
ទិដ្ឋភាពក្នុងព្រឹត្តិការណ៍ភាពជាដៃគូរវាង Wing និង Shinhan។ សហការី
ភ្នំពេញៈ ធនាគារឯកទេស Wing (Cambodia) និងធនាគាររបស់ប្រទេសកូរ៉េខាងត្បូង Shinhan Bank កាលពីម្សិលមិញបានប្រកាសភាពជាដៃគូថ្មីមួយ ដើម្បីផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិសម្រាប់កម្មករកម្ពុជាក្នុងប្រទេសកូរ៉េខាងត្បូង។ នេះបើយោងទៅតាមសេចក្ដីប្រកាសព័ត៌មាន។
ភាពជាដៃគូថ្មីនេះកាន់តែបង្កើតភាពងាយស្រួលសម្រាប់កម្មករកម្ពុជាដែលធ្វើការងារក្នុងប្រទេសកូរ៉េខាងត្បូងដោយអាចឲ្យពួកគេផ្ទេរប្រាក់មកផ្ទះ ដោយប្រើប្រាស់កម្មវិធីចល័តរបស់ធនាគារ Global S Bank និងអាចឲ្យអ្នកទទួលនៅកម្ពុជាទទួលបានប្រាក់ផ្ញើមកផ្ទះក្នុងពេលតែមួយភ្លាមៗ តាមរយៈកម្មវិធីចល័ត ឬតាមភ្នាក់ងារ Wing ណាមួយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន។
ធនាគារ Shinhan Bank ដែលជាធនាគារពាណិជ្ជឈានមុខគេនៅប្រទេសកូរ៉េខាងត្បូងបើគិតពីទ្រព្យសកម្មសរុប និងមូលធននីយកម្មទីផ្សារគឺជាដៃគូទី ៧ របស់ធនាគារ Wing នៅក្នុងប្រទេសកូរ៉េខាងត្បូង។
លោក Jojo Malolos អគ្គនាយកធនាគារ Wing បានប្រាប់ឲ្យដឹងថាភាពជាដៃគូថ្មីនេះធ្វើឲ្យចក្ខុវិស័យការងារក្នុងប្រទេសកូរ៉េកាន់តែទាក់ទាញសម្រាប់ប្រជាជនកម្ពុជាដែលបើមិនដូច្នេះទេពួកគេនឹងមានក្តីបារម្ភអំពីសន្ដិសុខប្រាក់ដែលរកបានដោយពិបាករបស់ខ្លួន។
របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលចេញផ្សាយកាលពីខែមីនាឆ្នាំនេះបានបង្ហាញថា បច្ចុប្បន្នមានប្រជាជនខ្មែរជាង ៤៥ ០០០ នាក់កំពុងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូងដោយមានការរំពឹងថាប្រជាជន ៥០ ០០០ នាក់បន្ថែមទៀតនឹងស្វែងរកការងារក្នុងប្រទេសនេះក្នុងឆ្នាំ ២០១៩។
សេវាធនាគាររបស់ធនាគារ Shinhan ក៏មានសេវាប្រាក់ខែសម្រាប់កម្មករនៅប្រទេសកូរ៉េខាងត្បូងផងដែរ ដែលមានន័យថាកម្មករចំណាកស្រុកកម្ពុជាដែលមានគណនីក្នុងធនាគារ Shinhan អាចផ្ញើប្រាក់មកផ្ទះនៅកម្ពុជាបានភា្លមៗដោយប្រើប្រាស់កម្មវិធីធនាគារ Shinhan Bank។
លោក Wi Sung-ho អគ្គនាយកធនាគារ Shinhan Bank ដែលជាផ្នែកមួយនៃក្រុមហ៊ុន Shinhan Financial Group បានឲ្យដឹងថា ភាពជាដៃគូជាមួយធនាគារ Wing បង្ហាញឱកាសសម្រាប់ក្រុមហ៊ុនទាំង ២ ដើម្បីជួយពន្លឿនការសម្រេចបានទិសដៅរួមគ្នា។
លោកថ្លែងថា៖ «ធនាគារ Shinhan Bank តែងបង្កើតតម្លៃកាន់តែខ្លាំងសម្រាប់អតិថិជនរបស់ខ្លួនជាមួយនឹងវិធីសាស្ត្រ និងដំណោះស្រាយថ្មីៗដែលជួយអតិថិជនរបស់យើងគ្រប់គ្រងប្រាក់របស់ពួកគេទៅតាមការប្រែប្រួលក្នុងបរិយាកាសបច្ចេកវិទ្យាហិរញ្ញវត្ថុ»។ លោកបន្ថែមថា៖ «យើងមានមោទនភាពក្នុងការពង្រីកសេវាប្រាក់ផ្ញើមកផ្ទះអន្តរជាតិដល់ប្រជាជនកម្ពុជាដែលកំពុងធ្វើការងារនៅក្នុងប្រទេសកូរ៉េខាងត្បូង»៕ LA