
បុគ្គលិកកំពុងធ្វើការក្នុងខ្សែចង្វាក់ផលិតនំក្នុងរោងចក្ររបស់ក្រុមហ៊ុន LyLy Food Industry។ រូបថត ហុង មិនា
ភ្នំពេញៈ សហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជានឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ ខណៈរដ្ឋាភិបាលមានបំណងលើកកម្ពស់ការអភិវឌ្ឍសហគ្រាសទាំងនេះ ដើម្បីបង្កើតការងារ និងបង្កើនសមត្ថភាពផលិតកម្មក្នុងស្រុក។
យោងតាមអនុក្រឹត្យស្តីពីការលើកទឹកចិត្តផ្នែកពន្ធដារសម្រាប់សហគ្រាសធុនតូច និងមធ្យម (SME) ក្នុងវិស័យអាទិភាព ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២ ខែតុលា វិស័យអាទិភាពចំនួន ៦ ដូចជាវិស័យផលិតផលកសិកម្ម ឬកសិឧស្សាហកម្ម ព្រមទាំងផលិត និងកែច្នៃម្ហូបអាហារ នឹងទទួលបានការលើកលែងពន្ធលើប្រាក់ចំណូលរយៈពេលពី ៣ ទៅ ៥ ឆ្នាំគិតចាប់ពីថ្ងៃដែលចុះបញ្ជីពន្ធដារសម្រាប់សហគ្រាសចុះបញ្ជីថ្មី ឬចាប់ពីថ្ងៃដែលសហគ្រាសមកធ្វើបច្ចុប្បន្នកម្មសម្រាប់សហគ្រាសដែលបានចុះបញ្ជីរួចហើយ។
យោងតាមអនុក្រឹត្យថ្មីនេះ បើ SME ណាមួយមានបំណងទទួលបានការលើកលែងពន្ធលើប្រាក់ចំណូល ៥ ឆ្នាំ SME នោះត្រូវប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកចាប់ពី ៦០ ភាគរយឡើងទៅ ឬបង្កើនចំនួននិយោជិតបន្ថែមយ៉ាងតិច ២០ ភាគរយ ឬមានទីតាំងក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម។
វិស័យអាទិភាព ៤ ផ្សេងទៀតរួមមាន ១) កម្មន្តសាល ដែលផលិតទំនិញប្រើប្រាស់ក្នុងស្រុកកែច្នៃកាកសំណល់ និងផលិតទំនិញសម្រាប់វិស័យទេសចរណ៍ ២) កម្មន្តសាលដែលផលិតនូវផលិតផលសម្រេច ឬផ្នែកឬគ្រឿងផ្គុំដើម្បីផ្គត់ផ្គង់ឲ្យកម្មន្តសាលដទៃទៀត ៣) ស្រាវជ្រាវនិងអភិវឌ្ឍបច្ចេកវិទ្យាព័ត៌មាន រួមទាំងការផ្គត់ផ្គង់សេវាគ្រប់គ្រងតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានលក្ខណៈនវានុវត្តន៍ និង ៤) សហគ្រាសដែលស្ថិតក្នុងតំបន់ប្រមូលផ្តុំសហគ្រាសធុនតូច និងមធ្យម និងសហគ្រាសដែលអភិវឌ្ឍតំបន់នេះ។
លោក តែ តាំង ប៉រ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាបាននិយាយថា ការលើកទឹកចិត្តផ្នែកពន្ធសម្រាប់ SME ពិតជាមានសារៈសំខាន់ណាស់ ព្រោះកម្ពុជាជាប្រទេសដែលមានវត្ថុធាតុដើមច្រើន សម្រាប់គាំទ្រដល់ការផលិត។
លោកបានបន្ថែមថា ការផលិតដោយខ្លួនឯងនឹងនាំឲ្យកម្ពុជាទទួលបានប្រាក់ចំណូលជាច្រើនលានដុល្លារក្នុង ១ ឆ្នាំៗ។
លោកមានប្រសាសន៍ថា៖ «SME ជាមូលដ្ឋានគ្រឹះ ឬឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ ដូច្នេះបើយើងលើកកម្ពស់ SME តាមរយៈការផលិត ការប្រើប្រាស់ និងនាំចេញទៅបរទេស នោះវានឹងធ្វើឲ្យកម្ពុជាទទួលបានប្រាក់ចំណូល បង្កើតការងារ ព្រមទាំងអាចជួយកាត់បន្ថយការធ្វើចំណាកស្រុកទៀតផង»។
