ភ្នំពេញៈ ធនាគារអភិវឌ្ឍន៍ជនបទគ្រប់គ្រងដោយរដ្ឋបានព្យាករថា តម្រូវការកម្ចីស្រូវសម្រាប់រដូវខាងមុខនេះនឹងកើនឡើងបន្ថែមទៀតធៀបនឹងឆ្នាំមុន។ នេះបើយោងតាមលោក កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (RDB) បានឲ្យដឹងកាលពីម្សិលមិញ។
លោកថ្លែងថាខណៈឃ្លាំងស្ដុក និងឡសម្ងួតស្រូវកាន់តែច្រើនដាក់ឲ្យដំណើរការនៅឆ្នាំនេះចំនួនតម្រូវការកម្ចីនឹងច្រើនជាងឆ្នាំមុន។
RDB បានផ្ដល់កម្ចី ៣៥ លានដុល្លារដល់រោងម៉ាស៊ីនកិនស្រូវ និងក្រុមហ៊ុននាំចេញអង្ករប្រហែល ៤០ កាលពីឆ្នាំមុនដែលមានជាង ៥០ ភាគរយនៃកម្ចីសរុប ៥០ លានដុល្លារ។
កាលពីខែកញ្ញាឆ្នាំ ២០១៦ រដ្ឋាភិបាលបានផ្តល់កញ្ចប់ថវិកា ២៧ លានដុល្លារ ដល់ RDB ដើម្បីឲ្យធនាគារមួយនេះអាចផ្ដល់កម្ចីដល់រោងម៉ាស៊ីនកិនស្រូវ ដែលនឹងអាចឲ្យពួកគេទិញស្រូវពីកសិករ។
កាលពីខែសីហាឆ្នាំ ២០១៧ រដ្ឋាភិបាលបានចាក់បញ្ចូលសាច់ប្រាក់បន្ថែម ២៣ លានដុល្លារដែលធ្វើមានចំនួនសរុប ៥០ លានដុល្លារសម្រាប់ការជំរុញឧស្សាហកម្មស្រូវអង្ករ ហើយជាផ្នែកមួយនៃគំនិតផ្ដួចផ្ដើមមានបំណងគាំទ្រដល់ឧស្សាហកម្មស្រូវអង្ករដែលជួបការពិបាក។
លោក កៅ ថាច បានថ្លែងថាកម្ចីថ្មីនេះនឹងត្រូវផ្ដល់សម្រាប់ឧស្សាហកម្មស្រូវអង្ករនៅចុងខែកក្កដានេះ ហើយរំពឹងថាវានឹងមានតម្រូវការខ្ពស់ ដោយសារឃ្លាំងស្ដុក និងឡសម្ងួតស្រូវជាច្រើនបានដាក់ឲ្យប្រតិបត្តិការ។
លោកបានថ្លែងថា៖ «តម្រូវការមូលធននៅក្នុងរដូវខាងមុខនឹងកើនឡើងច្រើន ដោយសារឃ្លាំងស្ដុកស្រូវរួចរាល់សម្រាប់ការស្ដុក និងការកិនស្រូវមានគុណភាពខ្ពស់»។
លោកបន្តថា សមត្ថភាពសរុបនៃឃ្លាំងស្ដុកស្រូវនៅរដូវខាងមុខនេះនឹងមានប្រហែល ៤៥០ ០០០ តោន បន្ទាប់ពីឃ្លាំងស្ដុក ៤ ថ្មីទើបនឹងដំណើរការកាលពីដើមខែនេះ។ លោកថ្លែងថា៖ «ទោះបីជាកម្ចីអាចនឹងខ្វះខាតក៏ដោយ ក៏យើងនឹងស្នើសុំរដ្ឋាភិបាលក្នុងការបន្ថែមប្រាក់ វានឹងមិនមែនជាបញ្ហាសម្រាប់ឧស្សាហកម្មនេះទេ»។
លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន AMRU Rice ថ្លែងថា ខណៈវិស័យកសិកម្មមានការកើនឡើង ឧស្សាហកម្មស្រូវអង្ករត្រូវការផ្គត់ផ្គង់ប្រហែល ៣៥០ ០០០ តោនដល់ទីផ្សារអន្តរជាតិសម្រាប់រដូវខាងមុខ។
លោកបន្តថា ឧស្សាហកម្មនេះត្រូវការមូលធនប្រហែល ៥០ លានដុល្លារសម្រាប់ការប្រមូលស្រូវនៅឆ្នាំនេះ។
លោកថ្លែងថា៖ «នៅពេលនេះយើងមានការបារម្ភបន្តិចបន្តួចអំពីការស្ដុក និងការកិនស្រូវ ដូច្នេះយ៉ាងហោចណាស់ ៥០ លានដុល្លារ ត្រូវការមានក្នុងដៃសម្រាប់ប្រតិបត្តិការក្នុងឧស្សាហកម្មស្រូវអង្ករ ដើម្បីផ្គត់ផ្គង់ទីផ្សារអន្តរជាតិ»។
លោកបន្តថា៖ «ដូច្នេះតម្រូវការកម្ចីសម្រាប់រដូវក្រោយគឺត្រូវការខ្លាំងសម្រាប់ការប្រមូលផល»៕LA