បន្ទាប់ពីឆ្លងកាត់ដំណើរដ៏លំបាកនៅក្នុងឆ្នាំ ២០២០ នេះ មីក្រូហិរញ្ញវត្ថុដែលជាអ្នកផ្តល់ប្រាក់កម្ចីមានសុទិដ្ឋិនិយមថា សកម្មភាពសេដ្ឋកិច្ចកម្ពុជានឹងល្អប្រសើរឡើងវិញ បន្ទាប់ពីមានការប្រកាសពីវ៉ាក់សាំងកូវីដ ១៩ ដែលនឹងធ្វើឱ្យអាជីវកម្មរបស់ពួកគេអាចវិលទៅរកភាពប្រក្រតីវិញនៅឆ្នាំក្រោយ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFIs) បាននឹងបន្តគាំទ្រដល់អាជីវកម្មក្នុងស្រុកតាមរយៈការផ្តល់ឥណទានដល់ពួកគាត់ក្នុងការពង្រីកអាជីវកម្ម។
ប្រធានសមាគមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជាលោក គា បូរាណ បានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា៖ «ផ្អែកលើរបាយការណ៍ប្រចាំខែរបស់ CMA ស្ថានភាពគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបានចាប់ផ្តើមប្រសើរឡើងវិញចាប់តាំងពីខែ មិថុនា ឆ្នាំ ២០២០ ដោយសារតែកម្ចីដែលអតិថិជនមិនបានសងត្រឡប់ (NPL) បានធ្លាក់ចុះព្រមទាំងប្រាក់កម្ចីថ្មី និងប្រាក់បញ្ញើមានកើនឡើង»។ “ជាមួយនឹងសេចក្តីប្រកាសថ្មីៗនៃការអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ ១៩ នេះ, សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមានសុទិដ្ឋិនិយមថាផលប៉ះពាល់អវិជ្ជមានពីកូវីដ ១៩ នឹងថយចុះនៅឆ្នាំ ២០២០ ហើយសេដ្ឋកិច្ចនឹងងើបឡើងវិញ”។
បច្ចុប្បន្នមានគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួន ៨១, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៦ គ្រឹះស្ថាន ភតិសន្យាហិរញ្ញវត្ថុចំនួន ១៥ និងប្រតិបត្តិករឥណទានជនបទជាង ២០០ ដែលស្ថាប័នទាំងនេះនាំមកនូវសេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជារាប់លាននាក់ជាពិសេសអ្នកខ្ចីប្រាក់នៅជនបទដែលមានប្រាក់ចំណូលទាប និងភាគច្រើនជាស្ត្រី។
គំរូអាជីវកម្មរបស់ពួកគេបានជួយពន្លឿនដល់បរិយាប័ន្នហិរញ្ញវត្ថុដែលមានតម្រូវការចាំបាច់ដោយផ្តល់សេវាកម្មហិរញ្ញវត្ថុដល់ប្រជាជនដែលមិនទទួលបានសេវាធនាគារ។
យោងតាម CMA បានឱ្យដឹងថា មានអ្នកកម្ចីជិត ២ លាននាក់ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ (ដោយមិនរាប់បញ្ចូលធនាគារ) ដែលធ្វើឱ្យប្រាក់កម្ចីឈានដល់ ៧ ពាន់លានដុល្លារ។ ប៉ុន្តែអ្នកផ្តល់កម្ចីដែលមិនមែនជាធនាគារបានរងផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺកូវីដ ១៩ ដែលបានធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចនៅកម្ពុជាធ្លាក់ចុះ។
