ភ្នំពេញ: គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) បានផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ចំនួន​ ២ បន្ថែមទៀត​ដែល​ការសម្រេច​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​កិច្ច​របស់ SECC កាលពី​ថ្ងៃ​អង្គារ​។ នេះ​បើតាម​ចេញ​ក្តី​ប្រកាស​ព័ត៌មាន​។

ចេញ​ក្តី​ប្រកាស​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ទាំង​ ២ ​នេះ​រួមមាន​ក្រុមហ៊ុន Fund Management Plc. និង​ក្រុមហ៊ុន PLMP Venture Capital Co., Ltd​។ ការផ្តល់​អាជ្ញាប័ណ្ណ​ ២ ​បន្ថែមទៀត​នេះ​បាន​ធ្វើឲ្យ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​កើន​ដល់​ ៧ គិត​មក​ត្រឹម​ខែកុម្ភៈ​នេះ​។

ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​គឺ​សំដៅ​ដល់​អាជីវកម្ម​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ពី SECC ក្នុង​ការរៀបចំ​គម្រោង​វិនិយោគ​ដែល​គេ​ឲ្យ​ឈ្មោះថា គម្រោង​វិនិយោគ​រួម​ដែលមាន​ការចូលរួម​ពី​សាធារណជន​តាមរយៈ​ការដាក់​សាច់ប្រាក់​ចូលទៅក្នុង​គម្រោង​នេះ ដើម្បី​ទទួល​បាន​ផលប្រយោជន៍​ត្រឡប់មកវិញ​។

លោក សុខ ដារ៉ា អគ្គនាយករង​នៃ​គណៈកម្មការ​មូលបត្រ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​បន្ទាប់ពី​ទទួលបាន​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ទាំង​ ២ ​នេះ​មាន​សិទ្ធិ​ប្រមូលប្រាក់​ពី​សាធារណជន​មក​វិនិយោគ​នៅ​កម្ពុជា​ដែល​រាល់​គម្រោង​របស់​ក្រុមហ៊ុន​ត្រូវ​ទទួលបាន​ការចុះបញ្ជី​នៅ SECC ជាមុនសិន​។

លោក​ថ្លែង​ថា​៖ «​ការផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​មូលនិធិ​បន្ថែម​ទៀត​នេះ វា​ជា​សញ្ញា​ល្អ​មួយ​ដែល​បង្ហាញ​ពី​ភាពជឿនលឿន និង​រឹងមាំ​នៃ​ការវិនិយោគ​លើ​វិស័យនេះ​»​។

លោក​បន្ថែមថា បច្ចុប្បន្ន SECC កំពុង​ធ្វើការ​ពិនិត្យ​មើល​លើ​គម្រោង​វិនិយោគ​មួយចំនួន​របស់​ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ​ដែល​បានដាក់​សំណើ​មក SECC​។ លោក​បន្តថា​៖ «​ពួកគេ​បានដាក់​សំណើ​គម្រោង​វិនិយោគ​មួយចំនួន​ឲ្យ​យើង​ពិនិត្យមើល​ដែល​គម្រោង​ទាំងនេះ​កំពុង​ស្ថិត​នៅក្នុង​ដំណាក់កាល​ផ្តល់យោបល់​ផ្នែក​ច្បាប់​»​។ លោក​បញ្ជាក់​​ថា​៖ «​ក្នុង​ក្របខ័ណ្ឌ​អាជ្ញាប័ណ្ណ​នេះ ពួកគេ​អាច​ធ្វើ​សកម្មភាព​មូលនិធិ​វិនិយោគ​សាធារណៈ មូលនិធិ​ឯកជន និង​មូលនិធិ​អចលនទ្រព្យ​»​។

ទន្ទឹម​នឹងនេះ SECC បានផ្តល់​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ថែរក្សា​ទ្រព្យសម្បត្តិ​ជំនួស​ចំនួន​ ៣ ​ផង​ដែរ​។

គិត​ត្រឹម​ឆ្នាំ ២០១៩ មាន​ការកើនឡើង​យ៉ាងខ្លាំង​នៃ​អ្នកចូលរួម​ក្នុង​ទីផ្សារ​នេះ រួមមាន​សមភាគី​កណ្តាល​ចំនួន ៥ ក្រុមហ៊ុន​សម្រាប់​ទីផ្សារ​ឧបករណ៍​និស្សន្ទ ក្រុមហ៊ុន​ជើងសារ​ឧបករណ៍​និស្សន្ទ ២៧ ក្រុមហ៊ុន​គ្រប់គ្រង​មូលនិធិ ៧ និង​ក្រុមហ៊ុន​ធានា​ទុកទ្រព្យ​ ៨ ដែល​ផ្តល់​អាជ្ញាប័ណ្ណ​រួចហើយ​ដោយ SECC៕