ក្រុងប៉ារីសៈ ​សេចក្ដី​រាយការណ៍​​ឲ្យ​​ដឹង​ថា Renault ជា​ក្រុមហ៊ុន​​ផលិត​រថយន្ត​របស់​​ ប្រទេស​ ​បារាំង កំពុង​ស្ថិត​ក្នុង​ការ​ចរចា​​ជាមួយ​​ក្រុមហ៊ុន Fiat Chrysler Automobiles ​ជាមួយ​​នឹង​ការ​ផ្ដល់​តម្លៃ​រយៈពេល​វែង​​ដល់​សម្ព័ន្ធភាព​ឈាន​មុខ​គេ​​លើ​ពិភព​លោក​ ដែល​រួមមាន​ក្រុមហ៊ុន ​Nissan និង​ក្រុមហ៊ុន ​Mitsubishi ​របស់​ប្រទេស ​ជប៉ុន​​។​

កាសែត​ Financial Times ​បាន​​បង្ហាញ​កាល​ពី​យប់​ថ្ងៃ​សៅរ៍​ថា ​ការ​ពិភាក្សា​នេះ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល «​រីក​ចម្រើន​» មួយ​ហើយ ​និង​អាច​ឈាន​ទៅ​រក ​«​កិច្ច​សហ​ប្រតិបត្តិការ​ដ៏​ទូលំទូលាយ​»។​

កាសែត​ Wall​ Street ​Journal បាន​ឲ្យ​ដឹង​ថា ​ការ​ចរចា​នេះ «កំពុង​គ្រប​ដណ្ដប់​លើ​ប្រធានបទ​ជា​ច្រើន» ​និង​អាច​​ដាក់​បញ្ចូល​ក្រុមហ៊ុន​ Renault​ និង​ក្រុមហ៊ុន Fiat Chrysler «​ដែល​​ភ្ជាប់​ផ្នែក​ធំៗ​នៃ​អាជីវកម្ម​របស់​ពួក​គេ​»។​ ប៉ុន្តែ​កាសែត​ New York Times បាន​ឲ្យ​ដឹង​ថា ​ការ​ពិភាក្សា​​នេះ ​ស្ថិត​ក្នុង​ដំណាក់​កាល​​​ដំបូង ​ចំណុច​ជាក់លាក់​មិន​ច្បាស់​លាស់​ និង​ «អាច​នៅ​តែ​បរាជ័យ​»។​

ពេល​ទាក់ទង​ដោយ​ទីភ្នាក់ងារ​​ព័ត៌មាន ​AFP ​ទាំង​ក្រុមហ៊ុន Renault និង​ក្រុមហ៊ុន​​ Fiat មិន​ធ្វើ​អត្ថាធិប្បាយ​នោះ​ទេ​។​

កាសែត​ Financial Times ​បាន​ស្រង់​ប្រភព​ជា​ច្រើន​ដែល​ជូន​​ដំណឹង​ស្ដីពី​ការ​ចរចា​នេះ​ថា​៖ «​កិច្ច​ព្រមព្រៀង​នេះ​ទី​បំផុត​អាច​​នាំ​ក្រុមហ៊ុន​​ផលិត​រថយន្ត​ (Fiat Chrysler) ឲ្យ​ចូល​រួម​សម្ព័ន្ធភាព​​ក្រុមហ៊ុន Renault ក្រុមហ៊ុន Nissan ​​ក្រុមហ៊ុន Mitsubishi ​នៅ​ពេល​អនាគត​» ​​បើ​​ក្រុមហ៊ុន Nissan ​អាច​ទទួល​ជោគជ័យ​​។​

សម្ព័ន្ធភាព​​មួយ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត​បែប​នោះ ​នឹង​ក្លាយ​ជា​កិច្ច​ព្រមព្រៀង​​ធំ​ជាង​គេ​របស់​ពិភព​លោក ជា​សិទ្ធិ​​មួយ​ដែល​​បច្ចុប្បន្ន​​ក្រុមហ៊ុន Renault ​ក្រុមហ៊ុន Nissan ​ក្រុមហ៊ុន​​ Mitsubishi ដណ្ដើម​គ្នា​ជាមួយ​ក្រុមហ៊ុន ​Volkswagen ​របស់​ប្រទេស ​អាល្លឺម៉ង់​។​

ក្រុមហ៊ុន​ Renault គ្រប់គ្រង ​៤៣ ​ភាគរយ ​នៃ​ក្រុមហ៊ុន​ Nissan ​ដែល​ជា​ថ្នូរ​នឹង​ការ​គ្រប់គ្រង ​១៥ ​ភាគរយ ​នៃ​​ក្រុមហ៊ុន​ដៃគូ​របស់​ Renault​។

អតុល្យភាព​នេះ​បាន​បណ្ដាល​​ឲ្យ​មាន​ជម្លោះ​​​ក្នុង​ទំនាក់​ទំនង​មួយ ​ដោយ​មាន​ការ​ចាប់​ខ្លួន​​លោក ​Carlos Ghosn អតីត​ប្រធាន​​ក្រុមហ៊ុន​ Renault និង​ក្រុមហ៊ុន Nissan ​នៅ​ទីក្រុង​តូក្យូ​​​។​​

លោក​ត្រូវ​បាន​ដោះ​លែង​​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​លើក​ទី​២ ​កាល​ពី​ថ្ងៃ​ទី ​២៥ ​ខែ ​មេសា ​ហើយ​នៅ​ពេល​នេះ​​កំពុង​រៀបចំ​សម្រាប់​ការ​កាត់ក្ដី​លើ​ការ​ចោទ​ប្រកាន់ ​៤ ​ពី​បទ​កំហុស​​ផ្នែក​ហិរញ្ញវត្ថុ ​ដែល​ចាប់​ពី​​ការ​លាក់​បាំង​ប្រាក់​ខែ​របស់​​គាត់ ​ដល់​ការ​ប្រើប្រាស់​​មូលនិធិ​​ក្រុមហ៊ុន ​Nissan​ សម្រាប់​ការ​ចំណាយ​ផ្ទាល់​ខ្លួន​។​

សេចក្ដី​រាយការណ៍​នេះ​មិន​បាន​ពន្យល់​ពី​កម្រិត​នៃ​ការ​ចូលរួម​ណា​មួយ​ដោយ​ក្រុមហ៊ុន Nissan នៅ​ក្នុង​ការ​ពិភាក្សា​បច្ចុប្បន្ន​នេះ​ទេ ​ទោះ​បី​ជា​​ប្រភព​មួយ​របស់​កាសែត​ FT បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​អវត្តមាន​ក៏​ដោយ​។​

កាល​ពី​ដើម​​ឆ្នាំ​នេះ ​ពាក្យ​ចចាម​​អារ៉ាម ​ដែល​បាន​ផ្សព្វផ្សាយ​​ថា​ ​ក្រុមហ៊ុន Renault​ មាន​ចំណាប់​អារម្មណ៍​​លើ​​ក្រុមហ៊ុន ​Fiat​-Chrysler​ បន្ទាប់​ពី​ក្ដី​សង្ឃឹម​របស់​ខ្លួន​សម្រាប់​ការ​ច្របាច់​បញ្ចូល​គ្នា​មួយ​ជាមួយ​ក្រុមហ៊ុន​ Nissan ​ឬ​ថែម​ទាំង​ជាមួយ ​PSA ​ជា​​ដៃគូ​ប្រកួត​ប្រជែង ​ដែល​កំពុង​ចុះ​ខ្សោយ​ទៅៗ​ផង​ដែរ៕​ AFP/LA​