ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ឲ្យ​ដឹង​ថា សានតាណា ​(Santana) ដែល​ជា​ក្រុមហ៊ុន​ដាំ​ដុះ​ និង​កែច្នៃ​គ្រាប់​ស្វាយ​ចន្ទី​នឹង​ធ្វើ​ការ​​​ពង្រីក​ផ្ទៃ​ដី​ដាំ​ដុះ​បន្ថែម​ទៀត ​ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ​។

ការ​ថ្លែង​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ចុះ​​ទៅ​ពិនិត្យ​មើល​សកម្មភាព​ផលិត​កែច្នៃ​គ្រាប់​ស្វាយ​ចន្ទី​របស់​ក្រុមហ៊ុន​នេះ កាល​ពី​ថ្ងៃ​សៅរ៍​ដែល​មាន​ទីតាំង​ក្នុង​ភូមិ​ជីអោក ​ឃុំ​រម្យណី​ ស្រុក​រវាង​ ខេត្ត​ព្រះ​វិហារ។ នេះបើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​របស់​ក្រសួង​កសិកម្ម​។​

លោក​ វេង សាខុន ​បាន​លើក​​ឡើង​​ថា បើ​តាម​ លោក អ៊ុន គឹមសាន នាយក​ក្រុមហ៊ុន Santana ក្រុមហ៊ុន​​បាន​ធ្វើ​ការ​អភិវឌ្ឍ​លើ​ដំណាំ​ស្វាយ​ចន្ទី​លើ​ផ្ទៃ​ដី​ ៨៥០ ​ហិកតា ដោយ​​​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ប្រមូល​ផល​លើ​ផ្ទៃ​ដី​ ២៥០ ​ហិកតា ដែល​ក្នុង​ ១ ​​ហិកតា ​​ទទួល​បាន​ទិន្នផល​ចន្លោះ​ពី ៤-៥ តោន​។​

លោក​បន្ថែម​ថា កាល​ពី​ឆ្នាំ ​២០១៧ ក្រុមហ៊ុន​នេះ​បាន​សង់​​រោងចក្រ​​​កែច្នៃ​គ្រាប់​ស្វាយ​ចន្ទី ដោយ​អាច​​​មាន​សមត្ថភាព​កែច្នៃ​គ្រាប់​ស្វាយចន្ទី​បាន​ ១០ ​​តោន​ ក្នុង ១ ​ថ្ងៃ។

លោក​​ថ្លែង​ថា៖ ​«សព្វ​ថ្ងៃ​ក្រុមហ៊ុន​នេះ​បាន​ធ្វើ​ការ​នាំ​ចេញ​ស្វាយ​ចន្ទី​ទៅ​កាន់​ទីផ្សារ​ចិន ​ដែល​ជា​ទី​ផ្សារ​ធំ​ជាង​គេ បន្ទាប់​​មក​​អឺរ៉ុប និង​កូរ៉េ​ខាង​ត្បូង»​។

លោក​បន្ថែម​ថា ក្រុមហ៊ុន​គ្រោង​​នឹង​ធ្វើ​ការ​ពង្រីក​ផ្ទៃ​ដី​ដាំ​ដុះ​ឲ្យ​បាន​ ១ ០០០ ​ហិកតា​នៅ​ពេល​អនាគត ដែល​នឹង​ត្រូវ​ការ​ស្វាយ​គ្រាប់​ចន្ទី​ស្រស់​ប្រមាណ ១០ ៥០០ តោន​ ក្នុង ​១ ឆ្នាំ ដើម្បី​កែច្នៃ​ឲ្យ​បាន​ ៣ ០០០ តោន ​​ក្នុង ​១ ឆ្នាំ​សម្រាប់​នាំចេញ​។

