ភ្នំពេញៈ មន្ដ្រីក្រសួងរ៉ែ និងថាមពលបានប្រាប់ភ្នំពេញ-ប៉ុស្ដិ៍កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុន Renaisance Minerals (Cambodia) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសអូស្ដ្រាលីក្លាយជាក្រុមហ៊ុនរុករករ៉ែទ្រង់ទ្រាយធំលើកដំបូងប្រតិបត្តិការនៅកម្ពុជា ខណៈក្រុមហ៊ុននេះនឹងចាប់ផ្ដើមទាញយករ៉ែមាសនៅក្នុងខេត្តមណ្ឌលគិរីរបស់ប្រទេសកម្ពុជាចាប់ពីឆ្នាំ ២០២១។
លោក យស មុនីរ័ត្ន អគ្គនាយកធនធានរ៉ែនៃក្រសួងរ៉ែ និងថាមពលបានឲ្យដឹងថា បន្ទាប់ពីរយៈពេលជាង ១ ទសវត្សរ៍នៃការរុករកលើទីតាំងនេះ និងអណ្ដូងរ៉ែជាច្រើនត្រូវបានខួង នៅពេលនេះក្រុមហ៊ុនបានបញ្ជាក់ថានឹងចាប់ផ្ដើមប្រតិបត្តិការនៅឆ្នាំក្រោយ។ លោកថ្លែងថា៖ «វាវិជ្ជមានបំផុតសម្រាប់វិស័យរុករករ៉ែរបស់យើង ខណៈក្រុមហ៊ុន Renaisance ធ្វើឲ្យឧស្សាហកម្មនេះក្លាយជាការរុករករ៉ែទ្រង់ទ្រាយធំសម្រាប់ប្រទេសរបស់យើង»។
លោក យស មុនីរ័ត្ន ឲ្យដឹងថា សម្រាប់គម្រោងនេះក្រុមហ៊ុនអាចផលិតមាសដុំដែលនឹងធ្វើការនាំចេញទៅកែច្នៃទៅជាមាសសុទ្ធរហូតដល់ ៩៩,៩៩ សម្រាប់ការលក់នៅលើទីផ្សារ។ លោកបន្តថា៖ «មាសដែលក្រុមហ៊ុនទាញយកអាចត្រូវកែច្នៃនៅទីនេះមានតែមាសដុំ ប៉ុណ្ណោះ និងបន្ទាប់មកពួកគេនឹងធ្វើការនាំចេញ ដោយសារតែយើងមិនមានលទ្ធភាពក្នុងការកែច្នៃជាមាសសុទ្ធ ៩៩,៩៩ នោះទេ»។
របាយការណ៍ប្រចាំឆ្នាំបានពីក្រសួងរ៉ែ និងថាមពលកាលពីថ្ងៃទី ១១ ខែកុម្ភៈ ពេលនេះក្រុមហ៊ុន Renaissance កំពុងសាងសង់រោងចក្រកែច្នៃដែលនឹងអាចផលិតប្រហែល ២,៨ លានតោនក្នុង ១ ឆ្នាំហើយរំពឹងថា ចាប់ផ្ដើមការទាញយកចាប់ពីឆ្នាំ ២០២១។
Outotec ជាក្រុមហ៊ុនបច្ចេកវិទ្យាកែច្នៃប្រទេសហ្វាំងឡង់ត្រូវបានផ្ដល់កិច្ចព្រមព្រៀងពី Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Emerald Resources NL សម្រាប់ការផ្ដល់ឧបករណ៍កែច្នៃដល់គម្រោងរ៉ែមាសអូរខ្វាវ។
រ៉ែមាស ២ លានតោនក្នុងមួយប្រតិបត្តិការក្នុង ១ ឆ្នាំនឹងជាគម្រោងការរុករករ៉ែទ្រង់ទ្រាយធំលើកដំបូងនៅក្នុងប្រទេសនេះ។ ការដំណើរការគម្រោងនេះត្រូវរំពឹងថា នៅត្រីមាសទី ២ ឆ្នាំ ២០២១។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនដែលចេញផ្សាយកាលពីថ្ងៃទី ១២ ខែកុម្ភៈ។
