ភ្នំពេញ: ក្រុមហ៊ុន Santana Agro Products ដែល​កំពុង​ដាំដុះ និង​កែច្នៃ​ស្វាយចន្ទី​គ្រោង​នឹង​នាំចេញ​ស្វាយចន្ទី​សរីរាង្គ ២០០ តោន​ ជា​លើកដំបូង​ទៅកាន់​ទីផ្សារ​អាមេរិក និង​អឺរ៉ុប​នៅ​ចុងឆ្នាំ​ ២០២០ នេះ​បន្ទាប់ពី​ក្រុមហ៊ុន​ទទួលបាន​វិញ្ញាបនបត្រ​ផលិត​គ្រាប់ស្វាយចន្ទី​សរីរាង្គ​ពី ECOCERT របស់​ប្រទេស​បារាំង ​កាលពី​ថ្មីៗ​។

ECOCERT គឺជា​អង្គការ​វិញ្ញាបនបត្រ​សរីរាង្គ​ដែលមាន​មូលដ្ឋាន​នៅ​អឺរ៉ុប​ត្រូវបាន​បង្កើតឡើង​នៅ​ប្រទេស​បារាំង​ នៅ​ឆ្នាំ ១៩៩១ ហើយ​ជា​ស្ថាប័ន​ឯករាជ្យ​មួយ​មាន​សិទ្ធិ​វាយតម្លៃ និង​ចេញ​វិញ្ញាបនបត្រ​សរីរាង្គ​ធំជាងគេ​នៅលើ​ពិភពលោក​។

លោក សុផល ឡៃគង់ អ្នកគ្រប់គ្រង​ប្រតិបត្តិការ​រោងចក្រ​របស់​ក្រុមហ៊ុន Santana Agro Products បាន​ប្រាប់ថា វិញ្ញាបនបត្រ​នេះ​នឹង​ផ្តល់​សិទ្ធិ​ពេញលេញ​ឲ្យ​ក្រុមហ៊ុន​លោក​ធ្វើការ​កែច្នៃ ស្វាយចន្ទី​សរីរាង្គ​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អាមេរិក និង​អឺរ៉ុប​។

លោក​ថ្លែងថា​៖ «​បន្ទាប់ពី​ទទួល​បាន​វិញ្ញាបនបត្រ​នេះ​ក្រុមហ៊ុន​នឹងមាន​សិទ្ធិ​ធ្វើការ​កែច្នៃ​ស្វាយចន្ទី​សរីរាង្គ​ផ្គត់ផ្គង់​ឲ្យ​ក្រុមហ៊ុន​ចែកចាយ​ដែលជា​ដៃគូ​របស់​យើង​សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​នេះ​ដោយ​ស្វ័យប្រវត្តិ​»​។

បើ​តាម​លោក ឡៃគង់ ការនាំចេញ​ស្វាយចន្ទី​ (​មិនមែន​សរីរាង្គ​) របស់​ក្រុមហ៊ុន​សម្រេច​បាន ១២១ តោន​កាលពី​ឆ្នាំ​ ២០១៩​។

កម្ពុជា​នាំចេញ​ស្វាយចន្ទី ២០២ ៣១៨ តោន ​កាលពី​ឆ្នាំ​ ២០១៩ កើន​ជិត​ ១០០ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨៕LA