ភ្នំពេញៈ ក្រុមហ៊ុន Cambodia Derivative Exchange Co., Ltd. (CDX) ទទួលបាន​ការទទួល​ស្គាល់​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) ជា​អ្នក​ជួយ​សម្របសម្រួល​ដល់​ការរៀបចំ​វគ្គ​បណ្តុះបណ្តាល​សម្រាប់​បុគ្គល​ត្រូវ​ទទួលស្គាល់​គុណវុឌ្ឍិ និង​កម្មវិធី​អប់រំ​វិជ្ជាជីវៈ​បន្ត​តាមរយៈ​អនឡាញ ដើម្បី​ឆ្លើយតប និង​ធានា​ការអភិវឌ្ឍ​ផ្សារ​មូលបត្រ​ប្រកប​ដោយ​និរន្តរភាព បើទោះ​ជា​ឥទ្ធិពល​ជំងឺ​កូវីដ ១៩ បាននិង​កំពុង​ជះឥទ្ធិពល​លើ​គ្រប់​វិស័យ​ក៏ដោយ​។

លោក ស៊ូ សុជាតិ អគ្គនាយក SECC បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការប្រគល់​វិញ្ញាបនបត្រ​ទទួលស្គាល់​ដល់​ក្រុមហ៊ុន​មួយ​នេះ​ដើម្បី​អនុញ្ញាត​ដល់​ក្រុមហ៊ុន​អាច​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ពាក់ព័ន្ធ​នឹង​ឧបករណ៍​និស្សន្ទ​ដល់​បុគ្គល និង​ក្រុម​វិនិយោគិន​ដែល​មាន​ការយល់ព្រម​ពី​គណៈកម្មការ​មូលបត្រ​កម្ពុជា​។

CDX គឺជា​ក្រុមហ៊ុន​ដំបូង​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី SECC ចាប់​តាំងពី​ចុងឆ្នាំ​ ២០១៦ ​ជា​ពេល​ដែល​ទីផ្សារ​ឧបករណ៍​និស្សន្ទ​ដាក់​ដំណើរការ​ផ្លូវការ ដូច្នេះ​ពួកគេ​កំពុង​ប្រតិបត្តិការ​អាជីវកម្ម​នេះ​ចាប់​តាំងពី​ពេល​នោះ​រហូត​មក​ដល់ពេល​នេះ​។ ដូច្នេះ​ពួកគេ​ដូចជា​ក្រុមហ៊ុន​មូលបត្រ​កម្ពុជា (CSX)​។ ក្រុមហ៊ុន​នេះ​គឺជា​ប្រតិបត្តិករ​ជួញដូរ​ឧបករណ៍​និស្សន្ទ ខណៈ​ដែល CSX គឺជា​ប្រតិបត្តិករ​ផ្សារហ៊ុន​។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​កំពុង​ធ្វើការងារ​ជាមួយ CDX លើ​ទីផ្សារ​ការជួញដូរ​ឧបករណ៍​និស្សន្ទ ដើម្បី​ផ្ដល់​ចំណេះដឹង​កាន់តែ​ប្រសើរ​ដល់​វិនិយោគិន​សាធារណៈ​។ ដូច្នេះ​កិច្ចសហប្រតិបត្តិការ​នេះ​នឹង​លើកកម្ពស់​ទីផ្សារ​នេះ​ឲ្យ​កាន់តែ​មាន​វិជ្ជាជីវៈ កាន់តែ​រឹងមាំ និង​ទទួលស្គាល់​ពី​ដៃគូ​ខាងក្រៅ​»​។

លោក​លើកឡើង​ថា​៖ «​យើង​ឃើញថា ក្រុមហ៊ុន CDX មាន​បណ្ដាញ​ជាច្រើន​នៅ​បរទេស ដូច្នេះ​ពួកគេ​អាច​នាំយក​អ្នក​ទាំង​នោះ​មក​វិនិយោគ​នៅទីនេះ នោះ​ជា​មូលហេតុ​ដែល​យើង​ចាំបាច់​ត្រូវ​សហការ​ជាមួយ​ពួកគេ ដើម្បី​ផ្ដល់​ការយល់ដឹង​អំពី​ច្បាប់​ និង​បទប្បញ្ញត្តិ​របស់​យើង​អំពី​ទីផ្សារ​នេះ​ទៅដល់​ពួកគេ​»​។

ឧបករណ៍​និស្សន្ទ​គឺជា​មូលបត្រ​ហិរញ្ញវត្ថុ​ជាប់ទាក់ទង​នឹង​ទ្រព្យសកម្ម​មូលដ្ឋាន​។ ទ្រព្យសកម្ម​ទូទៅ​រួមមាន ការដោះដូរ​ទំនិញ រូបិយប័ណ្ណ ភាគហ៊ុន និង​សញ្ញា​បណ្ណ​។ វិនិយោគិន​អាច​ទិញ​កិច្ចសន្យា និង​ចំណូល​របស់​ពួកគេ​ត្រូវ​ពឹងផ្អែក​លើ​ការប្រែប្រួល​នៅលើ​ទីផ្សារ​នៃ​ទ្រព្យសកម្ម​ទាំងនោះ​។

ទិន្នន័យ​ពី SECC បង្ហាញ​ថា ទំហំ​វិនិយោគ​លើ​ការជួញដូរ​ឧបករណ៍​និស្សន្ទ នៅក្នុង​កម្ពុជា​បាន​កើនឡើង​ពី​ ៨៤ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៨ ដល់ ២០០ ​លាន​ដុល្លារ​ កាលពី​ឆ្នាំ​ ២០១៩​។ បច្ចុប្បន្ន​ទីផ្សារ​ជួញដូរ​ឧបករណ៍​និស្សន្ទ​មាន​សមភាគី​កណ្ដាល​ចំនួន​ ៥ ក្រុមហ៊ុន​ជើងសា​ជួញដូរ​ឧបករណ៍​និស្សន្ទ ២៧ ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ចំនួន​ ៥ និង​ក្រុមហ៊ុន​ធានា​ទុកទ្រព្យ​ចំនួន​ ៥​។

លោក សុជាតិ បាន​ឲ្យ​ដឹងថា SECC នឹង​មិន​គ្រាន់តែ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ CDX ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បើកចំហ​ការធ្វើ​ការងារ​ជាមួយ​ប្រតិបត្តិករ​ផ្សេង​ទៀត ដើម្បី​ធ្វើឲ្យ​ទីផ្សារ​នេះ​កាន់តែ​មាន​ភាពទាក់ទាញ និង​កាន់តែ​ប្រសើរ​ឡើង សម្រាប់​សាធារណជន​យល់ដឹង​ និង​បង្ការ​ហានិភ័យ​៕LA