ភ្នំពេញៈ ធនាគារជាតិ​នៃ​កម្ពុជា​ (NBC) ​បានផ្តល់​អាជ្ញាប័ណ្ណ​ធនាគារពាណិជ្ជ​ទៅដល់​ធនាគារ SBI LY HOUR Bank បន្ទាប់ពី SBI Holdings Inc ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​តាម​អនឡាញ​ប្រទេស​ជប៉ុន​បាន​ទិញ​ភាគហ៊ុន​ ៧០ ​ភាគរយ​​​ ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ Ly Hour Plc (LHMFI)​។ នេះ​បើ​យោងតាម​អាជ្ញាប័ណ្ណ​ដើម្បី​ប្រតិបត្តិការ​ធនាគារ​ដែល​ចុះហត្ថលេខា​ដោយ​លោក ជា ចាន់តូ ទេសាភិបាល NBC កាលពី​ថ្ងៃទី​ ២៣ ខែមីនា​នេះ​។

ការទិញ​ភាគហ៊ុន​នេះ​នឹង​អនុវត្ត​តាម​ស្លាក​តម្លៃ ៨១,៧ ​លាន​ដុល្លារ ហើយ​នឹង​ប្រែក្លាយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ (MFI) ​ទៅជា​ធនាគារពាណិជ្ជ ដែល​នឹង​ប្រតិបត្តិការ​ស្ថិតក្រោម​ឈ្មោះ​ថ្មី SBI Lyhour Bank Plc​។

SBI Holdings បាន​ទិញ​ភាគហ៊ុន ៧០ ​ភាគរយ​ដែលមាន​តម្លៃ​ប្រហែល ១៤,៩៤ លាន​ដុល្លារ​ក្នុង​ក្រុមហ៊ុន LHMFI កាលពី​ថ្ងៃទី​ ២៥ ខែវិច្ឆិកា និង​បាន​ទិញ​ភាគហ៊ុន​បន្ថែម​ ៣៧,៥៦ ​លាន​កាលពី​ថ្ងៃទី​ ២៣ ខែធ្នូ​។ នេះ​បើ​យោងតាម SBI Holdings​។

SBI Holdings បាន​ឲ្យ​ដឹងថា សម្រាប់​ការពង្រីក​បន្ថែម​អាជីវកម្ម​ធនាគារពាណិជ្ជ​របស់ខ្លួន​នៅ​គ្រប់​ខេត្ត​ទាំងអស់​នៅ​កម្ពុជា​ជាមួយ​នឹង​ទិសដៅ​សំខាន់ៗ ដើម្បី​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​អតិថិជន​លក់រាយ និង​សហគ្រាស​ធុន​តូច និង​មធ្យម (SME) តាមរយៈ​ការអភិវឌ្ឍ​អាជីវកម្ម​ធនាគារ​ទំនើប​ដែល​បង្កើន​ភាពស៊ីចង្វាក់​គ្នា​ដល់​ការវិនិយោគ​រួម​ក្នុងស្រុក​កាន់តែ​រឹងមាំ នៅពេលនេះ​ SBI Holdings កំពុង​ស្វែងរក​បេក្ខជន​ដែលមាន​សក្ដានុពល​។

លោក តូច ចៅចេក អគ្គនាយក Cambodia Post Bank Plc បាន​សាទរ​ចំពោះ​វត្តមាន​ធនាគារពាណិជ្ជ​ទើប​ទទួល​អាជ្ញាប័ណ្ណ​នេះ ដោយ​លោក​លើកឡើងថា វា​ជា​សញ្ញា​ដ៏ល្អ​មួយ​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ កម្ពុជា​។

លោក ចៅចេក បាន​ថ្លែង​​ថា​៖ «​ជាទូទៅ​វា​ល្អ ហើយ​វា​នឹង​ជួយ​ក្នុង​ការចាក់​បញ្ចូល​សាច់ប្រាក់ ៧៥ លាន​ដុល្លារ​នៃ​ទុនវិនិយោគ​ដល់​សេដ្ឋកិច្ចជាតិ ទោះយ៉ាងណា ទីផ្សារ​នៅតែ​តូច​នៅក្នុង​វិស័យនេះ​»​។

ធនាគារ SBI LY HOUR Bank Plc មាន​ការិយាល័យ​កណ្ដាល​នៅ​សង្កាត់​បឹងកក់​ ២ ខណ្ឌទួលគោក ភ្នំពេញ​។

កាលពី​ឆ្នាំ​ ២០០៨ SBI Holdings បាន​បង្កើន​ធនាគារ​ភ្នំពេញ​ពាណិជ្ជ (PPCBank) ជាការ​វិនិយោគ​រួមជាមួយ Hyundai Swiss Financial Group Inc របស់​ប្រទេស​កូរ៉េខាងត្បូង និង​បាន​ដឹកនាំ​ដោយ Hyundai Swiss Savings Bank Inc ដែល​ជា​ក្រុមហ៊ុន​មេ​របស់ SBI Savings Bank Inc ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ SBI Holding​។

SBI Holdings បាន​ដកខ្លួន​ចេញពី​អាជីវកម្ម​ធនាគារ​នៅ​កម្ពុជា​កាលពី​ឆ្នាំ​ ២០១៦ និង​បាន​លក់​ភាគហ៊ុន​ទាំងអស់​នៅក្នុង​ធនាគារ PPCBank ជា​ផ្នែក​មួយ​នៃ​ការរៀបចំ​រចនាសម្ព័ន្ធ​អាជីវកម្ម​ជាថ្មី​។

ទោះយ៉ាងណា SBI Holdings បាន​ចូលរួម​ក្នុង​អាជីវកម្ម​មូលបត្រ​ក្នុងប្រទេស​កម្ពុជា​ចាប់​តាំងពី​ឆ្នាំ​ ២០១០ តាមរយៈ SBI Royal Securities Plc ជា​ក្រុមហ៊ុន​ក្នុងស្រុក​របស់ខ្លួន​។

របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹងថា ប្រាក់​បញ្ញើ​បាន​កើនឡើង​ ២៥ ​ភាគរយ និង​ប្រាក់កម្ចី​ក្នុង​ឧស្សាហកម្ម​ធនាគារ​បាន​កើនឡើង ២៦ ​ភាគរយ​ធៀបនឹង​ឆ្នាំ​ ២០១៨​។ ប្រាក់កម្ចី​បាន​កើន​ដល់ ១៩,៦ ​ពាន់​លាន​ដុល្លារ និង​ប្រាក់​បញ្ញើ​នៅ​គ្រឹះស្ថាន​ទទួល​ប្រាក់​បញ្ញើ​ (MDI) ទាំង​ ៧ របស់​ប្រទេស​កម្ពុជា​បាន​កើនឡើង​ដល់​ ២២ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​។

មាន​ធនាគារពាណិជ្ជ ៤៣ ដែល​បច្ចុប្បន្នកំពុង​ប្រតិបត្តិការ​នៅ​កម្ពុជា (១៥ ជា​ធនាគារ​ក្នុងស្រុក ១៥ ជា​ធនាគារ​បុត្រសម្ព័ន្ធ និង​ ១៣ ​ជា​សាខា​ធនាគារ​បរទេស​) ធនាគារ​ឯកទេស​ ១៤ (១ ​គ្រប់គ្រង​ដោយ​រដ្ឋ និង​ ១៣ ​គ្រប់គ្រង​ដោយ​ឯកជន​) និង MDI ​ចំនួន ៧៕LA