ភ្នំពេញៈ ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត ​Smart Axiata ​បាន​ដាក់​ឲ្យ​ដំណើរការ​ស៊ីម​កាត​​ Smart WeChat Go ​​ជា​​ផលិតផល​​ថ្មី​មួយ ​ដែល​កំណត់​ទិសដៅ​ទៅ​លើ​ទេសចរ​ចិន​មក​កម្ពុជា​។ នេះ​បើ​យោង​តាម​សេច​ក្ដី​ប្រកាស​ព័ត៌មាន​​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​។​

ផលិតផល​នេះ​គឺ​ជា​លទ្ធផល​នៃ​ភាព​ជា​ដៃគូ​របស់​ក្រុមហ៊ុន​ Smart ជា​មួយ​​​កម្មវិធី​ផ្ញើសារ ​និង​ការ​ទូទាត់​តាម​ទូរស័ព្ទ​ចល័ត​ឈាន​មុខ​គេ​របស់​ប្រទេស ​ចិន​ WeChat។

ជា​មួយ​នឹង​ភាព​ជា​ដៃគូ​នេះ ​​ក្រុមហ៊ុន​ Smart Axiata ​នឹង​ទាក់ទាញ​កំណើន​ចំនួន​ភ្ញៀវ​ទេសចរ​ចិន ​ដែល​មក​​ទស្សនា​កម្ពុជា ​ដែល​អាច​ឲ្យ​ពួក​គេ​​​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​​មិត្ត​ភកិ្ដ និង​គ្រួសារ​របស់​ពួក​គេ​ និង​ទទួល​​បាន​​​​ការ​កម្សាន្ត​គ្មាន​ដែន​កំណត់​ជា​ភាសា​ចិន​​តាម​រយៈ​កម្មវិធី​​ Lingcod TV​។​

លោក Stjepan Udovicic ​​ប្រធាន​ទីផ្សារ​នៅ​​​ក្រុមហ៊ុន​ Smar​t Axiata បាន​ថ្លែង​ថា​៖ «​​ផលិតផល​បង់​ប្រាក់​ជា​​មុន​ថ្មី​គួរ​​ឲ្យ​ភ្ញាក់​ផ្អើល​នេះ គឺជា​មធ្យោបាយ​​ដ៏​ធំ​សម្រាប់​កំណើន​ចំនួន​ភ្ញៀវ​​ទេសចរ​ចិន​មក​ប្រទេស ​កម្ពុជា​ ​ក្នុង​​ការ​ប្រើប្រាស់​​បច្ចេកវិទ្យា​ ដែល​ពួក​គេ​ចូលចិត្ត​តែងតែ​​ទំនាក់​ទំនង​ជា​មួយ​មិត្ត​ភកិ្ដ​ធ្វើ​​ដំណើរ​ មិត្ត​ភកិ្ដ​ និង​គ្រួសារ​​របស់​​ពួក​គេ​​នៅ​​ប្រទេស​កំណើត​ ព្រម​ទាំង​ដើម្បី​កម្សាន្ត​ដោយ​ខ្លួន​ឯង​ផង​ដែរ​»​។​ ​

លោក​​បន្ថែម​ថា​៖ «​យើង​រីករាយ​យ៉ាង​ខ្លាំង​​ក្នុង​ការ​ធ្វើ​ការងារ​ជា​មួយ​​ WeChat លើ​ការ​​បង្កើត​​ផលិត​ផល​​ថ្មី ដែល​ផ្ដល់​ដល់​ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន ​ជា​មួយ​នឹង​ការ​កម្សាន្ត​តាម​អ៊ីនធឺណិត​ជា​ភាសា​ចិន ​និង​បទ​ពិសោធ​បណ្ដាញ​ដ៏​ល្អ​បំផុត​សម្រាប់​ការ​ស្នាក់​នៅ​​ដ៏​សប្បាយ​រីករាយ​នៅ​កម្ពុជា​»​។​​

ស៊ីម​កាត​នេះ ​នឹង​អាច​រក​បាន​​សម្រាប់​ នៅ​តាម​ចំណុច​ចែក​​ចាយ​ ដែល​​បង្កើត​ឡើង​នៅ​​​​​​ប្រទេស​ ចិន​ និង​​​នៅ​​កម្ពុជា ​នៅ​ក្នុង​​ព្រលាន​យន្តហោះ​​​អន្តរជាតិ​សៀមរាប ​និង​ភ្នំពេញ​។​

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ ​WeChat ​ឲ្យ​ដឹង​ថា​ WeChat Go គឺ​ជា​​ការ​​បើក​ចំហ​គំរូ​សហការ​ដែល​ផ្ដួចផ្ដើម​ដោយ​ WeChat ដើម្បី​ជួយ​សម្រួល​ដៃគូ​ពិភព​លោក​​ក្នុង​ការ​ដោះស្រាយ​តម្រូវ​ការ​ជាក់​លាក់​នៃ​អ្នក​ធ្វើ​ដំណើរ​​ទៅ​ក្រៅ​​ប្រទេស​របស់​ប្រជាជន​ចិន​។

កម្ពុជា​បាន​ស្វាគមន៍​​ភ្ញៀវ​ទេសចរ​ចិន​ប្រហែល​ ២​ លាន​នាក់​ កាល​ពី​ឆ្នាំ​មុន​ កើន​ឡើង​ជាង​ ៧០​ ភាគរយ​​ធៀប​នឹង​ឆ្នាំ ​២០១៧៕LA