ភ្នំពេញៈ គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) ​បាន​ឲ្យ​ដឹងថា នឹង​មាន​សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) ​ចំនួន​ ២ ​មកពី​វិស័យ​សំណង់ និង​ភតិសន្យា​គ្រោង​នឹង​ធ្វើការ​បោះផ្សាយ​មូលបត្រ​កម្មសិទ្ធិ​លើ​ផ្សារកំណើន​នៅ​ផ្សារមូលបត្រ​កម្ពុជា​ (CSX) នា​ចុងឆ្នាំ​ ២០២០ នេះ​។

លោក សុខ ដារ៉ា អគ្គនាយករង SECC បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ចុង​សប្តាហ៍​មុន​ថា SECC ចាប់ផ្តើម​អនុវត្ត​គម្រោង​ឧត្តមភាព (Excellent Program) ​លើក​ទី​ ១ ក្នុង​ឆ្នាំ​ ២០១៨ ក្នុង​ការជួយ​លើកស្ទួយ​សមត្ថភាព SMEs ដើម្បី​ឲ្យ​ពួកគេ​អាច​មាន​ការត្រៀម​ខ្លួន​រួចរាល់​មាន​គុណវុឌ្ឍិ​សមស្រប​មាន​សមត្ថភាព​ប្រកួត​ប្រជែង​មាន​ផែនការ​អាជីវកម្ម​ច្បាស់លាស់ ព្រមទាំង​មាន​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​មាន​គុណវុឌ្ឍិ​អនុលោម​តាម​ក្រុមហ៊ុន​បោះផ្សាយ​មូលបត្រ​លក់​ភាគហ៊ុន​។ លោក​បន្តថា តាមរយៈ​នេះ​ពួកគាត់​អាច​ទទួលបាន​ការផ្តល់​ប្រឹក្សា​ពី​អ្នកជំនាញ​ដោយ​ពុំ​គិតថ្លៃ​ផងដែរ​។

លោក​បន្តថា កម្មវិធី EP ក្នុង​ ១ ​ដង​មាន​រយៈពេល​ ៤ ​ខែ និង​ចែក​ជា​ ៣ ​ដំណាក់កាល​។ កាលពី EP1 មាន​ក្រុមហ៊ុន ៧៣ ​បានដាក់​ពាក្យ​ក្នុងដំណាក់កាល ទី​ ១ និង​ទី​ ២ SECC បាន​ចុះ​ទៅដល់​ក្រុមហ៊ុន​ចំនួន​ ៣៨ ហើយ​ក្នុងដំណាក់កាល​ទី​ ៣ មាន​ក្រុមហ៊ុន​តែ ១៨ ប៉ុណ្ណោះ​ដែល​ត្រូវបាន​ជ្រើសរើស​។

លោក​បន្ថែមថា​ក្នុង​ចំណោម ១៨ គឺ​ក្រុមហ៊ុន ១០ ​ទទួល​បាន​រង្វាន់​ពី SECC​។ ដោយ​ក្នុង​ចំណោម ១០ ​ក្រុមហ៊ុន​នោះ​មាន ៨​ បាន​ដាក់​ពាក្យ​សម្តែង​ឆន្ទៈ​ក្នុង​ការបោះផ្សាយ​លក់​មូលបត្រ​។

លោក ដារ៉ា បាន​បន្តថា​៖ «​មកដល់​ពេល​នេះ​មាន​ក្រុមហ៊ុន ៣ ដែល​គាត់​បាន​បន្ត​នីតិវិធី​ជាប់លាប់ ហើយ​ក្នុង​បី​នោះ​គឺ​មាន ២ ក្រុមហ៊ុន​ស្ថិត​ក្នុង​នីតិវិធី​ឆ្ពោះទៅ IPO ធ្វើការ​បោះផ្សាយ​លក់​មូលបត្រ​សាធារណៈ​។

យើង​រំពឹងថា ក្រុមហ៊ុន ២ នេះ​អាច​នឹង​បញ្ចប់​នីតិវិធី​របស់គាត់​នៅ​ចុងឆ្នាំ​នេះ​។ ដោយ​ពួកគេ​គ្រោង​បោះ​នៅ​ផ្សារ​កំណើន (Growth Board) ដែល​មកពី​វិស័យ​សំណង់ និង​ភតិសន្យា ប៉ុន្តែ​យើង​នឹង​ពិនិត្យ​មើល​ជាក់ស្តែង ហើយ​បើតាម​ការរំពឹងទុក​របស់​គាត់ គឺ​ចុង​ឆ្នាំ​ ២០២០ នេះ​»​។

យោងតាម​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​កម្ពុជា​ឆ្នាំ​ ២០១៥-២០២៥ រដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​ទិសដៅ​ពី ៨០-៩៥​ ​ភាគរយ​នៃ SME នឹងត្រូវ​ចុះបញ្ជី​ជា​ផ្លូវការ ហើយ​ក្នុង​ចំណោម​នោះ​ពី ៥០ ​ទៅ ៧០ ​ភាគរយ​មាន​គណនី និង​តារាង​តុល្យការ​ច្បាស់លាស់​។

លោក Jong Weon Ha អនុប្រធាន CSX ធ្លាប់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មាន SMEs មួយចំនួន​កំពុង​រៀបចំ​ខ្លួន​ដើម្បី​ចុះបញ្ជី​លើ​ផ្សារ​កំណើន​ក្នុងឆ្នាំនេះ​។

លោក​ថ្លែងថា​៖ «​ផ្សារ​កំណើន​ត្រូវ​បាន​បង្កើតឡើង​ដើម្បី​ទាក់ទាញ​ឲ្យ​មាន​ក្រុមហ៊ុន​ច្រើន​ជាពិសេស​ពី​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​ធ្វើការ​បោះផ្សាយ និង​កៀរគរ​ទុន​ពង្រីក​អាជីវកម្ម​របស់ខ្លួន​»​។

យោងតាម​លោក ដារ៉ា SECC គ្រោង​ធ្វើ EP2 នៅ​ដើមឆ្នាំ​ ២០២០ ​នេះ ប៉ុន្តែ​ដោយសារ​ជំងឺ​កូវីដ​ក៏បាន​ពន្យារពេល​។

កាលពី​ដើម​ខែមករា ឆ្នាំ​មុន​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​មួយ​ដែល​ផ្ដល់​ការលើក​ទឹកចិត្ត​ពន្ធ​ច្រើន​ដល់​ក្រុមហ៊ុន​មាន​បំណង​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ដោយ​មាន​ការកាត់បន្ថយ​ពន្ធ​លើ​ប្រាក់​ចំណូល​ ៥០ ​ភាគរយ និង​ការលុបចោល​បំណុល​ពន្ធ​ទាំងអស់ បើ​ក្រុមហ៊ុន​ទាំងនោះ​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​។ ការលើក​ទឹកចិត្ត​នេះ​នឹង​ផ្តល់​ជូន​រយៈពេល​ ៣ ឆ្នាំ​គិត​ចាប់ពី​ពេល​ដែល​អនុក្រឹត្យ​នេះ​ចេញផ្សាយ​៕ LA