លោកបន្តថា៖ «យើងរីករាយក្នុងការធ្វើជាផ្នែកមួយនៃគម្រោងកែច្នៃមាសដ៏សំខាន់លើកដំបូងរបស់កម្ពុជាជាមួយនឹងក្រុមអភិវឌ្ឍន៍គម្រោងរ៉ែមាសដែលមានសមត្ថភាពខ្ពស់បំផុតរបស់ក្រុមហ៊ុន Emerald។ បច្ចេកវិទ្យាឈានមុខគេរបស់ក្រុមហ៊ុន Outotec ដូចជាការកិនល្អបំផុតប្រកបដោយប្រសិទ្ធភាពថាមពល ការបង្ហាញបច្ចេកវិទ្យាអាជីវកម្មសម្រាប់រ៉ែស្ពាន់ធ័រកម្រិតទាប និងបច្ចេកវិទ្យាដែលធ្វើឲ្យក្រាស់ល្អបំផុតអាចឲ្យអតិថិជនរបស់យើងរកប្រាក់ចំណេញអាជីវកម្មប្រកបដោយស្ថិរភាព។
លោក Paul Sohlberg ប្រធានអាជីវកម្មកែច្នៃរ៉ែរបស់ក្រុមហ៊ុន Outotec បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា ការបញ្ជាទិញនេះនឹងពង្រឹងតួនាទីរបស់ក្រុមហ៊ុន Outotec ជាក្រុមហ៊ុនផ្គត់ផ្គង់មួយនៃបច្ចេកទេសកែច្នៃរ៉ែទំនើបនៅតំបន់អាស៊ីអាគ្នេយ៍»។
កាលពីខែវិច្ឆិកាលោក Morgan Hart នាយកគ្រប់គ្រងនៅក្រុមហ៊ុន Emerald Resources បានឲ្យដឹងថា Renaissance Minerals (Cambodia) Ltd ជាក្រុមបុត្រសម្ព័ន្ធរបស់ខ្លួនកំពុងស្ថិតក្នុងដំណើរការនៃការអភិវឌ្ឍរ៉ែមាសនៅតំបន់អូខ្វាវនៅក្នុងខេត្តមណ្ឌលគិរី។
លោកបន្តថា៖ «យើងរីករាយក្នុងការសហការជាមួយភាគីទាំងអស់ ខណៈដែលយើងកំពុងស្ថិតនៅក្នុងដំណើរការនៃការអភិវឌ្ឍគម្រោងនេះដែលត្រូវបានបង្កើតឡើងដើម្បីក្លាយជាគម្រោងរុករករ៉ែមាសឈានមុខគេ និងទំនើបបំផុតមួយនៅក្នុងប្រទេស កម្ពុជា។ យើងនឹងបង្កើតស្ដង់ដាសម្រាប់ការអភិវឌ្ឍរ៉ែប្រកបដោយការទទួលខុសត្រូវនៅកម្ពុជាដែលគ្រប់គ្នាមានមោទនភាព»។
លោក យស មុនីរ័ត្ន បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានផ្ដល់ឲ្យក្រុមហ៊ុននេះនូវអាជ្ញាប័ណ្ណរុករករ៉ែកាលពីខែកក្កដាឆ្នាំមុនដោយគ្របដណ្ដប់លើផ្ទៃដីទំហំ ១១,៥ គីឡូម៉ែត្រការ៉េនៅក្នុងគម្រោងរ៉ែមាសអូរខ្វាវនៅស្រុកមណ្ឌលសីមា ខេត្តមណ្ឌលគិរី។
អាជ្ញាប័ណ្ណនេះនឹងមានរយៈពេល ១៥ ឆ្នាំ និងអាចត្រូវបានបន្តជាថ្មីរយៈពេល ១០ ឆ្នាំបន្ថែមទៀតក្នុងរយៈពេល ២ ដង។ បច្ចុប្បន្នក្រសួងបានផ្ដល់អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនប្រហែល ៣៧ កំពុងរុករកនៅក្នុងខេត្តសំខាន់ៗ ៤ រួមមានខេត្តមណ្ឌលគិរី រតនគិរី ក្រចេះ និងស្ទឹងត្រែង៕LA