
វីងសហការជាមួយវេទិកាអន្តរធនាគារ «បាគង» របស់ធនាគារជាតិនៃកម្ពុជា។
វីង បានសហការជាមួយបាគង ដែលជាប្រព័ន្ធបច្ចេកវិទ្យា Blockchain ប្រកបដោយភាពច្នៃប្រឌិត ដំណើរការដោយប្រព័ន្ធឌីជីថល ដែលអាចធ្វើការទូទាត់សាច់ប្រាក់បានយ៉ាងរលូនរវាងធនាគារ និងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ហើយវីងនឹងបន្តឈានមុខគេក្នុងការផ្តល់សេវាទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកយ៉ាងទូលំទូលាយ ខណៈយើងជិតឈានចូលឆ្នាំ ២០២១ ដ៏ខ្លីខាងមុខ។
បច្ចុប្បន្នអ្នកប្រើប្រាស់បាគងអាចផ្ទេរប្រាក់ពីគណនីធនាគាររបស់ពួកគេទៅកាន់គណនីវីងរបស់ពួកគេ ហើយអាចប្រើប្រាស់បណ្តាញភ្នាក់ងារវីងរាប់ពាន់នៅទូទាំងប្រទេស ដើម្បីដកប្រាក់។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា៖ «ប្រជាជនកម្ពុជាដែលមានគណនីធនាគារ ឬគណនីបច្ចេកវិទ្យាហរិញ្ញវត្ថុ ឥឡូវនេះពួកគេអាចផ្ទេរប្រាក់ឱ្យគ្នាទៅវិញទៅមក និងប្រើប្រាស់ប្រព័ន្ធអេកូដែលបង្កើតឡើងដោយស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត»។
«ឧទាហរណ៍ អតិថិជននៅកម្ពុជាដែលមានគណនីធនាគារពេលនេះពួកគេអាចផ្ទេរប្រាក់ទៅគណនីវីងរបស់ពួកគេ ហើយប្រើប្រាស់បណ្តាញភ្នាក់ងារវីងជិត ៩ ០០០ នៅទូទាំងប្រទេស ដើម្បីដកលុយ ដែលធ្វើឱ្យវីង ក្លាយជា «ម៉ាស៊ីនអេធីអឹមមនុស្ស» (human ATM) នៅកម្ពុជា»។
បាគងត្រូវបានបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា (NBC) ដើម្បីជំរុញការទូទាត់សាច់ប្រាក់តាមរយៈបច្ចេកវិទ្យាហិរញ្ញវត្ថុ ខណៈបាគងសន្យាថានឹងបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពនៃការទូទាត់សាច់ប្រាក់ជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងលើកកម្ពស់ប្រតិបត្តិការដោយគ្មានសាច់ប្រាក់ជាប្រាក់រៀល។ បាគងគឺជាផ្នែកមួយនៃផែនការរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីសម្រេចបាននូវគោលដៅរយៈពេលវែងរបស់ខ្លួន ក្នុងការលើកកម្ពស់ប្រាក់រៀលបន្ថែមទៀតនៅក្នុងសេដ្ឋកិច្ច និងជំរុញសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។
«គណនីដូចជាវីងគឺផ្តល់នូវជម្រើសទាំងគណនីជាប្រាក់ដុល្លារ និងប្រាក់រៀល សម្រាប់អតិថិជន គឺដូចគ្នានឹងបាគងដែរ»។
«ឥឡូវនេះអតិថិជនអាចផ្ទេរប្រាក់ដោយរលូន និងប្រើវាសម្រាប់ប្រតិបត្តិការឌីជីថលដោយគ្មានការព្រួយបារម្ភអំពីអត្រាប្តូរប្រាក់ ពីព្រោះអត្រាប្តូរប្រាក់មានតម្លាភាព និងយកតាមស្តង់ដារបស់ NBC នៅលើគណនី ដូចគណនីវីងជាដើម»។
បច្ចុប្បន្នមានស្ថាប័នហិរញ្ញវត្ថុចំនួន ១៨ នៅទូទាំងប្រទេសដែលបានក្លាយជាសមាជិករបស់ប្រព័ន្ធបាគង។ សម្រាប់អ្នកប្រើប្រាស់ថ្មី លោកអ្នកអាចទាញយកកម្មវិធីប្រព័ន្ធបាគងនៅក្នុង App Store និង Google Play ឬតាមរយៈគេហទំព័របាគង៖ https://bakong.nbc.org.kh។
វីងកំពុងនាំយកបទពិសោធ ១២ ឆ្នាំរបស់ខ្លួនជាមួយនឹងអ្នកប្រើប្រាស់រាប់លាននាក់ទាំងផ្នែកប្រើប្រាស់ប្រពន្ធ័ធនាគារ និងក្រៅប្រព័ន្ធធនាគារ ដើម្បីរួមចំណែកដល់ភាពជោគជ័យរបស់បាគង។
