ក្រុង​សានហ្រ្វានស៊ីស្កូៈ ក្រុមហ៊ុន Samsung បាន​ប្រកាស​នៅ​ចុង​សប្តាហ៍​មុន​​ថា ក្រុមហ៊ុន​នឹង​​​បើក​ហាង​លក់​រាយ ៣ ​កន្លែង​នៅ​សហរដ្ឋ​អាមេរិក​​ ដើម្បី​​ផ្សព្វផ្សាយ​​ទូរស័ព្ទ​ត្រកូល Galaxy ​របស់​ខ្លួន​ ខណៈ​ដែល​​ក្រុមហ៊ុន​ឈាន​មុខ​​គេ​របស់​​កូរ៉េខាង​ត្បូង​ ​១ ​នេះ គ្រោង​ដាក់​បង្ហាញ​​​ទូរស័ព្ទ​ទំនើប​ថ្មី​។​

វិធានការ​នេះ​បង្កើន​កិច្ច​​ប្រឹងប្រែង​របស់​​ក្រុមហ៊ុន​ Samsung ដើម្បី​ប្រកួត​ប្រជែង​ឥទ្ធិពល​​ជា​មួយ​​​​ក្រុមហ៊ុន​ Apple ដែល​​​មាន​ហាង​លក់​រាយ​​រាប់​រយ​កន្លែង​​នៅ​អាមេរិក និង​នៅ​ជុំវិញ​ពិភព​លោក​។​

ក្រុមហ៊ុន​ Samsung បាន​ឲ្យ​ដឹង​​ក្នុង​​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា ក្រុមហ៊ុន​ ​បាន​ចាត់​វិធាន​ការ​នេះ​ឡើង បន្ទាប់​​ពី​ទទួល​បាន​ការ​ផ្ដល់​យោបល់​ពី​អតិថិជន​ជា​ច្រើន​។​

ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​​​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​អតិថិជន​ទាំង​​នោះ​បាន​ប្រាប់​ពួក​យើង​ថា ពួក​គេ​ចង់​ឲ្យ​មាន​ហាង​​ និង​ទទួល​បាន​បទ​ពិសោធ​បច្ចេកវិទ្យា​ចុង​ក្រោយ​​បំផុត​​​ពី​​ក្រុមហ៊ុន Samsung»។

ក្រុមហ៊ុន​បាន​បន្ថែម​ថា​៖ «ជា​ពិសេស​​ ក្រុម​អ្នក​គាំទ្រ​ទូរស័ព្ទ​ត្រកូល Galaxy ​បាន​លើក​ឡើង​​ថា ពួក​គេ​ចង់​ឲ្យ​មាន​ទីតាំង​​​មួយ​ ដែល​​ពួក​គេ​អាច​ទទួល​បាន​​ផលិតផល​របស់​ក្រុមហ៊ុន Samsung មុន​គេ»។

ហាង​លក់​ថ្មី​ៗ​ទាំង​នេះ​នឹង​ស្ថិត​នៅ​​​​ផ្សារ​ទំនើប Brand ​ក្នុង​តំបន់ Americana នា​ទីក្រុង​​ Los Angeles នៅ​ផ្សារ​ទំនើប​ Roosevelt Field ​​ក្នុង​សណ្ឋាគារ​​ Garden City នា​ទីក្រុង​​ញូវយ៉ក និង​ផ្សារ​ទំនើប The Galleria នា​ទីក្រុង Houston រដ្ឋ​តិចសាស់។​

ក្រុមហ៊ុន​ Samsung កំពុង​រៀបចំ​ព្រឹត្តិការណ៍​ដាក់​បង្ហាញ​​​ផលិតផល​ថ្មី​នៅ​ថ្ងៃ​ពុធ​នៅ​ទីក្រុង​​សានហ្រ្វានស៊ីស្កូ ចំ​ពេលដែល​​មាន​ពាក្យច​ចាម​អារ៉ាម​ថា ​​ក្រុមហ៊ុន​នេះ​អាច​ដាក់​លក់​ទូរស័ព្ទ​​ដែល​អាច​បត់​បាន​ ដែល​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ Samsung ​ក្លាយ​ជា​​ក្រុមហ៊ុន​​ដំបូង​គេ​ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ធំ​ៗ​នៅ​ក្នុង​ផ្នែក​អាជីវកម្ម​នេះ​ដែល​​ដាក់​បង្ហាញ​ទូរស័ព្ទ​ប្រភេទ​នេះ។​

ក្រុមហ៊ុន​ Samsung កន្លង​មក​​បាន​​បើក​ហាង​លក់​រយៈ​ពេល​ខ្លី​ជា​ច្រើន​​នៅ​អាមេរិក​និង​​មាន​មជ្ឈមណ្ឌល​​​តាំង​បង្ហាញ​បច្ចេកវិទ្យា​របស់​ខ្លួន​នៅ​ ទីក្រុង​ New York City​ ផង​ដែរ។

លោក​ YH Eom ប្រធាន​​ក្រុមហ៊ុន​ Samsung Electronics America បាន​ថ្លែង​ថា​៖ «​ហាង​ Samsung Experience Stores ថ្មី​របស់​យើង គឺ​ជា​កន្លែង​ទទួល​បាន​បទ​ពិសោធ និង​មើល​ឃើញ​​​បច្ចេកវិទ្យា​របស់​​ក្រុមហ៊ុន​ Samsung ក្នុង​ជីវិត​ពិត ដើម្បី​ផ្ដល់​អំណាច​​ដល់​អតិថិជន​ ក្នុង​ការ​ធ្វើ​អ្វី​ដែល​ពួក​គេ​​មិន​ដែល​គិត​ថា ​អាច​ធ្វើ​ទៅ​បាន​កាល​ពី​ពេល​​មុន​​»។​

លោក​​បន្ត​ថា​៖ «​យើង​ចង់​បង្កើត​​កន្លែង​កម្សាន្ត​​មួយ​សម្រាប់​អតិថិជន​របស់​​ក្រុមហ៊ុន​ Samsung ជា​​កន្លែង​មួយ​ដើម្បី​រៀន​សូត្រ​ និង​សាក​ល្បង​​ផលិតផល​ថ្មីៗ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដែល​យើង​ត្រូវ​តែ​ផ្ដល់​ជូន»។​

ក្រុមហ៊ុន​ស្រាវជ្រាវ​ IDC បាន​​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Samsung នៅ​តែ​ជា​​ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ពិភព​លោក​លំដាប់​​លេខ ១​ ដោយ​មាន​ចំណែក​ទីផ្សារ ២០,៨ ភាគរយ​កាល​ពី​ឆ្នាំ ​២០១៨ ទោះ​បី​ជា​ការ​លក់​​ធ្លាក់ចុះ ​៨ ភាគរយ​នៅ​ឆ្នាំ​មុន​​ក្តី។

ក្រុមហ៊ុន​ IDC ​បាន​ឲ្យ​ដឹង​​កាល​ពី​ឆ្នាំ​មុន​ថា ឆ្នាំ​មុន​បាន​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ការ​លក់​ជា​រួម​ដ៏​អាក្រក់​​បំផុត​​​សម្រាប់​វិស័យ​ទូរស័ព្ទ​ស្មាតហ្វូន​៕ AFP/LA