ការបិទអាជីវកម្មខ្នាតតូចធ្វើឱ្យបាត់បង់ប្រាក់ចំណូល ទើបបណ្តាលឱ្យអ្នកខ្ចីប្រាក់ជួបបញ្ហាប្រឈមក្នុងការសងប្រាក់ត្រឡប់វិញឱ្យទាន់ពេលវេលាស្របពេលដែលគ្រោះទឹកជំនន់ក៏បានបន្ថែមសម្ពាធមួយកម្រិតទៀតដល់អ្នកទទួលប្រាក់កម្ចីបានបង្កឱ្យមានផលប៉ះពាល់ដល់ការបង្ខិលសាច់ប្រាក់ទៅស្ថាប័នមីក្រូហិរញ្ញវត្ថុ។
អ្នកស្នើសុំប្រាក់កម្ចីភាគច្រើន គឺមកពីវិស័យទេសចរណ៍ សំណង់ សណ្ឋាគារ ផ្ទះសំណាក់ និងផ្នែកដឹកជញ្ជូនដែលសុទ្ធតែរងផលប៉ះពាល់ធ្ងន់ធ្ងរពីការធ្លាក់ចុះសេដ្ឋកិច្ច។
ផ្អែកលើទិន្នន័យពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបង្ហាញថា NPL នៃវិស័យមីក្រូហិរញ្ញវត្ថុ បានកើនឡើងទ្វេដងពី ១,៥ ភាគរយ ទៅដល់ជិត ៣ ភាគរយ ក្នុងកំឡុងពេលផ្ទុះជំងឺកូវីដ ១៩ ប៉ុន្តែវាបានបន្តធ្លាក់ចុះមកវិញ គិតចាប់តាំងពីខែមិថុនាមក។
លោក បូរាណ មានប្រសាសន៍ថា៖ «កម្ចីមិនដំណើរការនៃស្ថាប័នមីក្រូហិរញ្ញវត្ថុមានភាពប្រសើរឡើងវិញគិតចាប់តាំងពីខែមិថុនា ឆ្នាំ ២០២០ គឺបានធ្លាក់មកនៅត្រឹម ២,២៧ ភាគរយនៅក្នុងខែតុលា។ សកម្មភាពសេដ្ឋកិច្ចអាជីវកម្មភាគច្រើនកំពុងវិលទៅរកភាពប្រក្រតីឡើងវិញបន្តិចម្តងៗចាប់តាំងពីខែមិថុនា ដែលកំពុងជួយដល់អតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឱ្យមានលទ្ធភាពសងប្រាក់កម្ចីរបស់ពួកគេត្រឡប់មកវិញ»។
CMA បាននិយាយថា វិស័យមីក្រូហិរញ្ញវត្ថុមិនសូវរីកចម្រើនខ្លាំងទេនៅក្នុងឆ្នាំនេះ ដោយសារផលប៉ះពាល់នៃជំងឺកូវីដ ១៩។តម្រូវការប្រាក់កម្ចីថ្មីបានធ្លាក់ចុះគួរឱ្យកត់សម្គាល់អស់រយៈពេលជាច្រើនខែ ជាពិសេសខែមេសា និងឧសភា ប៉ុន្តែបន្តកើនឡើងវិញនៅប៉ុន្មានខែបន្ទាប់។
លោក បូរាណ មានប្រសាសន៍ថា សមាគមកំពុងធ្វើការជាមួយសមាជិក និងអ្នកពាក់ព័ន្ធដទៃទៀតដូចជាធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងគម្រោងធានាឥណទាន ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមដែលខ្វះខាតសាច់ប្រាក់។ «ចាប់តាំងពីខែមីនាសមាជិកសមាគមសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានរៀបចំឥណទានឡើងវិញដល់អតិថិជនជាង ២៧ ម៉ឺននាក់ ក្នុងទំហំទឹកប្រាក់ជាង ១,៣ ពាន់លានដុល្លារ។
MFIs មានតួនាទីពិសេសនៅក្នុងសង្គមកម្ពុជាក្រោយសម័យសង្គ្រាមហើយសមាជិករបស់យើងភាគច្រើនបានបញ្ចូលកម្មវិធីសង្គមទៅក្នុងប្រតិបត្តិការស្នូលរបស់ខ្លួន»។
លោកបន្តថា៖ «MFIs នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីផ្តល់សេវាហិរញ្ញវត្ថុរបស់ខ្លួន រួមទាំងផ្តល់មូលនិធិសម្រាប់សហគ្រាសធុនតូច និងមធ្យម ដើម្បីស្តារ ឬពង្រីកអាជីវកម្មរបស់ពួកគេ។ ការរៀបចំឥណទានឡើងវិញ ក៏នឹងមានសម្រាប់សហគ្រាសធុនតូច និងមធ្យមផងដែរ ដែលនៅតែរងផលប៉ះពាល់រហូតដល់ពាក់កណ្តាលឆ្នាំ ២០២១៕