ភ្នំពេញៈ ក្រុមហ៊ុន Siam Cement Group (SCG) ដែលជា​ក្រុមហ៊ុន​ពហុ​ផលិតផល​ឈានមុខ​គេ​របស់​ប្រទេស​ថៃ​បាន​រាយការណ៍​ពី​ប្រាក់​ចំណូល​ពី​ការលក់​ដ៏រឹងមាំ​នៅ​​ទីផ្សារ​កម្ពុជា​នៅ​ត្រីមាស​ទី​ ៣ ឆ្នាំ​នេះ​ដោយសារ​តែ​លទ្ធផល​សេដ្ឋកិច្ច​រឹងមាំ​។

លទ្ធផល​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ដែល​ចេញផ្សាយ​កាលពី​សប្ដាហ៍​មុន​បាន​បង្ហាញថា នៅក្នុង​ទីផ្សារ​កម្ពុជា​ប្រាក់​ចំណូល​បាន​ពី​ការលក់​ប្រចាំ​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៩ របស់​ក្រុមហ៊ុន SCG មាន​ចំនួន ១១១ ​លាន​ដុល្លារ​អាមេរិក កើនឡើង ១៤ ភាគរយ ​ដែល​ចំណូល​នេះ​ភាគច្រើន​បាន​មកពី​អាជីវកម្ម​សម្ភារ​សំណង់ និង​ស៊ីម៉ងត៍​។ របាយការណ៍​នេះ​បាន​បង្ហាញ​ថា​នៅក្នុង​រយៈពេល ៩ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​ ២០១៩ ក្រុមហ៊ុន SCG បាន​កត់ត្រា​ប្រាក់ចំណូល​បាន​ពី​ការលក់​នៅ​កម្ពុជា​ចំនួន ៣៣៧ ​លាន​ដុល្លារ​អាមេរិក​។

លោក Roongrote Rangsiyopash ប្រធាន និង​ជា​អគ្គនាយក​ក្រុមហ៊ុន SCG បាន​ថ្លែងថា​៖ «​សេដ្ឋកិច្ច​កម្ពុជា​នៅតែ​ទទួល​បាន​កំណើន​ដ៏រឹងមាំ​ក្នុងអំឡុង​ត្រីមាស​ទី​ ៣ ឆ្នាំនេះ​។ លំហូរ​ចូល​ការវិនិយោគ​ផ្ទាល់​ពី​បរទេស ជាពិសេស​មកពី​ប្រទេស​ចិន​កំពុង​ជំរុញ​នៅក្នុង​ឧស្សាហកម្ម​សំណង់​ទាំងមូល​»​។ លោក​បន្ថែម​ថា​៖ «​នៅតែ​មាន​តម្រូវការ​ស៊ីម៉ងត៍ និង​សម្ភារ​សំណង់​រឹងមាំ​នៅ​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​កំពុង​ស្ទុះងើប​ខ្លាំង​ថ្មីៗ​មួយ​ចំនួន​ដូចជា​ក្រុងព្រះសីហនុ ក្រុង​ប៉ោយប៉ែត និង​ក្រុង​បាវិត​»​។

លោក ហ៊ឹម សីហា នាយក​ផ្នែក​ស្រាវជ្រាវ​ប្រចាំ​ក្រុមហ៊ុន VTrust Appraisal បាន​ឲ្យ​ដឹងថា កំណើន​វិស័យ​សំណង់​បង្កើត​ឲ្យ​មាន​តម្រូវការ​ជាច្រើន​នូវ​សម្ភារ​សំណង់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។

លោក​បាន​មានប្រសាសន៍​ថា​៖ «​យើង​មើលឃើញ​ថា វិស័យ​សំណង់​របស់​យើង​កំពុង​រីក​ដូច​ផ្សិត​គ្រប់​ទីកន្លែង​នៅពេល​នេះ ជាពិសេស​នៅ​ក្រុងភ្នំពេញ ដែល​មាន​ខុនដូ​ជាច្រើន ផ្ទះល្វែង និង​លំនៅឋាន​ដែល​ជំរុញ​តម្រូវការ​ជាច្រើន​ក្នុង​​ទីផ្សារ​សម្ភារ​សំណង់​»​។

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ដែល​ចេញផ្សាយ​នៅពេល​ថ្មីៗ​នេះ បង្ហាញ​ថា​ការវិនិយោគ​ទៅលើ​សំណង់​បាន​កើនឡើង​យ៉ាងខ្លាំង​ចំនួន ៣៤,៧ ​ភាគរយ​​ នៅ​រយៈពេល ៩ ​ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ កើនឡើង​ដល់ ៦,៥ ​ពាន់​លាន​ដុល្លារ លើ​គម្រោង​ចំនួន ២ ៥៤១ ធៀប​នឹង ៤,៨ ​ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន​។

របាយការណ៍​ដដែល​នេះ​បាន​កត់សម្គាល់​ថា​ចាប់ពី​ឆ្នាំ​ ២០០០ រហូត​ដល់​ចុង​ខែ​កញ្ញា​ឆ្នាំ​នេះ​ក្រសួង​បានអនុម័ត​គម្រោង​សំណង់​ចំនួន ៤៦ ៩៩១ ​គម្រោង ដែល​មាន​ទុនវិនិយោគ​សរុប​ចំនួន​ជាង ៤៨ ពាន់​លាន​ដុល្លារ​ ដែល​គ្របដណ្ដប់​លើ​ផ្ទៃដី ១២៦ ​លាន​ម៉ែត្រការ៉េ​៕ LA