លោក​ឲ្យ​ដឹង​ថា៖ «[ខ្ញុំ​] សូម​កោត​សរសើរ​ និង​វាយ​តម្លៃ​ខ្ពស់​​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​ដាក់​ទុន​វិនិយោគ​ក្នុង​ការ​អភិវឌ្ឍ​លើ​ការ​ផលិតកម្ម​ស្វាយ​ចន្ទី​ ដោយ​ស្រប​​តាម​គោល​នយោបាយ​របស់​រាជរដ្ឋាភិបាល​»។

លោក វ៉ា រុត​សាន កសិករ​ដាំ​ស្វាយ​​ចន្ទី នៅ​ស្រុក​ជើង​ព្រៃ ខេត្ត​​កំពង់ចាម​ បាន​ឲ្យ​ដឹងថា ការ​រីក​រាល​ដាល​ជំងឺ​កូវីដ ​១៩ បាន​ធ្វើ​ឲ្យ​តម្លៃ​ស្វាយ​ចន្ទី​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​។ លោក​បន្ត​ថា បច្ចុប្បន្ន​​តម្លៃ​ស្វាយ​ចន្ទី​​ស្ថិត​នៅ​ចន្លោះ​ពី ៤ ០០០ រៀល ​​ទៅ ៥ ០០០ រៀល ​ក្នុង​ ១ ​គីឡូ​ក្រាម​ បើ​ធៀប​ទៅ​​ឆ្នាំ​មុន​ តម្លៃ​នេះ​គឺ​ធ្លាក់​ចុះ​ប្រមាណ ​១ ​០០០ ​រៀល ​ក្នុង​ ១ ​​គីឡូ​ក្រាម​ ដែល​តម្លៃ​នេះ​សម្រាប់​តែ​នៅ​កន្លែង​​​​លោក​​​ប៉ុណ្ណោះ​។

លោក​​បាន​ថ្លែង​ថា៖ «បញ្ហា​​ជំងឺ​កូវីដ​បាន​ធ្វើ​ឲ្យ​តម្លៃ​​ស្វាយ​ចន្ទី​ឆ្នាំ​នេះ​ធ្លាក់​ថ្លៃ​ជាង​ឆ្នាំ​មុន​ ​​ព្រោះ​​​ឈ្មួញ​វៀតណាម​មិន​ហ៊ាន​ឡើង​មក​ទិញ​ដល់​ចម្ការ​​ដូច​ពេល​មុនៗ»។​

បើ​តាម​ លោក សាខុន ​ជា​​មធ្យម​​កសិករ​ទទួល​បាន​ប្រាក់​ចំណេញ​​ប្រហែល ​២ ០០០ ​​ដុល្លារ​ ក្នុង ​១ ​ឆ្នាំ​នៅ​លើ​ផ្ទៃ​ដី​​ ១ ​ហិកតា​ ប៉ុន្តែ​វា​ក៏​​អាស្រ័យ​​លើ​​ពូជ​ គុណភាព និង​ទីផ្សារ។

បើ​យោង​តាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​ ការ​នាំ​ចេញ​ស្វាយ​ចន្ទី​របស់​កម្ពុជា​សម្រេច​បាន​ ១២១ ៩៧៦ តោន ក្នុង​រយៈពេល​ ៣ ខែ​ដើម​ ឆ្នាំ ២០២០ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​​ បាន​ធ្លាក់ចុះ ៧,១៨ ភាគរយ​ ដែល​មាន​ ចំនួន ១៣១ ៤២៥ តោន​។​

កម្ពុជា​​នាំ​ចេញ​គ្រាប់​ស្វាយ​ចន្ទី​​ ២០២ ៣១៨ តោន​ ​កាល​ពី​​ឆ្នាំ ​២០១៩ កើន​ជិត ១០០ ភាគរយ​នឹង​ឆ្នាំ ២០១៨។​​

របាយការណ៍​នេះ​ឲ្យ​ដឹង​ថា ផ្ទៃ​ដី​សរុប​នៃ​ដាំដុះ​ស្វាយ​ចន្ទី​មាន​ចំនួន ១៤៩ ៦៦០ ហិកតា​​ទូទាំង​ប្រទេស​៕​ LA