ភ្នំពេញៈ ក្រុមហ៊ុន​ TADA ដែល​ផ្តល់​សេវាកម្ម​ដឹក​អ្នកដំណើរ​ដោយ​ប្រើ​កម្មវិធី​តាម​ទូរស័ព្ទដៃ​បាន​ហក់​ចូល​ក្នុង​វិស័យ​សេវា​ដឹកជញ្ជូន​ដើម្បី​បម្រើ​ដល់​ក្រុមហ៊ុន និង​ម្ចាស់​អាជីវកម្ម​ដែល​មាន​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ​។

ក្រុមហ៊ុន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​នៅ​ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ខិតខំ​ទប់ស្កាត់​ការរាតត្បាត​នៃ​វីរុស​កូវីដ​ ១៩ អាជីវកម្ម​លក់ដូរ​ទាំងឡាយ​ក៏​ប្រែ​ជា​ស្ងាត់ជ្រងំ ដោយ​ហេតុថា​អតិថិជន​ជាទូទៅ​កំពុង​អនុវត្ត​វិធានការ​រក្សា​គម្លាត​ពី​សង្គម​។

«​ក្នុង​នោះ​ផងដែរ អាជីវកម្ម​តូចៗ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បន្តដំណើរការ​អាជីវកម្ម​ជាធម្មតា​នោះ​ក៏​កំពុង​ប្រឈម​នឹង​ការលំបាក​ច្រើន​ណាស់​ដែរ ក្នុង​ការរក្សា​ទំនាក់ទំនង និង​ផ្គត់ផ្គង់​សេវាកម្ម​របស់​ខ្លួន​ជូន​ដល់​អតិថិជន​ជាហេតុ​នាំឱ្យ​អាជីវកម្ម​របស់​ពួកគាត់​ត្រូវ​ធ្លាក់ចុះ​ទាំង​មិនមាន​តម្រុយ​ថា​តើ​ពេលណា​ទើប​ស្ថានការណ៍​ត្រឡប់​មក​ប្រសើរ​ដូចដើម​វិញ​។

ក្រុមហ៊ុន TADA កំពុងផ្ដល់​ដំណោះស្រាយ​មួយ​ជូន​ដល់​អាជីវករ​ចំពោះ​បញ្ហា​នេះ ដោយ​ក្រុមហ៊ុន​បាន​បើក​ឱ្យ​ដំណើរការ​នូវ​សេវា​ដឹកជញ្ជូន​ TADA Delivery សម្រាប់​ជួយ​ឱ្យ​អាជីវករ​អាច​បន្ត​ផ្គត់ផ្គង់​សេវាកម្ម​ជូន​ដល់​អតិថិជន​របស់ខ្លួន​បាន​នៅ​គ្រប់ទិសទី​ក្នុង​រាជធានី​ភ្នំពេញ​»​។ នេះ​បើ​យោងតាម​ការ​ថ្លែង​អះអាង​របស់​ក្រុមហ៊ុន​។

ជា​ផ្នែក​មួយ​នៃ​ការបើក​ដំណើរការ​សេវា​នេះ​ក្រុមហ៊ុន TADA នឹង​បើក​បម្រើ​សេវាកម្ម​នេះ​ជូន​ដល់​អាជីវករ​​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ​រយៈពេល​ ១ ​ខែ​ពេញ​។

លោក ជីម ប៉ូលី ប្រធាន​ចាត់ការ​ទូទៅ​ក្រុមហ៊ុន TADA CAMBODIA បាន​មានប្រសាសន៍​ថា​៖ «​ហេតុផល​ដែល​យើង​បើក​នូវ​សេវាកម្ម​ដឹកជញ្ជូន​នេះ​គឺ​យើង​ចង់​ធ្វើការ​គាំទ្រ​មិន​ត្រឹមតែ អ្នកបើកបរ​ប៉ុណ្ណោះ​ទេ គឺ​យើង​ចង់​គាំទ្រ​រហូត​ទៅដល់​អាជីវករ និង​អាជីវកម្ម​ក្នុង​ស្រុក​របស់​យើង ដែល​កំពុង​ជួប​ការលំបាក នៅក្នុង​ពេល​កូវីដ​ ១៩ ព្រោះ​អាជីវករ​ភាគច្រើន​មិន​មាន​លទ្ធភាព​ក្នុង​ការជួល​សេវា​ដឹកជញ្ជូន​ដោយផ្ទាល់​ខ្លួន​នោះទេ​។ យើង​ផ្ដល់​ឱ្យ​គាត់​ក្នុង​រយៈពេល​ ១ ​ខែ ក្នុងការ​ដឹកជញ្ជូន​ឱ្យ​គាត់​ដោយ​ឥតគិតថ្លៃ​ក្នុង​ទីក្រុង​ភ្នំពេញ អ៊ីចឹង​សង្ឈឹម​ថា ការផ្ដល់​ជូន​ដោយ​ឥតគិតថ្លៃ​នេះ​អាច​ជួយ​អាជីវកម្ម និង​ការទំនាក់ទំនង​ឡើងវិញ​ជាមួយ​អតិថិជន​របស់​គាត់​»​។

