ក្រុងបាកដាដៈ ប្រទេស​អ៊ីរ៉ាក់​កាលពី​ថ្ងៃ​សៅរ៍​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​មាន​តម្លៃ ១,៣ ពាន់​លាន​ដុល្លារ​ជាមួយ​ក្រុមហ៊ុន​ពហុផលិតផល​ឧស្សាហកម្ម Siemens របស់​ប្រទេស​អាល្លឺម៉ង់ និង​ក្រុមហ៊ុន Orascom Construction របស់​ប្រទេស​អេហ្ស៊ីប ដើម្បី​សាងសង់​ឡើងវិញ​នូវ​រោងចក្រ​ថាមពល​ដ៏ធំ​មួយ​នៅក្នុង​ទីក្រុង​បៃជី (Baiji) ភាគ​ខាងជើង​របស់​ទីក្រុង​បាកដាដ​ដែល​រង​ការបំផ្លិចបំផ្លាញ​។

កិច្ចព្រមព្រៀង​ថ្មី​នេះ​គឺជា​ផ្នែក​មួយ​នៃ​ផែនទី​បង្ហាញ​ផ្លូវ​ថាមពល​កាន់តែ​ទូលំទូលាយ​មួយ​ដែល​ប្រទេស​អ៊ីរ៉ាក់​បាន​ចុះហត្ថលេខា​ជាមួយ​ក្រុមហ៊ុន Siemens កាលពី​ដើម​ឆ្នាំ​នេះ​ក្នុង​គោលបំណង​បញ្ចេញ​ថាមពល​ទំហំ ១១ ជីហ្គាវ៉ាត់​ទៅ​ក្នុង​វិស័យ​ថាមពល​ដែល​ខ្វះខាត​របស់​ប្រទេស​អ៊ីរ៉ាក់​។

នៅពេល​ថ្មីៗ អ៊ីរ៉ាក់​ផលិត​ថាមពល​បាន​ប្រហែល ១៥ ជីហ្គាវ៉ាត់ ដែល​ទាប​ជាង​ឆ្ងាយ​ធៀប​នឹង​តម្រូវ​ដែលមាន​ប្រហែល ២៤ ជីហ្គាវ៉ាត់​។

រោងចក្រ​ទី​ ១ និង​ទី​ ២ នៅ​ទីក្រុង Baiji ព្រមទាំង​រោងចក្រ​ចម្រាញ់​ប្រេង​ដ៏ធំ​មួយ​នៅក្បែរ​នោះ​ត្រូវ​បាន​បំផ្លាញ​ក្នុង​ការប្រយុទ្ធ​គ្នា​រយៈពេល​ ៣ ​ឆ្នាំ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​អ៊ិស្លាម បន្ទាប់ពី​ក្រុម​នេះ​បាន​លុកលុយ ១ ភាគ​ ៣ នៃ​ប្រទេស​អ៊ីរ៉ាក់​កាលពី​ឆ្នាំ​ ២០១៤​។

សង្កាត់​ជាច្រើន​របស់​ទីក្រុង Baiji នៅតែ​ទទួលរង​ការបំផ្លិចបំផ្លាញ​យ៉ាងខ្លាំង ដែល​ទីវាល​នៅ​ជុំវិញ​នោះ​ត្រូវ​បាន​ដាក់​ពង្រាយ​ដោយ​គ្រាប់​មិន​ទាន់​ផ្ទុះ ហើយ​តំបន់​នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​បណ្ដាញ​ដ៏ស្មុគស្មាញ​នៃ​ក្រុម​យោធា​ប៉ារ៉ា​។

កាលពី​ថ្ងៃ​សៅរ៍​លោក Luay al-Khateeb រដ្ឋមន្ដ្រីក្រសួង​អគ្គិសនី​របស់​ប្រទេស​អ៊ីរ៉ាក់​បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​នៅ​ទីក្រុង​បាកដាដ​ជាមួយ​លោក Joe Kaeser អគ្គនាយក​ក្រុមហ៊ុន Siemens និង​លោក Osama Bis-hai ប្រធាន​ក្រុមហ៊ុន Orascom ។

លោក Khateeb បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា​៖ «​កិច្ចព្រមព្រៀង​ដែល​មាន​តម្លៃ​ ១,៣ ពាន់​លាន​ដុល្លារ​នេះ​នឹង​បន្ថែម​ថាមពល​រហូត​ដល់ ១,៧ ជីហ្គាវ៉ាត់​ដល់​អគ្គិសនី​»​។

ក្រុមហ៊ុន Siemens ឲ្យ​ដឹង​ថា ការកែលម្អ​រោងចក្រ​ឡើងវិញ​នឹង​ត្រូវការ​រយៈពេល​ ២៨ ​ខែ​ដែល​ចាប់ផ្ដើម​នៅពេល​គណៈរដ្ឋមន្ដ្រី​របស់​ប្រទេស​អ៊ីរ៉ាក់ អនុម័ត​កិច្ចព្រមព្រៀង​នេះ និង​កិច្ចព្រមព្រៀង​ហិរញ្ញវត្ថុ​មួយ​ត្រូវ​សម្រេច​បាន​។

អគ្គិសនី​របស់​ប្រទេស​អ៊ីរ៉ាក់​ត្រូវ​បាន​រង​ការបំផ្លិចបំផ្លាញ​ដោយ​ជម្លោះ​រយៈពេល​ជាច្រើន​ទសវត្សរ៍ និង​ការថែទាំង​មិនល្អ​ដែល​បណ្ដាល​ឲ្យ​មាន​ការកាត់ផ្ដាច់​ថាមពល​ដ៏រ៉ាំរ៉ៃ​នៅ​ទូទាំង​ប្រទេស​។

ប្រទេស​អ៊ីរ៉ាក់​ទិញ​អគ្គិសនី និង​នាំចូល​ឧស្ម័ន​ធម្មជាត​ពី​អ៊ីរ៉ង់ ដើម្បី​បំពេញ​ការខ្វះខាត និង​ផ្គត់ផ្គង់​រោងចក្រ​ថាមពល​របស់​ខ្លួន​៕ LA