ភ្នំពេញៈ ធនាគារ អាស៊ី ចំកាត់ (ABA) ដែល​ជា​ធនាគារពាណិជ្ជ​ធំ​ទី​ ៣ ​នៅ​កម្ពុជា និង​ជា​បុត្រសម្ពន្ធ​របស់​ធនាគារ​ជាតិ​កាណាដា​ត្រូវ​បាន​ភ្នាក់ងារ​វាយតម្លៃ​អន្តរជាតិ Standard & Poor (S&P) ​ដំឡើង​ចំណាត់ថ្នាក់​ឥណទាន​រយៈពេល​វែង​ពី​កម្រិត «B» ទៅ «B+» ជាមួយ​នឹង​ទស្សនវិស័យ​ស្ថិរភាព​ដែល​ឆ្លុះបញ្ចាំង​អំពី​ដំណើរការ​អាជីវកម្ម​ដ៏ល្អ​ប្រសើរ​។

ទស្សនវិស័យ​ស្ថិរភាព​ក៏​ឆ្លុះបញ្ចាំង​ពី​ការយល់ឃើញ​ដែលថា ABA នឹង​គ្រប់គ្រង​កំណើន​ប្រាក់កម្ចី និង​ប្រាក់​បញ្ញើ​យ៉ាង​ឆាប់រហ័ស​ប្រកប​ដោយ​និរន្តរភាព​។ ភ្នាក់ងារ​វាយតម្លៃ​អន្តរជាតិ S&P បានផ្តល់​ចំណាត់ថ្នាក់​ឥណទាន​កម្រិត «B» ដល់​ធនាគារ ABA នៅក្នុង​ឆ្នាំ ២០១៧ និង​រក្សា​ចំណាត់ថ្នាក់​នេះ​ដដែល​រហូត​ឆ្នាំ​ ២០១៨​។

អ្នកជំនាញ​របស់ S&P ចាត់ទុក​សមត្ថភាព​នៃ​ការគ្រប់គ្រង និង​ប្រព័ន្ធ​ឌីជីថល​របស់​ធនាគារ ABA ថា​មានគុណ​សម្បត្តិ​ល្អ​ក្នុង​ការប្រកួតប្រជែង​រួម​ជាមួយ​នឹង​ការគាំទ្រ​ពី​សម្ព័ន្ធ​ធនាគារជាតិ​កាណាដា​ផងដែរ​។

បច្ចុប្បន្នភាព​នៃ​ការស្រាវជ្រាវ​របស់ S&P បាន​ឲ្យ​ដឹងថា​៖ «​យើង​បាន​ដំឡើង​ចំណាត់ថ្នាក់​ដល់​ធនាគារ ABA ដោយ​ផ្អែកលើ​សម្ភារ​របស់​ធនាគារ និង​ការកើនឡើង​ចំណែក​ទីផ្សារ​នៃ​ប្រាក់កម្ចី និង​ប្រាក់​បញ្ញើ​រួម​នឹង​ការទទួល​បាន​ប្រាក់ចំណេញ​លើស​ពី​មធ្យម​»​។

ការស្រាវជ្រាវ​បង្ហាញថា បច្ចុប្បន្ន ABA គឺជា​ធនាគារ​ធំ​លំដាប់​ទី​ ៣ ​នៅ​កម្ពុជា ហើយ​បណ្ដាញ​ធុរកិច្ច​របស់ខ្លួន​គ្របដណ្តប់​អតិថិជន​ទាំង​នៅក្នុង​ទីក្រុង និង​ជនបទ ក៏ដូចជា​ប្រព័ន្ធ​ឌីជីថល​ឈានមុខ​គេ​នៅក្នុង​ទីផ្សារ​ផងដែរ​។ S&P បាន​ឲ្យ​ដឹងថា​៖ «​តាម​ទស្សនៈ​របស់​យើង គុណសម្បត្តិ​ដ៏មាន​ភាពប្រកួតប្រជែង​របស់​ធនាគារ​ទំនង​ជា​នឹង​បន្ត​គាំទ្រ​ដល់​ស្ថិរភាព​អាជីវកម្ម​រយៈពេល​វែង​»​។

