ក្រុងប៉ារីសៈ មន្ដ្រីជាន់ខ្ពស់រដ្ឋាភិបាលបារាំង កាលពីចុងសប្តាហ៍មុនបានច្រានចោលការស្ដីបន្ទោសណាមួយជុំវិញការបរាជ័យក្នុងការបង្កើតសម្ព័ន្ធភាពរបស់ក្រុមហ៊ុន Renault និងក្រុមហ៊ុន Fiat Chrysler ជាក្រុមហ៊ុនផលិតរថយន្តរបស់សហរដ្ឋអាមេរិក និងអ៊ីតាលី។
ការថ្លែងនេះធ្វើឡើង ១ ថ្ងៃ បន្ទាប់ពីប្រធានរបស់ក្រុមហ៊ុន Renault បានឲ្យដឹងថា រដ្ឋាភិបាលបានរារាំងការបោះឆ្នោតលើកិច្ចព្រមព្រៀងបង្កើតសម្ព័ន្ធភាពរវាងក្រុមហ៊ុនទាំង ២ នេះ។
លោក Bruno Le Maire រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុប្រទេស បារាំង ប្រាប់វិទ្យុ France Info មុនពេលកិច្ចប្រជុំមួយជាមួយលោក Jean-Dominique Senard ប្រធានក្រុមហ៊ុន Renault ថា៖ «យើងមិនបានរារាំងការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន Renault និងក្រុមហ៊ុន Fiat នោះទេ»។
លោក Senard បានប្រាប់ក្រុមភាគទុនិកនៅកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ក្រុមហ៊ុន Renault នៅសប្តាហ៍មុនថា ក្រុមប្រឹក្សាភិបាលដែលតំណាងឲ្យរដ្ឋបារាំង ដែលគ្រប់គ្រងភាគហ៊ុន ១៥ ភាគរយ របស់ក្រុមហ៊ុន Renault បានទាមទារពេលវេលាបន្ថែមទៀត ដើម្បីសិក្សាពីទំនាក់ទំនងរវាងក្រុមហ៊ុន Renault និងក្រុមហ៊ុន Fiat Chrysler។
ជាពិសេស រដ្ឋាភិបាលចង់ឲ្យមានការបញ្ជាក់ពីតួនាទីនៅពេលអនាគតរបស់ក្រុមហ៊ុន Nissan និងក្រុមហ៊ុន Mitsubishi ដែលជាដៃគូមកពីជប៉ុនរបស់ក្រុមហ៊ុន Renault។ ក្រុមហ៊ុនជប៉ុនទាំង ២ នេះត្រូវបានជូនដំណឹងនៅនាទីចុងក្រោយអំពីការច្របាច់បញ្ចូលគ្នាដ៏ធំនេះ។
ប៉ុន្តែលោក Le Maire បានឲ្យដឹងថា រដ្ឋាភិបាលបារាំង ដែលគ្រប់គ្រង ១៥ ភាគរយ នៃភាគហ៊ុនរបស់ក្រុមហ៊ុន Renault «មិនបានប្រើសិទ្ធិវ៉េតូលើគម្រោងនេះទេ»។
លោកថ្លែងថា៖ «យើងគ្រាន់តែស្នើសុំពេល ៥ ថ្ងៃ បន្ថែមទៀត ដើម្បីសិក្សាពីប្រតិបត្តិការនេះ បន្ទាប់ពីមើលឃើញថា ក្រុមហ៊ុន Nissan នឹងមិនផ្ដល់ការគាំទ្ររបស់ខ្លួន»។
លោក Le Maire បានការពារសំណើរបស់លោកក្នុងការស្នើសុំពេលវេលាបន្ថែមនេះថាជារឿង «សមហេតុផល» ដោយលើកឡើងពីវិសាលភាពនៃការច្របាច់បញ្ចូលគ្នា «ដែលទាមទារថា ដៃគូជប៉ុនត្រូវចូលរួមជាមួយផែនការនេះ និងនៅពេលទីបញ្ចប់ផ្តល់ការគាំទ្រដល់ផែនការនេះច្របាច់បញ្ចូលគ្នានេះ»។
លោកថ្លែងថា៖ «យុទ្ធសាស្ដ្ររបស់យើង តែងតែជាការពង្រឹងសម្ព័ន្ធភាពរបស់ក្រុមហ៊ុន Renault និងក្រុមហ៊ុន Nissan។ វាស្ថិតនៅកណ្ដាលនៃលទ្ធភាពទទួលបានប្រាក់ចំណេញរបស់ក្រុមហ៊ុន Renault និងក្រុមហ៊ុន Nissan។ យើងមិនផ្លាស់ប្តូរយុទ្ធសាស្ដ្ររបស់យើងរៀងរាល់ ៥ នាទីម្ដងនោះទេ»៕ AFP/LA