មានការវិវឌ្ឍគួរឲ្យកត់សម្គាល់ជុំវិញផ្សារមូលបត្រកម្ពុជានៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ។
ការចុះបញ្ជីលក់ភាគហ៊ុនក្នុងផ្សារមូលបត្ររបស់ធនាគារអេស៊ីលីដា ភីអិលស៊ី នៅពេលខាងមុខវាជាដំណើរមួយដ៏ល្អនៅក្នុងផ្សារភាគហ៊ុនដែលនឹងទទួលបានការឆ្លើយតបកាន់តែច្រើនពីសហគមន៍វិនិយោគិន។
ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានកត់សម្គាល់ថា ការចូលរួមរបស់ធនាគារអេស៊ីលីដាដែលជាធនាគារក្នុងស្រុកដ៏ធំអាចជាកម្លាំងដ៏សំខាន់ជួយជំរុញដល់ផ្សារហ៊ុន។
ឯកឧត្តម សុហួរ បានឲ្យកាសែតភ្នំពេញប៉ុស្តិ៍ដឹងថា៖ «វាជាការបោះ ជំហានទៅមុខមួយដ៏ធំចាប់ពីឆ្នាំ ២០១៨ មកដោយសារតែនៅក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះវាមានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ ហើយយើងបានផ្តួចផ្តើមគម្រោង និងយុទ្ធនាការជាច្រើនដើម្បីបង្កើតការយល់ដឹង។ ព័ត៌មានស្តីពីការចុះបញ្ជីលក់ភាគហ៊ុនរបស់ធនាគារអេស៊ីលីដាហាក់ដូចជាកំពុងបានផ្លាស់ប្តូរអ្វីៗជាច្រើន។ តម្លៃភាគហ៊ុនបានចាប់ផ្តើមកើនឡើងម្តងទៀត»។
រហូតមកដល់ពេលនេះក្រុមហ៊ុនចុះបញ្ជីសរុបចំនួន ៨ ដោយក្នុងនោះក្រុមហ៊ុនចំនួន ៥ បានចុះបញ្ជីជាភាគហ៊ុន និង ៣ ទៀតបានចុះបញ្ជីជាសញ្ញាបណ្ណ។
ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាត្រូវបានគេមើលឃើញថាមានការឡើងចុះ ចាប់តាំងពីការចុះបញ្ជីដំបូងរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងឆ្នាំ ២០១២ និងដល់ឆ្នាំ ២០១៧ កំពង់ផែស្វយ័តក្រុងព្រះសីហនុបានចុះបញ្ជី។
នៅក្នុងចន្លោះនៃការចុះបញ្ជីនេះក្រុមហ៊ុន Grand Twins International (Cambodia) Plc បានចុះបញ្ជីនៅក្នុងឆ្នាំ ២០១៤ បន្ទាប់មកកំពង់ផែស្វយ័តភ្នំពេញ និងក្រុមហ៊ុនភ្នំពេញអេសអ៊ីហ្សិត ភីអិលស៊ី (ភីភីអេសភី) នៅក្នុងឆ្នាំ ២០១៦។
ធនាគារ អេស៊ីលីដាគ្រោងចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិនៅក្នុងខែមេសាក្នុងឆ្នាំនេះអាចជួយបំបែកភាពនៅទ្រឹងនៃទីផ្សារមួយនេះ ដោយគេរំពឹងថាមានក្រុមហ៊ុនក្នុងស្រុកជាច្រើនទៀតនឹងអនុវត្តតាម។
ឯកឧត្តម សុហួរ បន្តថា៖ «ប្រសិនបើយើងបន្តរក្សាសម្ទុះដែលយើងបានកសាងក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ និងជាមួយធនាគារអេស៊ីលីដា យើងនឹងអាចបង្កើតទីផ្សារសកម្មក្នុងរយៈពេល ២ ឬ ៣ ឆ្នាំខាងមុខ។ ក្រុមហ៊ុនកាន់តែច្រើនកំពុងបង្ហាញចំណាប់អារម្មណ៍ ប៉ុន្តែពួកគេមិនទាន់បានត្រៀមខ្លួននៅឡើយ»។
ប៉ុន្តែបញ្ហាប្រឈមនឹងមានច្រើនដែលអាចកាត់បន្ថយទស្សនវិជ្ជមានមួយចំនួន។ ចំណាប់អារម្មណ៍របស់វិនិយោគិននៅមិនទាន់មានគ្រប់គ្រាន់នៅក្នុងផ្សារហ៊ុន បទប្បញ្ញត្តិតឹងរ៉ឹង ការភ័យខ្លាច អស្ថិរភាពក្នុងចំណោមម្ចាស់ហ៊ុនបន្ទាប់ពីចុះបញ្ជី និងកង្វះការលើកទឹកចិត្តក្នុងការទាក់ទាញវិស័យឯកជនគឺជាបញ្ហាប្រឈមដែលត្រូវដោះស្រាយ។
លើសពីនេះទៀតការគំរាមកំហែងរបស់ជំងឺ Covid-19 បាននិងកំពុងជះឥទ្ធិពលដល់សេដ្ឋកិច្ចនឹងទីផ្សារហិរញ្ញវត្ថុសកលដែលងាយធ្វើឱ្យចំណាប់អារម្មណ៍រយៈពេលខ្លីរបស់វិនិយោគិនធ្លាក់ចុះ។
ប៉ុន្តែឯកឧត្តម សុហួរ នៅតែមានសុទិដ្ឋិនិយមដោយលោកមានប្រសាសន៍ថា៖ «យើងមានសក្តានុពលយ៉ាងច្រើនកំណើនសេដ្ឋកិច្ចរបស់យើងខ្ពស់។ បច្ចុប្បន្នមិនទាន់មានការចាប់អារម្មណ៍ច្រើន មិនមានក្រុមហ៊ុនចុះបញ្ជីច្រើនហើយសន្ទនីយភាពគឺទាប។ ប៉ុន្តែនៅក្នុងរយៈពេល ២ ឬ ៣ ឆ្នាំទៅមុខទៀតយើងនឹងមើលឃើញថានឹងមានក្រុមហ៊ុនចុះបញ្ជីកាន់តែច្រើនហើយសន្ទនីយភាពកាន់តែខ្ពស់នៅលើទីផ្សារ។ ពេលនោះនឹងមានឱកាសកាន់តែច្រើនដោយបច្ចុប្បន្នភាគហ៊ុនខ្លះមានភាពទាក់ទាញខ្លាំង»។
ចាប់តាំងពីការបង្កើតក្រុមហ៊ុនផ្សារមូលបត្រកម្ពុជានៅក្នុងឆ្នាំ ២០១២ ប្រមូលទុនពីផ្សារមូលបត្រសរុបជាង ១៦០ លានដុល្លារអាមេរិកដែលមានវិនិយោគិនជាង ២ ម៉ឺននាក់បានជួញដូរលើផ្សារមូលបត្រកម្ពុជា៕