សេវា TADA Delivery ដំណើរការ​ដោយ​ប្រព័ន្ធគ្រប់គ្រង​ការដឹកជញ្ជូន​តាម​អនឡាញ​ដ៏ទំនើប​មិន​ធ្លាប់​មាន​នៅ​កម្ពុជា​ព្រមទាំង​អាចជួយ​ឱ្យ​អាជីវករ​កក់ និង​ពិនិត្យមើល​លំហូរ​នៃ​ការដឹកជញ្ជូន​ទំនិញ​របស់​ពួកគាត់​បាន​យ៉ាង​ងាយស្រួល​។

ប្រព័ន្ធ​នេះ​ក៏​ជួយ​ឱ្យ​អាជីវករ​អាច​គ្រប់គ្រង​ការបង់ប្រាក់​ថ្លៃទំនិញ​របស់ខ្លួន​បាន​ផងដែរ ទាំង​ការទូទាត់​ជា​ក្រដាសប្រាក់ និង​ទូទាត់​តាម​គណនី​ដោយ​ថវិកា​នោះ​នឹង​ត្រូវ​ទទួល​ជំនួស​ដោយ​អ្នកបើក​រ៉ឺម៉ក​កង់​៣​។

ក្រុមហ៊ុន TADA បានឱ្យ​ដឹងថា ពីដំបូង​ឡើយ​ក្រុមហ៊ុន​គ្រោង​នឹង​ដាក់ឱ្យ​ដំណើរការ​នូវ​សេវា​ដឹកជញ្ជូន​នេះ​នៅ​ ២-៣ ​ខែ​ខាងមុខ​ឯណោះ​ទេ​។ ប៉ុន្តែ​ដោយហេតុថា វីរុស​កូវីដ​១៩ បាន​រាតត្បាត​ពាសពេញ​ពិភពលោក ក្រុមហ៊ុន​ក៏សម្រេចចិត្ត​ពន្លឿន​ពេល​បើក​ដំណើរការ​សេវា​នេះ​មុន​ផែនការ​វិញ ដើម្បី​ឆ្លើយតប​ទៅ​តាម​សេចក្ដី​ត្រូវការ​ដ៏ចាំបាច់​របស់​អាជីវករ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។

លោក ប៉ូលី បាន​បន្ថែមថា​៖ «[​នេះ​] ​គឺជា​ផ្នែក​មួយ​សំខាន់​ក្នុង​ការចូលរួម​ចំណែក​ក្នុង​ការសម្រេច​នូវ​ចក្ខុវិស័យ​របស់​យើង ថា​យើង​មិន​ត្រឹមតែ​អាចជួយ​ដៃគូ​បើកបរ​របស់​យើង​តែ​ប៉ុណ្ណោះ​ទេ យើង​ចង់​ជួយ​ដល់​អាជីវកម្ម អាជីវករ ឬ​ក៏​ដៃគូ​រកស៊ី​ជាមួយ​យើង​ទាំងអស់​គ្នា ជាពិសេស​ហ្នឹង​គឺ​ចង់​បន្ថែម​ទៅ​លើ​កិច្ចខំប្រឹងប្រែង​របស់​​រដ្ឋាភិបាល ដើម្បី​ធ្វើ​ម៉េច ស្ដារ​លទ្ធភាព​សេដ្ឋកិច្ច​យើង​ឱ្យ​ដូចដើម​វិញ​។ មិនតែ​ប៉ុណ្ណោះ​សេវាកម្ម​របស់​យើង​នៅ​មាន​ច្រើន​ទៀត ដែល​យើង​នឹង​ធ្វើការ​ប្រកាស​ក្នុង​ពេល​ឆាប់ៗ​នេះ ហើយ​ទាំងអស់​ហ្នឹង​គឺជា​ផ្នែក​មួយ​ដែល​យើង​ព្យាយាម​ធ្វើ​ដើម្បី​រួមចំណែក​ក្នុង​ការសម្រេច​បាន​នូវ​ចក្ខុវិស័យ​រយៈពេល​វែង​របស់​យើង​»៕