ភ្នំពេញៈ ធនាគារ Woori Bank របស់​កូរ៉េ​ខាង​ត្បូង​បាន​ទិញ​យក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ VisionFund (Cambodia) ទាំងស្រុង ក្នុង​តម្លៃ​​​មួយ​ដែល​មិន​ត្រូវ​​បាន​បង្ហាញ​​ជា​សាធារណៈ។​ នេះ​បើ​យោង​តាម​តំណាង​របស់​ធនាគារ Woori Bank បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​។

លោក Daniel Chang អ្នកនាំពាក្យ​ធនាគារ Woori Bank បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នេះ​នឹង​ប្រតិបត្តិការ​ក្រោម​ឈ្មោះ​ថ្មី WB Finance​។

លោក​បាន​ឲ្យ​ដឹង​ថា​កិច្ចព្រមព្រៀង​នេះ​ត្រូវ​បាន​យល់ព្រម​ដោយ​ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) ហើយ​បាន​ចុះបញ្ជី​នៅ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​រួចរាល់​ហើយ​។ លោក​ថ្លែង​ថា​៖ «​ធនាគារ Woori ប្ដេជ្ញាចិត្ត​នឹង​ធ្វើឲ្យ​រីកចម្រើន​ជាមួយ​ប្រទេស​កម្ពុជា ហើយ​រៀបចំ​ផែនការ​ក្នុង​ការ​ក្លាយជា​​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ឈាន​មុខ​គេ​មួយ​នៅក្នុង​ប្រទេស​នេះ ដោយ​មាន​ទិសដៅ​ក្នុង​ការ​ក្លាយ​ខ្លួន​ជា ធនាគារពាណិជ្ជ​នៅ​ពេល​អនាគត​»​។

ធនាគារ Woori Bank នៅពេល​នេះ​កំពុង​ប្រតិបត្តិការ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​មាន​ស្រាប់​នៅក្នុង​ប្រទេស​កម្ពុជា​គឺ Woori Finance (Cambodia)​។

លោក​ថ្លែង​ថា ធនាគារ​នេះ​នឹង​ច្របាច់​បញ្ចូល​គ្នា​រវាង Woori Finance (Cambodia) និង VisionFund (Cambodia) បច្ចុប្បន្ន នៅពេល​ដ៏ខ្លី​ខាង​មុខ​នេះ​។

របាយការណ៍​ត្រួត​ពិនិត្យ​ប្រចាំ​ឆ្នាំ​របស់​ NBC បង្ហាញ​ថា​ទ្រព្យសកម្ម​សរុប​របស់ VisionFund (Cambodia) មាន​ចំនួន ១៩៤ លាន​ដុល្លារ​ត្រឹម​ចុង​ឆ្នាំ​ ២០១៧ ខណៈ​កម្ចី​នៅ​ក្នុង​អំឡុងពេល​នេះ​មាន ១៦៨ ​លាន​ដុល្លារ​។

VisionFund Cambodia រាយការណ៍​ប្រាក់​ចំណេញ បន្ទាប់ពី​បង់ពន្ធ​ក្នុង​ចំនួន ៣,៧ ​លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៧​។ គិត​ត្រឹម​ឆ្នាំ​ ២០១៧ VisionFund (Cambodia)​ ​មាន​បុគ្គលិក ១ ៣៨៩ នាក់​។

លោកស្រី ជា សិរី អគ្គនាយិកា​ធនាគារជាតិ​នៃ​កម្ពុជា (NBC) បាន​បញ្ជាក់​ពី​កិច្ចព្រមព្រៀង​ទិញ​ភាគហ៊ុន​ក្រុមហ៊ុន​កាលពី​ម្សិលមិញ​។ លោកស្រី​បន្ត​ថា Woori ជា​ធនាគារ​ពាណិជ្ជ​កូរ៉េ​ឈាន​មុខ​គេ ដូច្នេះ​ពួកគេ​អាច​នាំ​យក​បច្ចេកវិទ្យា​ថ្មី និង​ចំណេះ​ធ្វើ​ដល់​ទីផ្សារ​កម្ពុជា​។

