ភ្នំពេញៈ ជាមួយ​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​ក្នុង​ការប្រែក្លាយ​កម្ពុជា​ឲ្យ​ទៅជា​ប្រទេស​មាន​ប្រាក់ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ​ ២០៥០ អាច​សម្រេច​ទៅ​បាន​លុះត្រាតែ​ខ្លួន​ចេះ​ទាញ​ប្រយោជន៍​ពី​សក្ដានុពល​នៃ​បច្ចេកវិទ្យា​ដើម្បី​ធ្វើឲ្យ​ប្រសើរឡើង និង​ត្រូវធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច​ផងដែរ​។ បើតាម​របាយការណ៍​ចុងក្រោយ​បំផុត​របស់​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ (UNDP)​។

របាយការណ៍​នេះ​មាន​ឈ្មោះថា ការសម្រប​ខ្លួន​តាម និង​ការអនុវត្ត​បច្ចេកវិទ្យា​ឧស្សាហកម្ម ៤.០ នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ត្រូវបាន​រៀបចំ​ឡើង​ដោយ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) និង​អង្គភាព​ទំនាក់ទំនង​គោល​នយោបាយ (Policy Links Unit) (IfM ECS សាកលវិទ្យាល័យ Cambridge) និង​បាន​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​អង្គារ ដោយ​បង្ហាញ​ថា ប្រទេស​កម្ពុជា​ទទួល​បាន​នូវ​ការរីកចម្រើន​យ៉ាងច្រើន​ទៅលើ​ផ្នែក​សេដ្ឋកិច្ច ដោយ​មាន​កំណើន​ក្នុង​អត្រា​លើសពី​ ៧ ​ភាគរយ​ចាប់​តាំងពី​ឆ្នាំ​ ២០១១ និង​ចំណែក​ប្រជាជន​ដែល​រស់នៅក្នុង​ភាពក្រីក្រ​មាន​ជាង​ពាក់កណ្ដាល​នៅ​ទសវត្សរ៍​ចុងក្រោយ​នេះ​។

របាយការណ៍​នេះ​បន្តថា​៖ «​ដោយ​បាន​ទទួលស្គាល់​នៅក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ (IDP) ​ឆ្នាំ​ ២០១៥-២០២៥ ចក្ខុវិស័យ​នេះ​អាច​សម្រេចបាន លុះត្រាតែ​បច្ចេកវិទ្យា​ថ្មី​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បង្កើន​តម្លៃបន្ថែម​ឧស្សាហកម្ម​ត្រូវ​ធ្វើ​ពិពិធកម្ម​លើ​ការនាំចេញ និង​ពង្រឹង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ (SME)»​។

ផលិតកម្ម​របស់​ប្រទេស​កម្ពុជា​បាន​បង្កើន​ការរួមចំណែក​របស់​ខ្លួន​ដល់​សេដ្ឋកិច្ច​ក្នុង​រយៈពេល​ ២-៣ ​ទសវត្សរ៍​ចុងក្រោយ​នេះ ដែល​ភាគច្រើន​ត្រូវបាន​ជំរុញ​ដោយ​វិស័យ​សម្លៀកបំពាក់ និង​ឧស្សាហកម្ម​ស្បៀងអាហារ​។

ការរួមចំណែក​នៃ​ផលិតកម្ម​ដល់​ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) ​របស់​កម្ពុជា បាន​កើនឡើង​ពីក្រោម​ ១០ ​ភាគរយ​កាលពី​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ដល់​ជាង​ ១៦ ​ភាគរយ​កាលពី​ឆ្នាំ​ ២០១៨​។ ឧស្សាហកម្ម​នេះ​នៅពេលនេះ​ផ្ដល់​ការងារ​ ១,៤ ​លាន​នាក់​។