S&P បន្តថា​បណ្ដាញ​ធុរកិច្ច​របស់ ABA នៅ​ទូទាំងប្រទេស និង​វត្តមាន​ដ៏រឹងមាំ​ក្នុង​ការផ្តល់​កម្ចី​ដល់​អាជីវកម្ម​ខ្នាតតូច សហគ្រាស​ខ្នាតតូច និង​មធ្យម (MSME) ​នឹង​បន្ត​គាំទ្រ​ដល់​ជំហរ​អាជីវកម្ម​របស់​ខ្លួន​។

ធនាគារ ABA បាននិង​កំពុង​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន​យ៉ាង​ឆាប់រហ័ស​ចាប់តាំងពី​ឆ្នាំ​ ២០១០ ជាពិសេស​នៅក្នុង​ផ្នែក MSME​។

អ្នកវិភាគ​របស់ S&P បាន​ប៉ាន់ប្រមាណ​ថា គិត​ត្រឹម​ថ្ងៃ​ទី​ ៣០ ខែមិថុនា ឆ្នាំ​ ២០១៩ ចំណែក​ទីផ្សារ​របស់​ធនាគារ ABA មាន​ដល់​ទៅ​ប្រហែលជា​ ១០ ភាគរយ ​សម្រាប់​ប្រាក់កម្ចី និង​ប្រហែល​ជា​ ១២ ​ភាគរយ​ សម្រាប់​ប្រាក់​បញ្ញើ​។ ​​លោក Zhiger Atchabarov ប្រធាន​ផ្នែក​ប្រតិបត្តិការ​អន្តរជាតិ​របស់​ធនាគារ ABA បាន​ឲ្យ​ដឹងថា នេះ​ជា​លទ្ធផល​នៃ​ការអនុវត្ត​យុទ្ធសាស្ត្រ​អាជីវកម្ម​ត្រឹមត្រូវ ដែល​ផ្តល់​ប្រយោជន៍​ដល់​អតិថិជន និង​ម្ចាស់​ភាគហ៊ុន​។

លោក​ថ្លែងថា​៖ «​យើង​ពិតជា​រីករាយ​ណាស់​ដែល​ទទួលបាន​ការដំឡើង​ចំណាត់ថ្នាក់​ឥណទាន​ពី S&P ​ព្រោះ​វា​ឆ្លុះបញ្ចាំង​ពី​ដំណើរការ​ល្អ​របស់​យើង និង​បញ្ជាក់​ពី​ជំហរ​រឹងមាំ​របស់ ABA នៅក្នុង​ទីផ្សារ​»​។

លោក អ៊ិន ចាន់នី ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​ធ្លាប់​បាន​លើកឡើង​ថា ការធ្វើឲ្យ​ប្រសើរឡើង​នូវ​ចំណាត់ថ្នាក់​ឥណទាន​ដោយ​ក្រុមហ៊ុន​វាយតម្លៃ​ពិភពលោក​ដូចជា S&P គឺ​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ម៉ាក្រូ​សេដ្ឋកិច្ច​ល្អ​ក៏ដូចជា​ស្ថាប័ន​ផ្ទាល់ខ្លួន​ផងដែរ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍​កាលពី​ថ្ងៃទី​ ១០ ធ្នូ ថា កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ត្រូវបាន​គេ​ព្យាករ​ថា​នឹង​សម្រេចបាន​ក្នុង​រង្វង់​ ៧,១ ​ភាគរយ​នៅ​ឆ្នាំនេះ ឬ​គិត​ជា​ទឹកប្រាក់​ប្រមាណ​ ២៤ ពាន់​លាន​ដុល្លារ​ដោយសារ​ដំណើរការ​ល្អ​នៃ​វិស័យ​ឧស្សាហកម្ម​ដែល​បាន​កំពុង​បង្កើន​ប្រាក់ចំណូល​ក្នុងស្រុក​៕