព្រៀង TPP ​បាន​បង្កើត​ស្ដង់ដា​ការងារ និង​ស្ដង់ដា​បរិស្ថាន។​

លោក Chan រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​របស់​ប្រទេស ​សិង្ហបុរី ដែល​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ​ និង​​ជា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​យូរ​មក​ហើយ​នោះ បាន​អំពាវនាវ​ឲ្យ​អាមេរិក​រក្សា​តួនាទី​ជា​អ្នក​ដឹកនាំ​ដ៏​រឹងមាំ​មួយ​​លើ​ពិភព​លោក។​

លោក Chan ​មាន​ប្រសាសន៍​ថា៖ «​អ្វី​ដែល​ធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ មិនមែន​គ្រាន់​តែ​ជា​តួលេខ​​ពាណិជ្ជកម្ម​នោះ​ទេ។ អ្វី​ដែល​ធ្វើ​ឲ្យ​អាមេរិក​អស្ចារ្យ ​គឺ​នវានុវត្តន៍​ដែល​​មាន​វត្តមាន​​ក្នុង​សេដ្ឋកិច្ច​នេះ ដែល​បាន​ជំរុញ​ដោយ​​លំហូរ​ចូល​ដោយ​​សេរី​នៃ​មនុស្ស​​មាន​ទេពកោសល្យ និង​គំនិត»៕ AFP/LA​