ភ្នំពេញៈ គណៈកម្មការមូលបត្រកម្ពុជា (SECC) បានឲ្យដឹងថា នឹងមានសហគ្រាសធុនតូច និងមធ្យម (SME) ២-៣ នឹងចុះបញ្ជីនៅទីផ្សារកំណើនរបស់ផ្សារមូលបត្រកម្ពុជា (CSX) នៅដើមឆ្នាំក្រោយដែលនឹងជាការផ្លាស់ប្តូរមួយផ្សេងទៀតសម្រាប់ផ្សារហ៊ុននៅកម្ពុជា។ លោក ស៊ូ សុជាតិ អគ្គនាយក SECC បានឲ្យដឹងនៅក្នុងវេទិកាមួយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ចាប់តាំងពី CSX បានដំណើរការរយៈពេលជាង ៧ ឆ្នាំកន្លងមកទាក់ទាញបានក្រុមហ៊ុនតែ ៥ ប៉ុណ្ណោះឲ្យមកចុះបញ្ជីនៅផ្សារមូលបត្រនេះ និងមានគ្រឹះស្ថានហិរញ្ញវត្ថុ ៣ ចុះបញ្ជីបណ្ណបំណុលសាជីវកម្ម។ លោកបន្ថែមថានឹងមាន SME ២-៣ មកចុះបញ្ជីនៅដើមឆ្នាំ ២០២០។
លោកបានថ្លែងថា៖ «គណៈកម្មការមូលបត្រកម្ពុជាសង្ឃឹមថា ក្រៅពីធនាគារអេស៊ីលីដា ត្រូវចុះបញ្ជីនឹងមានសហគ្រាសធុនតូច និងមធ្យម (SME) មួយចំនួននឹងចុះបញ្ជីនៅទីផ្សារកំណើននៅដើមឆ្នាំក្រោយ។ សម្រាប់ CSX របស់យើងមានផ្សារគោលសម្រាប់ក្រុមហ៊ុនធំៗដូចជាអេស៊ីលីដា និងផ្សារកំណើនសម្រាប់ SME»។ លោកបន្តថា៖ «យើងនឹងមើលឃើញ SME ប្រហែលជា ២-៣ នឹងត្រូវចុះបញ្ជីនៅឆ្នាំក្រោយ»។
យោងតាម «គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥» រដ្ឋាភិបាលបានកំណត់ទិសដៅពី ៨០-៩៥ ភាគរយនៃ SME នឹងត្រូវចុះបញ្ជីជាផ្លូវការដោយក្នុងចំណោមនោះពី ៥០-៧០ ភាគរយមានគណនី និងតារាងតុល្យការច្បាស់លាស់។
លោក ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសិប្បកម្មបានឲ្យដឹងក្នុងវេទិកាមួយនាពេលថ្មីៗនេះថា លទ្ធភាពទទួលបានហិរញ្ញវត្ថុគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាប្រឈមនានាសម្រាប់ SME ក្នុងស្រុកដែលពួកគេគួរតែពិចារណាការបោះផ្សាយមូលបត្រសាធារណៈលើកដំបូងដែលអាចឲ្យភាគហ៊ុនរបស់ពួកគេត្រូវបានទិញ និងជួញដូរនៅផ្សារហ៊ុនក្នុងស្រុក។
លោក សុខគង់ បានថ្លែងថា៖ «ពួកគេនឹងអាចនៅតែមានសមត្ថភាពប្រកួតប្រជែង ដោយសារពួកគេមានប្រភពហិរញ្ញវត្ថុ ដើម្បីពង្រីកផលិតភាព។ ប៉ុន្តែពួកគេគួរតែរៀបចំខ្លួនឲ្យហើយ និងធ្វើឲ្យមានការជឿជាក់ថា អាជីវកម្មរបស់ពួកគេត្រូវបានចុះបញ្ជីមានគណនី និងតារាងតុល្យការត្រឹមត្រូវផ្លូវការ»។
គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាបានឲ្យដឹងថា៖ «តាមពិត ទិសដៅនេះគឺសាមញ្ញ ប៉ុន្តែសំខាន់ដោយសារការកត់ត្រាត្រឹមត្រូវគឺជាយន្តការមួយក្នុងចំណោមយន្តការគ្រប់គ្រងជាច្រើន ដើម្បីត្រួតពិនិត្យស្ថានភាពអាជីវកម្ម និងប្រតិបត្តិការរបស់សហគ្រាសផ្ដល់គណនីភាពដល់ភាគទុនិក បម្រើជាឧបករណ៍ធានាក្នុងការទទួលបានហិរញ្ញវត្ថុ និងជាមូលដ្ឋានវាយតម្លៃសម្រាប់រដ្ឋាភិបាលក្នុងការផ្ដល់ការគាំទ្រ និងការលើកទឹកចិត្ត ដូចជាការបណ្ដុះបណ្ដាល និងជំនួយបច្ចេកទេសជាដើម»។
គោលនយោបាយបានកត់សម្គាល់ថា៖ «ផ្សារមូលបត្រអាចបម្រើជាយន្តការមួយក្នុងការកៀគរហិរញ្ញវត្ថុសម្រាប់ការវិនិយោគរយៈពេលវែង»។
លោក សុខគង់ បានបន្តថា ម្ចាស់ SME គួរតែព្យាយាមយល់ថា តើពួកគេទទួលបានអត្ថប្រយោជន៍ប៉ុន្មាន នៅពេលអាជីវកម្មរបស់ពួកគេត្រូវបានចុះបញ្ជីជាផ្លូវការ។ លោកកត់សម្គាល់ថា មាន SME ប្រហែល ៥២០ ០០០ នៅកម្ពុជាដោយក្នុងនោះ SME ប្រហែល ១៥០ ០០០ បានចុះបញ្ជី។
លោកបានថ្លែងថា៖ «វិស័យ SME គឺជាឆ្អឹងខ្នងកំណើនសេដ្ឋកិច្ច។ បើវិស័យនេះមានភាពរឹងមាំ ច្បាស់ណាស់វានឹងជួយចូលរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍប្រទេស»។
កាលពីដើមខែមករាលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានចេញអនុក្រឹតមួយ ដែលផ្ដល់ការលើកទឹកចិត្តពន្ធច្រើនដល់ក្រុមហ៊ុនដែលបំណងចុះបញ្ជីនៅផ្សារហ៊ុន ដោយមានការកាត់បន្ថយពន្ធលើប្រាក់ចំណូល ៥០ ភាគរយ និងការលុបចោលបំណុលពន្ធទាំងអស់ បើក្រុមហ៊ុនទាំងនោះចុះបញ្ជីនៅផ្សារហ៊ុន។ ការលើកទឹកចិត្តនេះនឹងផ្តល់ជូនរយៈពេល ៣ ឆ្នាំគិតចាប់ពីពេលដែលអនុក្រឹត្យនេះចេញផ្សាយ៕ LA