អនុក្រឹត្យថ្មីនេះបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន សម្រាប់ដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន។ នេះបើយោងតាមលោក សុខ ពិសិដ្ឋ ប្រធានក្រុមប្រឹក្សាផ្តល់យោបល់សមាគមសហគ្រិនវ័យក្មេងកម្ពុជា។
លោកថ្លែងថា អនុក្រឹត្យនេះមិនត្រឹមតែលើកទឹកចិត្តផ្នែកពន្ធដល់ម្ចាស់ SME ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជំរុញឲ្យម្ចាស់សហគ្រាសទាំងអស់ចេះប្រើប្រាស់បញ្ជីគណនេយ្យ និងបច្ចេកវិទ្យាថ្មីៗផងដែរ។
លោកមានប្រសាសន៍ថា៖ «នេះជាការចាប់ផ្តើមដំបូងក្នុងការធ្វើឲ្យម្ចាស់ SME នៅកម្ពុជាមានភាពធូរស្រាល ខណៈកន្លងមកវិស័យ SME ធ្លាប់បានត្អូញត្អែរពីការបង់ពន្ធច្រើន»។
វិធានការផ្នែកពន្ធដាររបស់រដ្ឋាភិបាលនេះ នឹងជួយជំរុញឲ្យក្រុមហ៊ុន ឬសហគ្រាសតូចៗកាន់តែច្រើនមកចុះបញ្ជី ដែលនឹងជំរុញដល់ប្រាក់ចំណូលរបស់រដ្ឋាភិបាល និងបង្កើនប្រសិទ្ធភាពគ្រប់គ្រងផងដែរ។
លោក ជុំ សាបូរិទ្ធិ នាយកគ្រប់គ្រងក្រុមហ៊ុន B Scientific Instrument បានឲ្យដឹងថា នេះជាចំណុចចាប់ផ្តើមដ៏ល្អសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាដែលកំពុងមានប្រតិបត្តិការ ឬគ្រោងនឹងបើកដំណើរការ។
លោកបានបន្តថា ជាធម្មតាក្រុមហ៊ុនទើបបង្កើតថ្មី តែងតែត្រូវការពេលវេលាសមស្របមួយដើម្បីរកចំណូលឲ្យបានរួចដើមវិញ ហើយការលើកលែងយកពន្ធបែបនេះ គឺជាការល្អប្រសើរ ព្រោះវាអាចជាការទាក់ទាញឲ្យក្រុមហ៊ុន ឬសហគ្រាសមកចុះបញ្ជីបានកាន់តែច្រើន ខណៈបច្ចុប្បន្ននេះក្រុមហ៊ុន ឬសហគ្រាសជាច្រើនមិនចុះបញ្ជី បើទោះបីជាមានបើកដំណើរការជាយូរណាស់មកហើយ។
លោកថ្លែងថា៖ «ការមិនចុះបញ្ជីធ្វើឲ្យអាជ្ញាធរពិបាកគ្រប់គ្រង និងមិនទទួលបានការបង់ពន្ធផងដែរ»។
លោក Miguel Eduardo Sanchez Martin សេដ្ឋវិទូជាន់ខ្ពស់ប្រចាំធនាគារពិភពលោកនៅកម្ពុជា បានថ្លែងថា វាជាសញ្ញាល្អមួយសម្រាប់កម្ពុជាដែលសម្បូរទៅដោយសហគ្រាសធុនតូច និងមធ្យម។
លោកមានប្រសាសន៍ថា៖ «តាមរយៈការលើកលែងពន្ធនេះដែលជាការគាំទ្រសហគ្រិនភាព ខ្ញុំគិតថា វាជាវិធានការវិជ្ជមានមួយ ដើម្បីជួយក្រុមហ៊ុនក្នុងស្រុកឲ្យរីកលូតលាស់ និងក្លាយជាក្រុមហ៊ុនអន្តរជាតិ»។
បើយោងតាមលោក តែ តាំង ប៉រ បច្ចុប្បន្នមានសហគ្រាសធុនតូច និងមធ្យមប្រមាណជាង ៥០ ម៉ឺននៅកម្ពុជា ខណៈសហគ្រាសដែលបានចុះបញ្ជីត្រឹមត្រូវមានប្រហែល ៤ ម៉ឺនប៉ុណ្ណោះ។
យោងតាមអនុក្រឹត្យនេះ សហគ្រាសធុនតូចសំដៅដល់សហគ្រាសអាជីវកម្មគ្រប់ប្រភេទ ដែលមានផលរបរប្រចាំឆ្នាំចាប់ពី ២៥០ លានរៀល (៦២ ៥០០ដុល្លារ) ដល់ ៧០០ លានរៀល (១៧៥ ០០០ដុល្លារ) ឬមានចំនួននិយោជិតចាប់ពី ១ ០៥០នាក់ ខណៈសហគ្រាសធុនមធ្យម សំដៅដល់សហគ្រាសអាជីវកម្មគ្រប់ប្រភេទដែលមានផលរបរប្រចាំឆ្នាំចាប់ពី ៧០០ លានរៀល (១៧៥ ០០០ដុល្លារ) ដល់ ៤ ០០០ លានរៀល (១ ០០០ ០០០ដុល្លារ) ឬមាននិយោជិតចាប់ពី ៥១-១០០ នាក់៕ LA