ក្រុងញូវយ៉កៈ ក្រុមហ៊ុន​អាកាសចរណ៍ United Airlines បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​បាន​បញ្ជា​ទិញ​យន្តហោះ Airbus A321XLR ចំនួន ៥០ គ្រឿង​តម្លៃ​ប្រមាណ ៦,៥ ពាន់​លាន​ដុល្លារ ដើម្បី​ជំនួស​យន្តហោះ Boeings ដែល​ចាស់​ណាស់​ទៅហើយ​។

ក្រុមហ៊ុន United Airlines បាន​ឲ្យ​ដឹងថា យន្តហោះ​ថ្មី Airbus ទាំងនេះ​ដែល​នឹងត្រូវ​ប្រគល់​ក្នុង​ឆ្នាំ​ ២០២៤ អាច​នឹង​ឲ្យ​ក្រុមហ៊ុន​អាកាសចរណ៍ United បញ្ឈប់​ការហោះហើរ​យន្តហោះ Boeing 757-200s ដែល​មាន​អាយុ​ចាស់​ហើយ​។

ការបញ្ជាទិញ​យន្តហោះ Airbus នេះ​ជា​ការវាយប្រហារ​ចុងក្រោយ​បំផុត​ដល់​ក្រុមហ៊ុន Boeing ដែល​បាន​ជាប់​ក្នុង​វិបត្តិ​យ៉ាងជ្រៅ​រួចហើយ​ជុំវិញ​បញ្ហា​យន្តហោះ 737 MAX របស់ខ្លួន​។

ក្រុមហ៊ុន Boeing ដែល​យន្តហោះ 737 MAX របស់​ខ្លួន​ត្រូវបាន​ចត​ចោល​ទូទាំង​ពិភពលោក បន្ទាប់ពី​ការធ្លាក់​យន្តហោះ​ ២ ​គ្រឿង បច្ចុប្បន្ន​មិនមាន​យន្តហោះ​ថ្មី​ដើម្បី​ប្រកួតប្រជែង​ជាមួយ​យន្តហោះ Airbus A321XLR នៅក្នុង​ទីផ្សារ​តម្លៃ​មធ្យម​ឡើយ​។

ក្រុមហ៊ុន Airbus បានដាក់​បង្ហាញ​យន្តហោះ A321XLR តែ​នៅ​ឆ្នាំនេះ​ប៉ុណ្ណោះ នៅក្នុង​ពិព័រណ៍​យន្តហោះ​ទីក្រុង​ប៉ារីស​កាលពី​ខែមិថុនា​។

តម្លៃ​សម្រាប់​យន្តហោះ​ច្រក​ដើរ​តែមួយ​នេះ​ខ្ពស់​ជាង​យន្តហោះ A321LR ដែលជា​ម៉ូដែល​មុន​របស់​ខ្លួន ១៥ ​ភាគរយ​ដែល​ធ្វើឲ្យ​យន្តហោះ​នេះ​ក្លាយ​ជា​យន្តហោះ​ចំណាយ​ទាប​មួយ​ជា​ជម្រើស​ចំពោះ​យន្តហោះ​តួខ្លួន​ធំ​រយៈ​ចម្ងាយ​ឆ្ងាយ​។

ក្រុមហ៊ុន​អាកាសចរណ៍ United បាន​ឲ្យ​ដឹងថា ខ្លួន​មាន​បំណង​ប្រើប្រាស់​យន្តហោះ​ថ្មី​នេះ ដើម្បី​បម្រើ​ទិសដៅ​អឺរ៉ុប​បន្ថែម​ទៀត​ពី​មជ្ឈមណ្ឌល East Coast របស់​អាមេរិក​នៅ​ទីក្រុង Newark ឬ​ទីក្រុង​ញូវយ៉ក និង​ទីក្រុង​វ៉ាស៊ីនតោន​។

ប្រភព​ដឹង​ពី​បញ្ហា​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដោយ​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះថា ក្រុមហ៊ុន​អាកាសចរណ៍ United បាន​ងាក​ទៅ​រក​ក្រុមហ៊ុន Airbus សម្រាប់​ការទិញ​នេះ ដោយសារ​តែ​កង្វះ​យន្តហោះ​របស់​ក្រុមហ៊ុន Boeing នៅក្នុង​ទីផ្សារ​តម្លៃ​មធ្យម​។

ប្រភព​នេះ​ឲ្យ​ដឹងថា​៖ «​ថ្មីៗ​នេះ​មិនមាន​យន្តហោះ​ដែល​ផ្ដល់​ដោយ​ក្រុមហ៊ុន Boeing ដែល​អាច​ជំនួស​យន្តហោះ​នោះទេ 757 បានទេ​»៕ LA