ទោះយ៉ាងណា ផលិតកម្ម​របស់​កម្ពុជា​ត្រូវ​បាន​ផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​វិស័យ​សំខាន់​ ២ គឺ​វាយនភណ្ឌ​សម្លៀកបំពាក់ និង​ស្បែកជើង ស្បៀងអាហារ និង​ភេសជ្ជៈ​។ ជាមួយ​គ្នា​នេះ​ក្នុងចំណោម​នោះ តម្លៃ​បន្ថែម​ផលិតកម្ម​មាន​ចំនួន​ ៨០ ​ភាគរយ និង​ការនាំចេញ​របស់​ប្រទេស​នេះ​មាន​ចំនួន​ ៧៦ ​ភាគរយ​។ នេះ​បើ​យោងតាម​របាយការណ៍​នេះ​។

របាយការណ៍​បន្តថា​៖ «​កម្ពុជា​មាន​ឱកាស​ក្នុង​ការបង្កើត​លក្ខខណ្ឌ​មួយចំនួន​ដើម្បី​គាំទ្រ​ការសម្រប​ខ្លួន​តាម និង​ការទទួល​យក​បច្ចេកវិទ្យា​ថ្មីៗ ដែល​រួមទាំង​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ ​ផងដែរ​។ កម្ពុជា​មាន​សេដ្ឋកិច្ច​រីកចម្រើន ជាមួយ​លំហូរ​វិនិយោគ​ផ្ទាល់​បរទេស (FDI) ដែល​កើនឡើង និង​ភាគលាភ​នៃ​ប្រជាសាស្ដ្រ​ដែល​មាន​ប្រជាជន​វ័យក្មេង​»​។

របាយការណ៍​បន្តថា​៖ «​គំនិត​ផ្ដួចផ្ដើម​មួយចំនួន​ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ ដើម្បី​លើកកម្ពស់​បច្ចេកវិទ្យា និង​នវានុវត្តន៍​នៅក្នុង​ប្រទេស​នេះ ដែល​រួមមាន​ក្របខ័ណ្ឌ​ការងារ​ជា​យុទ្ធសាស្ដ្រ​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា​។ មានឱកាស​ក្នុង​ការទាញ​យក​ធនធាន​បចេ្ចកវិទ្យា​ពី FDI ដើម្បី​ទាញយក​ភាពខ្លាំង​ពី​ការចូលរួម​ក្នុង​ចង្វាក់​តម្លៃ​ពិភពលោក និង​ដើម្បី​អភិវឌ្ឍ និង​បង្កើត​ភាពជា​ដៃគូ​សេដ្ឋកិច្ច​អន្តរជាតិ​»​។

លោក Nick Beresford តំណាង​ប្រធាន​របស់ UNDP ប្រចាំ​នៅ​កម្ពុជា​បាន​ថ្លែង​ក្នុង​អំឡុង​ការដាក់​ឲ្យ​ដំណើរការ​របាយការណ៍​នេះ​ថា របាយការណ៍​នេះ​នឹង​ផ្ដល់​ដល់​រដ្ឋាភិបាល​នូវ​ផែនទី​តម្រង់ទិស​សម្រាប់​ការអភិវឌ្ឍ​នៃ​បច្ចេកវិទ្យា​ឌីជីថល​។

លោក Nick ថ្លែងថា​៖ «​សហគ្រាស​តិចតួច​បំផុត​នៅ​កម្ពុជា​មាន​ការយល់ដឹង កុំថាឡើយ​ការទទួល​បាន​បដិវត្ដន៍​ឧស្សាហកម្ម​ទី​ ៤ ​នោះ​។ ជា​លទ្ធផល សេដ្ឋកិច្ច​កំពុង​បាត់បង់​ការទទួល​បាន​កំណើន​ផលិតភាព​ផលិតកម្ម​ដ៏ធំ និង​កម្មករ​កំពុង​បាត់បង់​ការងារ​ជំនាញ​ខ្ពស់ និង​ប្រាក់ខែ​ខ្ពស់​។ របាយការណ៍​នេះ​គឺជា​សមភាគី​ដ៏ល្អ​ប្រសើរ​បំផុត​ចំពោះ​ការងារ​ដែល​អនុវត្ត​ដោយ​រាជរដ្ឋាភិបាល លើ​យុទ្ធសាស្ដ្រ​ឌីជីថល​របស់​ប្រទេស​កម្ពុជា ហើយ​យើង​ចង់​រួមបញ្ចូល​ទាំង​ ២ ​លើ​ការងារ​នេះ​»​។

