
កម្មករកំពុងធ្វើការនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ េ្រហ្គនធ្វីន ដែលជាក្រុមហ៊ុនចុះបញ្ជីក្នុងផ្សារហ៊ុនកម្ពុជានាពេលកន្លងមក។ ភ្នំពេញ ប៉ុសិ៍្ត
ភ្នំពេញៈ ការនាំចេញរបស់កម្ពុជាទៅទីផ្សារសហភាពអឺរ៉ុប (EU) អាចនឹងមានការថយចុះជាទឹកប្រាក់ចន្លោះពី ៥១៣ លាន ទៅ ៦៥៤ លានដុល្លារក្នុង ១ ឆ្នាំ បើ EU សម្រេចដកប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា។ នេះបើយោងតាមការប៉ាន់ស្មានរបស់ធនាគារពិភពលោក ក្នុងរបាយការណ៍ថ្មីមួយចេញផ្សាយកាលពីថ្ងៃចន្ទ។
ការប៉ាន់ស្មាននេះគឺពឹងផ្អែកលើទឹកប្រាក់នៃការនាំចេញទំនិញ ៣ មុខសំខាន់របស់កម្ពុជាទៅអឺរ៉ុបកាលពីឆ្នាំមុន ដោយរួមមាន សម្លៀកបំពាក់ ស្បែកជើង និងអង្ករ។ ផលប៉ះពាល់ពីការនាំចេញកង់ទៅទីផ្សារអឺរ៉ុបដែលមានទឹកប្រាក់ ៣៣១ លានដុល្លារ កាលពីឆ្នាំមុន មិនត្រូវបានសិក្សាពីផលប៉ះពាល់នៃកាតព្វកិច្ចពន្ធនៅឡើយ។
EU បានសម្រេចរួចហើយក្នុងការយកពន្ធលើអង្ករនាំចូលពីកម្ពុជាដោយបានអនុវត្តចាប់ពីថ្ងៃទី ១៨ ខែ មករាទៅ ដែលតម្រូវឲ្យអង្ករនាំចូលពីកម្ពុជា ត្រូវបង់ពន្ធរយៈពេល ៣ ឆ្នាំក្នុងអត្រា ១៧៥ អឺរ៉ូ (ប្រហែល ២០០ ដុល្លារ) ក្នុង ១ តោននៅឆ្នាំដំបូង។
លោកស្រី អ៊ិនហ្គូណា ដូប្រាចា នាយិកាគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានលើកឡើងថា សម្រាប់ការរក្សាកំណើនខ្លាំងក្នុងរយៈពេលមធ្យម កម្ពុជាគួរធ្វើឲ្យប្រសើរឡើងដល់បរិយាកាសវិនិយោគ និងការកាត់បន្ថយថ្លៃចំណាយក្នុងការធ្វើធុរកិច្ច ព្រមទាំងការកសាងជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត សុទ្ធតែជាអាទិភាពគន្លឹះ។
លោកស្រីបញ្ជាក់ថា៖ «ភ័ស្តុតាងនានាបានរំលេចឲ្យឃើញថា ការវិនិយោគទៅលើប្រជាជនមានសារៈសំខាន់ណាស់ ដើម្បីជំរុញឲ្យមានវឌ្ឍនភាពសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាព។ ការវិនិយោគទៅលើប្រជាជន និងការកែលម្អគុណភាពនៃមូលធនមនុស្សរបស់កម្ពុជា គួរតែបន្តនៅជាស្នូលនៃសេចក្តីប្រាថ្នារបស់កម្ពុជាក្នុងការឈានទៅសម្រេចគោលដៅជាសេដ្ឋកិច្ចមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ ២០៣០»។
ក្នុងរបាយការណ៍របស់ធនាគារពិភពលោកកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅឆ្នាំនេះត្រូវបានព្យាករថា មានអត្រា ៧ ភាគរយ។ យ៉ាងណាក៏ដោយ ចំណុចមួយនៃហានិភ័យដែលប៉ះពាល់ដល់ការព្យាករកំណើន ធនាគារនេះបានលើកឡើងពីការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធទៅអឺរ៉ុប ការផ្តោតលើលំហូរចូលវិនិយោគផ្ទាល់ពីចិន និងកំណើនការផ្តល់កម្ចីទៅវិស័យមួយចំនួន។
របាយការណ៍របស់ធនាគារពិភពលោក បានបង្ហាញថា តម្លៃនាំចេញសម្លៀកបំពាក់របស់កម្ពុជាទៅទីផ្សារ EU មានចំនួន ៣,៦៥ ពាន់លានដុល្លារ កាលពីឆ្នាំ ២០១៨ ខណៈស្បែកជើងមានតម្លៃ ៥០៨ លានដុល្លារ និងអង្ករមានតម្លៃ ១៧៧,៥ លានដុល្លារ។
ជារួមពន្ធនាំចូលរបស់ EU លើផលិតផលសម្លៀកបំពាក់ ១២ ភាគរយ ស្បែកជើង ១៦ ភាគរយ និងកង់ ១០ ភាគរយ។ ផ្អែកលើពន្ធនាំចូលនេះ ធនាគារពិភពលោកប៉ាន់ប្រមាណថា ក្នុងករណីមានការយកពន្ធនាំចូល ការនាំចេញសម្លៀកបំពាក់ធ្លាក់ចុះនៅចន្លោះពី ៣២០ លានដុល្លារទៅ ៣៨១ លានដុល្លារ បើគិតពីតម្លៃ។
ការនាំចេញអង្ករធ្លាក់ចុះនៅចន្លោះពី ៦៥ លានដុល្លារ ទៅ ១៤៤ លានដុល្លារ ខណៈការធ្លាក់ចុះការនាំចេញស្បែកជើងដែលប៉ាន់ប្រមាណប្រហែល ១២៨ លានដុល្លារ។
លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា ដែលបានចូលរួមនៅក្នុងពិធីដាក់ឲ្យដំណើរការរបាយការណ៍របស់ធនាគារពិភពលោកកាលពីម្សិលមិញ បានប្រាប់ក្រុមអ្នកយកព័ត៌មានថា រដ្ឋាភិបាលបានរៀបចំយុទ្ធសាស្ដ្រ ដើម្បីបង្ការហានិភ័យបើ EU សម្រេចចិត្តដក EBA ពីប្រទេស កម្ពុជា។
លោកស្រីថ្លែងថា៖ «រដ្ឋាភិបាលបានរៀបចំគម្រោង ដើម្បីទប់ទល់រួចហើយ ប្រសិនបើគេដកមែន។ តែយើងសង្ឃឹមថា ខាង EU គេនឹងមិនដកទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីចុងខែមីនា បានប្រកាសដាក់ចេញកំណែទម្រង់ទ្រង់ទ្រាយធំមួយមិនធ្លាប់មានដោយសម្រេចដាក់ចេញយុទ្ធសាស្ត្រ ១៧ ចំណុចរួមមាន ការកាត់បន្ថយថ្លៃដឹកជញ្ជូនទំនិញតាមនាវា ថ្លៃសេវាកំពង់ផែ ការកាត់បន្ថយថ្លៃអគ្គិសនី និងកំណែទម្រង់ការគ្រប់គ្រងប្រតិបត្តិការផ្លូវដែក ដើម្បីសម្រួលដល់ការធ្វើអាជីវកម្មដោយលោកអះអាងថា នឹងជួយសន្សំការចំណាយលើការធ្វើអាជីវកម្មរបស់វិស័យឯកជនដល់ទៅ ៤០០ លានដុល្លារក្នុង ១ ឆ្នាំ៕ LA