លោក Michael Mithika ប្រធាន និង​អគ្គនាយក VisionFund International ជា​​ក្រុមហ៊ុន​មេ​របស់ VisionFund (Cambodia) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​តាម​អ៊ីមែល​កាលពី​ម្សិលមិញ​ថា ខណៈ​ប្រទេស​កម្ពុជា​ ពេល​នេះ​ពេញ​ដោយ​គ្រឹះស្ថាន​ផ្ដល់​កម្ចី​ខ្នាត​តូច វា​ដល់​ពេល​សម្រាប់ VisionFund International ក្នុង​ការផ្លាស់ប្តូរ​ការផ្ដោត​របស់​ខ្លួន​ទៅ​ប្រទេស​ដែល​មាន​ផលិតផល​មីក្រូហិរញ្ញវត្ថុ​តិចតួច​វិញ​។

ទោះបី​យ៉ាង​នេះ​ក្តី​លោក​ថ្លែង​ថា​៖ «​អតិថិជន​​ដែល​មាន​ស្រាប់​រួម​ទាំង​ប្រជាជន​ក្រីក្រ ឬ​អ្នក​យក​កម្ចី​តូចៗ​នឹង​បន្ត​បម្រើ​ដោយ​បណ្ដាញ​សាខា​ទូទាំង​ប្រទេស​របស់ VisionFund Cambodia ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ធនាគារ Woori Bank»​។

យោង​តាម​លោក Michael Mithika VisionFund International បាន​ធ្វើការ​សម្រេច​ចិត្ត​ក្នុង​ការ​ស្វែងរក​ម្ចាស់​ថ្មី​សម្រាប់ VisionFund Cambodia មុន​ពេល​ការកម្រិត​អត្រា​ការប្រាក់ ១៨ ​ភាគរយ​ត្រូវ​បាន​ប្រកាស​ដោយ NBC កាលពី​ខែ​មេសា ឆ្នាំ​ ២០១៧​។

លោក ស៊ាន ធនិន្ទ សាស្ដ្រាចារ្យ​សេដ្ឋកិច្ច​នៅ​សាកលវិទ្យាល័យ​កម្ពុជា និង ​ជា​អ្នកជំនាញ​ខាង​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​បាន​ថ្លែង​កាលពី​​ម្សិលមិញ​ថា កិច្ចព្រមព្រៀង​ថ្មី​នេះ​អាច​ជា​និន្នាការ​គួរ​ឲ្យ​បារម្ភ ខណៈ​ការ​ផ្ដល់​កម្ចី​ខ្នាត​តូច​នឹង​លែង​មាន ដោយសារ​តែ​ក្រុម​វិនិយោគិន​ថ្មី​ជា​គ្រឹះស្ថាន​ធនាគារពាណិជ្ជ​។

លោក​ព្យាករ​ថា​ ​ម្ចាស់​នេះ​នឹង​ផ្លាស់ប្តូរ​គំរូ​អាជីវកម្ម​ទៅ​រក​សេវា​ធនាគារ ដូចជា SME ឬ កម្ចី​ពាណិជ្ជកម្ម​ព្រម​ទាំង​កម្ចី​ទំហំ​កាន់តែ​ធំ ដើម្បី​តម្រូវ​ជាមួយ​ការកម្រិត​អត្រា​ការប្រាក់​កម្ចី​របស់ NBC ចំនួន​ ១៨ ​ភាគរយ​ក្នុង​មួយ​ឆ្នាំ​។

លោក​បន្ត​ថា​៖ «​នៅពេល MFI ជាច្រើន​ផ្លាស់ប្តូរ​ពី​ការ​ផ្ដោត​លើ​កម្ចី​ខ្នាតតូច​ទៅ​កម្ចី​មធ្យម គ្រួសារ​មាន​ប្រាក់​ចំណូល​ទាប​នឹង​លែងមាន​ជម្រើស​នៃ​ការទទួល​ការផ្ដល់​ហិរញ្ញប្បទាន ហើយ​បន្ទាប់មក​ពួកគេ​អាច​ទៅ​វិស័យ​ក្រៅ​ប្រព័ន្ធ ដូចជា អ្នក​ចងការ​ប្រាក់​ឯកជន និង​អ្នក​ផ្ដល់​កម្ចី ការប្រាក់​ខ្ពស់​»៕LA