លោក ម៉ានូ មានប្រសាសន៍ថា៖ « វីងពិតជារីករាយណាស់ដែលបានក្លាយជាភ្នាក់ងារបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខដំបូងគេបង្អស់ ដែលបានសហការជាមួយបាគង។ បាគងធ្វើឱ្យការផ្ទេរប្រាក់រវាងស្ថាប័នហិរញ្ញវត្ថុកាន់តែមានភាពងាយស្រួល និងឆាប់រហ័ស»។
លោក ម៉ានូ បន្តថា៖ «បាគងផ្តល់នូវអន្តរប្រតិបត្តិការងាយស្រួល សម្រាប់ស្ថាប័នហិរញ្ញវត្ថុនៅកម្ពុជា។ ប្រព័ន្ធបាគងបានត្រួសត្រាយផ្លូវដ៏វែងឆ្ងាយ ដើម្បីផ្តល់ភាពងាយស្រួលក្នុងការទទួលប្រភពសាច់ប្រាក់ សម្រាប់ការទូទាត់តាមប្រពន្ធ័ឌីជីថល»។
NBC បាននិយាយថា មានហេតុផលមួយក្នុងការបង្កើតបាគងនេះឡើង គឺដោយសារតែ “ហេដ្ឋារចនាសម្ព័ន្ធទូទាត់បច្ចុប្បន្នមិនអនុញ្ញាតឱ្យផ្ទេរប្រាក់ឆ្លងប្រព័ន្ធបាន ហើយថ្លៃប្រតិបត្តិការគឺមានតម្លៃថ្លៃ ដែលមិនងាយស្រួលសម្រាប់ប្រជាជនដែលមានចំណូលទាប និងអ្នករស់នៅតំបន់ជនបទ» ហើយលោក ម៉ានូ ជឿជាក់ថា បាគងត្រូវបានដាក់នៅក្នុងទីតាំងដ៏ល្អឥតខ្ចោះ ដើម្បីបំពេញចន្លោះខ្វះខាតនេះ។
«តម្លៃសេវាកម្មហិរញ្ញវត្ថុតាមទូរស័ព្ទចល័តបច្ចុប្បន្នគឺភាគច្រើនសម្រាប់ការដកប្រាក់ ឬជំនួយប្រតិបត្តិការឌីជីថល ដែលប្រើប្រាស់ដោយភ្នាក់ងារ។ នៅពេលអតិថិជនរៀនប្រើកម្មវិធីសម្រាប់ប្រតិបត្តិការឌីជីថល វានឹងជួយកាត់បន្ថយតម្លៃសេវាកម្មបានច្រើន»។ «អ្នកជំនាញខាងប្រព័ន្ធធនាគារចល័តបាននិយាយថា៖ «ជាមួយនឹងជម្រើសជាច្រើនសម្រាប់ការទូទាត់តាមប្រពន្ធ័ឌីជីថល យើងប្រាកដថា បាគងនឹងជួយប្រទេសកម្ពុជាឱ្យទទួលយកការទូទាត់តាមប្រព័ន្ធឌីជីថលកាន់តែលឿនជាងមុន និងជួយជំរុញដល់បរិយាប័ន្នហិរញ្ញវត្ថុផងដែរ»។
ជាមួយនឹងកម្មវិធីទូទាត់ប្រាក់ និងសេវាកម្មធនាគារតែមួយនៅកម្ពុជា, អ្នកដែលមានគណនីធនាគារ ឬគណនីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឥឡូវនេះអាចប្រើប្រាស់សេវាកម្មផ្ទេរប្រាក់ និងផលិតផលតាមទូរស័ព្ទដៃបានយ៉ាងទូលំទូលាយ ដែលវីងផ្តល់ជូនមានដូចជាការបង់ថ្លែសាលា បង់វិក័យបត្រផ្សេងៗ ការទូទាត់ប្រាក់កម្ចី និងធានារ៉ាប់រង និងសេវាកម្មជាច្រើនទៀត។ វត្តមានរបស់បាគង គឺកំពុងបង្ហាញពីភាពចាំបាច់ និងទាន់ពេលវេលា ខណៈប្រទេសកម្ពុជា និងពិភពលោកទាំងមូលកំពុងជួបវិបត្តិជំងឺរាតត្បាតកូវីដ ១៩។
«ឥឡូវនេះអតិថិជនរបស់ធនាគារទាំងអស់អាចផ្ទេរប្រាក់ទៅក្នុងគណនីវីង (Wing wallet) របស់ពួកគេតាមរយៈបាគង និងប្រើប្រាស់ប្រព័ន្ធអេកូដ៏ធំទូលាយនៃជម្រើសទូទាត់សាច់ប្រាក់ប្រកបដោយសុវត្ថិភាពដែលវីងបានបង្កើតសម្រាប់ពួកគេ ដោយមិនចាំបាច់ទៅកាន់ទីតាំងផ្ទេរប្រាក់ណាមួយដោយផ្ទាល់ឡើយ។
លោក ម៉ានូ បន្ថែមថា៖ «ពេលនេះអតិថិជនអាចផ្ទេរប្រាក់ទៅគណនីផ្សេងៗ ដូចជាគណនីវីងយ៉ាងរលូនចេញពីធនាគារដៃគូណាមួយ ដើម្បីធ្វើការទូទាត់សាច់ប្រាក់របស់ពួកគេ។ ជៀសវាងការទូទាត់ប្រាក់ដោយផ្ទាល់ ការទូទាត់បែបនេះពិតជាជួយដល់ប្រទេសជាតិក៏ដូចជាជួយខ្លួនឯងឱ្យរួចផុតពីជំងឺរាតត្បាតកូវីដ ១៩»៕