ភ្នំពេញៈ ចក្ខុវិស័យ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​កំពុង​ប្រឈម​បញ្ហា​មួយចំនួន រួមមាន​កំណើន​នៃ​ការផ្តល់​ឥណទាន​ក្នុង​វិស័យ​សំណង់ និង អចលនទ្រព្យ កំណើន​បំណុល និង​បញ្ហា​ប្រឈម​នៃ​ការបាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ។ នេះ​បើ​តាម​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក​សម្រាប់​ខែ​តុលា ឆ្នាំ​ ២០១៩ ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

របាយការណ៍​នេះ​បង្ហាញ​ថា ការផ្តល់​ឥណទាន​នៅ​ប្រទេស ​កម្ពុជា ​បច្ចុប្បន្ន​ដោយ​ធនាគារ និង​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​មាន​ទំហំ​ជាង​ ១០០ ​ភាគរយ ​នៃ​ផលិតផល​ក្នុង​ស្រុក​សរុប ខណៈ​ការដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA និង​ការធ្លាក់ចុះ​យឺតៗ​នៃ​សេដ្ឋកិច្ច​ចិន​នឹង​ធ្វើឲ្យ​រាំងស្ទះ​ដល់​កំណើន​សេដ្ឋកិច្ចកម្ពុជា​។

របាយការណ៍​បាន​ឲ្យ​ដឹងថា​៖ «​ការពង្រឹង​សមត្ថភាព និង​ការត្រៀមខ្លួន​ជាមុន​សម្រាប់​វិបត្តិ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ​គឺជា​ជំហាន​ដំបូង​ដ៏សំខាន់​មួយ​»​។ របាយការណ៍​នេះ​បាន​បន្តថា​៖ «​លំហូរ​ទុនវិនិយោគ​ផ្ទាល់​ពី​បរទេស​យ៉ាងច្រើន​មក​កម្ពុជា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងមក​អាច​នឹង​មិនមាន​ស្ថិរភាព ជាពិសេស​ក្នុង​បរិបទ​មិន​ច្បាស់លាស់​កំណើន​ពិភពលោក និង​ការធ្លាក់ចុះ​របស់​ប្រទេស​ ចិន​»​។

ធនាគារ​ពិភពលោក​បាន​ឲ្យ​ដឹងថា ការធ្វើឲ្យ​ប្រសើរឡើង​នូវ​ការ​ក្រកួតប្រជែង​ខាងក្រៅ​របស់​ប្រទេស​កម្ពុជា​គឺជា​រឿង​ចាំបាច់​ដើម្បី​រក្សា​កំណើន​ឲ្យ​បាន​ក្នុង​កម្រិត​មធ្យម​។

របាយការណ៍​ឲ្យ​ដឹងថា​៖ «​វា​ជា​ចាំបាច់ ដើម្បី​លើកកម្ពស់​ការប្រកួតប្រជែង​ខាង​ក្រៅ​ប្រទេស​តាមរយៈ​ការបង្កើន​ផលិតភាព បន្ទាប់ពី​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​រោងចក្រ​»​។

ថ្មីៗ​នេះ​រដ្ឋាភិបាល​បាន​ចេញ​វិធានការ​មួយចំនួន​ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​ពាណិជ្ជកម្ម ដោយ​បញ្ចុះតម្លៃ​ចំណាយ​លើ​ការដឹកជញ្ជូន និង​គាំពារ​ធុរកិច្ច​ដោយ​កាត់បន្ថយ​ចំនួន​ថ្ងៃ​ឈប់សម្រាក​ជាដើម​។

ទោះបី​យ៉ាង​ណា​អ្នកជំនាញ​បាន​ឲ្យ​ដឹងថា ប្រសិនបើ​កម្ពុជា​បាត់បង់​កិច្ចព្រមព្រៀង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ «​អ្វីៗ​ទាំងអស់​លើកលែង​តែ​អាវុធ​» រវាង​អឺរ៉ុប និង​កម្ពុជា​នឹង​អាច​ប៉ះពាល់​ដល់​ការនាំចេញ​រយៈពេល​ខ្លី​។

លោក Andrew Mason សេដ្ឋវិទូ​ជាន់ខ្ពស់​សម្រាប់​តំបន់​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក​នៃ​ធនាគារ​ពិភពលោក​បាន​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​វីដេអូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ធនាគារ​ពិភពលោក​បានធ្វើការ​យ៉ាង​ដិតដល់​ចំពោះ​សេដ្ឋកិច្ច​របស់​ប្រទេស​ កម្ពុជា​ ចំពោះ​អ្វីដែល​អាច​នឹង​កើតឡើង​សម្រាប់​ EBA​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា​ការនាំចេញ​របស់​កម្ពុជា​ចំនួន​ ៤០ ភាគរយ ទៅ​អឺរ៉ុប​ស្ថិតក្រោម​កិច្ចព្រមព្រៀង EBA ដូច្នេះ​ប្រសិន EBA ត្រូវ​បញ្ចប់​វា​អាច​ប៉ះពាល​រយៈពេល​ខ្លី​ក្នុង​ការនាំចេញ​ពេល​បច្ចុប្បន្ន​»​។

ប៉ុន្តែ​ពេលនេះ​កម្ពុជា​ក៏​ទទួល​បាន​អត្ថប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​ផងដែរ​។

លោក លី សូដេត សេដ្ឋវិទូ​ជាន់ខ្ពស់ និង​ជំនាញ​សកល​គ្រប់គ្រង​ផ្នែក​ម៉ាក្រូសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​នៃ​ធនាគារ​ពិភពលោក​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​បន្ទាប់ពី​សន្និសីទ​សារព័ត៌មាន​តាម​វីដេអូ​ថា កម្ពុជា​ហាក់​ដូចជា​ទទួល​បាន​អត្ថប្រយោជន៍​ពី​ភាពតានតឹង​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក និង​ចិន​។

លោក​ថ្លែងថា​៖ «​ជា​ការពិត​ភាព​តានតឹង​ដោយសារ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន យើង​មើលឃើញ​រោងចក្រ​ថ្មី​ជាច្រើន​ចូលមក​កម្ពុជា​ដែល​ជា​ចំណុច​ទី​ ១ ហើយ​ចំណុច​ទី​ ២ យើង​បាន​មើលឃើញ​ការកើនឡើង​ចំនួន​រោងចក្រ​ផលិត​ទំនិញ​ទាក់ទង​នឹង​ការធ្វើ​ដំណើរ​ឆ្លើយតប​នឹង​ការទទួល​ការអនុគ្រោះ​ពន្ធ GSP ពី​អាមេរិក »​។

ប្រទេស​ ចិន​ នៅតែ​ជា​ប្រភព​នៃ​ការវិនិយោគ​ផ្ទាល់​ពី​បរទេស​មក​កម្ពុជា​នាំ​មុខ​គេ ដែល​គ្រាន់តែ​ឆ្នាំ ២០១៨ កើនឡើង​ដល់​ជាង ៣,៥ ​ពាន់​លាន​ដុល្លារ​។ នេះ​បើតាម​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​។ ធនាគារ​ពិភពលោក​បាន​ព្យាករ​ថា សេដ្ឋកិច្ចកម្ពុជា​នឹង​កើនឡើង​ក្នុង​អត្រា​ ៧ ​ភាគរយ​នៅ​ឆ្នាំ​នេះ​៕LA