របាយការណ៍​ឲ្យ​ដឹងថា វិស័យ​សំខាន់​ ៥ ​ត្រូវបាន​កំណត់​ក្នុង​ការកែលម្អ​ដើម្បី​អនុញ្ញាត​ឲ្យ​កម្ពុជា សម្រប​ខ្លួន​តាម និង​ការអនុវត្ត​បដិវត្តន៍ ឧស្សាហកម្ម​ទី​ ៤ ​រួមមាន​៖ ហេដ្ឋារចនាសម្ព័ន្ធ​ជា​មូលដ្ឋាន និង​ឌីជីថល ក្របខ័ណ្ឌ​ការងារ​ស្ថាប័ន ការតភ្ជាប់​បណ្ដាញ ការអភិវឌ្ឍ​ជំនាញ និង​សមត្ថភាព​នវានុវត្តន៍​។

នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​ស្ដីពី​ «​គោលនយោបាយ និង​ទិសដៅ​សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា​» កាលពី​ខែ​មីនា​ឆ្នាំ​មុន លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថ្លែងថា សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​ដូចជា​ប្រទេស​កម្ពុជា បច្ចេកវិទ្យា​ថ្មីៗ​ផ្ដល់​ឱកាស​ក្នុង​ការលោត​ផ្លោះ ដំណាក់កាល​អភិវឌ្ឍន៍​ធ្លាប់​អនុវត្ត​។

លោក​ថ្លែងថា​៖ «​នៅក្នុង​បរិការណ៍​នៃ​ការធ្វើ​សកលភាវូបនីយកម្ម និង​សមាហរណកម្ម​ពិភពលោក ពិតណាស់​កម្ពុជា​មិនអាច​ចៀស​ផុតពី​ផលប៉ះពាល់​ដោយសារ​តែ​បដិវត្តន៍​ឧស្សាហកម្ម​ទី​ ៤ ​នោះ​ទេ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ត្រូវផ្ដោត​ការយកចិត្ត​ទុកដាក់​លើ​ការចាប់យក​ឱកាស ខណៈ​ដែល​យើង​ក៏​កំពុង​គ្រប់គ្រង​ហានិភ័យ​ផងដែរ​»​។

លោក​បញ្ជាក់ថា សេដ្ឋកិច្ច​ឌីជីថល​របស់​កម្ពុជា​នៅតែ​ស្ថិតក្នុង​ដំណាក់កាល​ដំបូង​។ កម្ពុជា​អាច​ត្រូវ​ចំណាយ​រយៈពេល​ ៥ ​ឆ្នាំ​ដំបូង​ក្នុង​ការទទួល​យក​នូវ​ធាតុ​សំខាន់ៗ ឬ​ត្រៀមខ្លួន​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល​ឲ្យ​ហើយ ហើយ​នឹង​ចំណាយ​រយៈពេល​ ៥ ​ឆ្នាំ ឬ​ ១០ ​ឆ្នាំ​ផ្សេងទៀត​ដើម្បី​ធ្វើឲ្យ​សេដ្ឋកិច្ច​ឌីជីថល​រីកចម្រើន និង​ដើម្បី​វិស័យ​បច្ចេកវិទ្យា​ជំរុញ​កំណើន​។

កាលពី​ខែតុលា ឆ្នាំ​ ២០១៩ រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​គណៈកម្មាធិការ​អន្តរក្រសួង​ដើម្បី​ធ្វើការងារ​លើ​ការចងក្រង​សេចក្ដី​ព្រាង​លើ​ក្របខ័ណ្ឌ​ការងារ​សម្រាប់​សេដ្ឋកិច្ច​ឌីជីថល និង​គោលនយោបាយ​ដោយ​បង្កើត​មូលនិធិ​ ៥ ​លាន​ដុល្លារ ដើម្បី​ជំរុញ​ក្រុមហ៊ុន​ឌីជីថល​ថ្មីៗ​៕LA