ភ្នំពេញៈ ក្រុមហ៊ុន Worldbridge International (Co., Ltd) នឹងសហការជាមួយ UNDP លើគម្រោងអភិវឌ្ឍន៍មួយ ចំនួននៅកម្ពុជាដើម្បីជួយពង្រឹង មូលដ្ឋានគ្រឹះនៃការអភិវឌ្ឍនៅកម្ពុជាឲ្យកាន់តែប្រសើរ។
ក្រុមហ៊ុន Worldbridge កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) និងអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) កាលពីថ្ងៃសុក្របានចុះអនុស្សរណៈនៃការយោគយល់គ្នាលើគម្រោងអភិវឌ្ឍន៍ចំនួន ៣ រួមមានគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ការគ្រប់គ្រងការដឹកជញ្ជូនបៃតង និងការអភិវឌ្ឍបណ្តុំសហគ្រាសធុនតូច និងមធ្យម។
តាមរយៈ MoU នេះ UNDP នឹងជួយលើការងារមួយចំនួនដូចជាបច្ចេកទេសទាក់ទងនឹងថាមពលពីពន្លឺព្រះអាទិត្យ ការរៀបចំគ្រប់គ្រងកាកសំណល់ សេវារថយន្តសាធារណៈ ការហ្វឹកហ្វឺនអ្នកបើកបរ ការផ្សព្វផ្សាយពីសុវត្ថិភាពតាមដងផ្លូវ និងការពន្យល់ពីរបៀបទទួលបានព័ត៌មានពីទីផ្សារសម្រាប់លក់ផលិតផលជាដើម។
ក្នុងចំណោមគម្រោងទាំង ៣ នេះ UNIDO នឹងជួយតែផ្នែកការអភិវឌ្ឍបណ្តុំសហគ្រាសធុនតូច និងមធ្យម។ នេះបើតាមលោក យក់ សុធីរិទ្ធ ប្រធានគ្រប់គ្រងទូទៅផ្នែកលំនៅឋានតម្លៃសមរម្យរបស់ Worldbridge Homes Co., Ltd។
លោក សៀ ឫទ្ធី អគ្គនាយកក្រុមហ៊ុន Worldbridge Group និយាយថាអនុស្សរណៈនេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើឲ្យប្រសើរឡើងគុណភាពនៃការរស់នៅរបស់ប្រជាជនតាមរយៈការមានកន្លែងរស់មួយដែលមានតម្លៃសមរម្យ និងផាសុកភាព ប្រព័ន្ធដឹកជញ្ជូនដែលមានសុវត្ថិភាព និងការអភិវឌ្ឍអាជីវកម្មសម្រាប់សហគ្រាស ធុនតូច និងមធ្យម។
លោកថ្លែងថា៖ «ការអភិវឌ្ឍ និងការរីកចម្រើនសេដ្ឋកិច្ចកម្ពុជាត្រូវធ្វើឡើងប្រកបដោយចីរភាព និងផ្តល់នូវផលវិជ្ជមានសម្រាប់សង្គម»។
លោក Nick Beresford នាយក UNDP ប្រចាំកម្ពុជាឲ្យដឹងថា កិច្ចព្រមព្រៀងនេះគឺជាការឆ្លុះបញ្ចាំងពីភាពជាដៃគូរវាងវិស័យសាធារណៈ និងវិស័យឯកជនដើម្បីជំរុញការវិនិយោគប្រកបដោយចីរភាពក្នុងវិស័យសំខាន់ៗដែលមានឥទ្ធិពលដល់សង្គម និងសេដ្ឋកិច្ច។ លោកបាននិយាយថា៖ «ភាពជាដៃគូនេះគឺជាជំហានដ៏សំខាន់ដើម្បីឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍ដោយចីរភាពត្រឹមឆ្នាំ ២០៣០»។
លោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំនៅប្រទេសកម្ពុជាបានលើកឡើងថាវិស័យ SME នៅកម្ពុជាតែងជួបប្រទះនឹងបញ្ហាមួយចំនួន ដូចជា កង្វះព័ត៌មានទីផ្សារការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាធនធានមនុស្ស និងបញ្ហាតម្លៃថាមពលអគ្គិសនីខ្ពស់ជាដើម។
លោកថ្លែងថា៖ «តាមរយៈកិច្ចហប្រតិបត្តិការនេះ UNIDO នឹងអាចធ្វើការកាន់តែជិតស្និទ្ធជាមួយវិស័យឯកជនដើម្បីជួយអភិវឌ្ឍវិស័យ SME នៅកម្ពុជាឲ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព»៕LA