ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) បាន​បង្ហាញ​នូវ​សញ្ញា​វិជ្ជមាន​ជាច្រើន​នៅក្នុង​ឆ្នាំនេះ​រាប់​ចាប់តាំងពី​ការចុះបញ្ជី​ធនាគារ​ដំបូង​គេ​រហូត​ដល់​ការកើនឡើង​ចំនួន​វិនិយោគិន​។

I. ​ស្ថិតិ​ទីផ្សារ

មូលធនូបនីយកម្ម ទីផ្សារ​សរុប​កើនឡើង​ដល់ ២,៤៥ ពាន់​លាន​ដុល្លារ​នៅ​ចុងខែ​វិច្ឆិកា​ឆ្នាំ ២០២០ ពោលគឺ​កើនឡើង​ពី ០,៧២ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ដោយសារ​តែ​ការចុះបញ្ជី​​ក្រុមហ៊ុន​មូលបត្រ​កម្មសិទ្ធិ​ចំនួន​ ២ នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ក្នុង​នោះ​មាន​ធនាគារ អេស៊ីលីដា ដែល​ជា​ធនាគារ​ក្នុងស្រុក​ដ៏ធំ​ជាង​គេ​នៅ​កម្ពុជា​ដែល​មាន​ ៧៦ ​ភាគរយ​នៃ​មូលធនូបនីយកម្ម​ទីផ្សារ​សរុប​។

មិន​ត្រឹមតែ​មូលធនូបនីយកម្ម​ទីផ្សារ​មានការ​កើនឡើង​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ចំនួន​គណនី​ជួញដូរ​ដែល​ចុះបញ្ជី​ជាមួយ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា ដែល​ជា​សមាជិក CSX ក៏បាន​កើនឡើង ១៨,៣ ភាគរយ​ផងដែរ​។

ការកើនឡើង​នេះ​ឆ្លុះបញ្ចាំង​ពី​ការចាប់អារម្មណ៍​កាន់តែ​ខ្លាំង​របស់​វិនិយោគិន​នៅក្នុង​ផ្សារមូលបត្រ​កម្ពុជា ដែល​ធ្វើឱ្យ​ចំនួន​គណនី​ជួញដូរ​សរុប​បាន​ឈានដល់ ២៦.៦៥៧ គណនី​នៅ​ចុងខែ​វិច្ឆិកា​។

ទន្ទឹមនឹង​កំណើន​ចំនួន​គណនី​ជួញដូរ​នេះ​, អ្នកប្រើប្រាស់​ប្រព័ន្ធ​ជួញដូរ​ចល័ត Mobile Trading System (MTS) ក៏មាន​កំណើន​ខ្ពស់ជាង​ ១០០ ភាគរយ​ផងដែរ​។

កំណើន​តួលេខ​ដ៏គួរឱ្យ​កត់សម្គាល់​ដែល​បាន​កើនឡើង​ពី​អ្នកប្រើប្រាស់​ត្រឹមតែ​ជាង ៥ ០០០ នាក់​ នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​ ២០១៩ រហូតដល់​ជាង​ ១ ​ម៉ឺន​នាក់​នៅក្នុង​ឆ្នាំនេះ បង្ហាញ​ពី​ភាពងាយស្រួល​នៃ​ប្រព័ន្ធ MTS ដែលជា​ឧបករណ៍​មួយ​ជួយ​ដល់​ការគ្រប់គ្រង​សកម្មភាព​ជួញដូរ​ដោយ​ខ្លួនឯង​។

នៅក្នុង​ឆ្នាំនេះ​ក៏មាន​ការផ្លាស់ប្តូរ​គួរឱ្យភ្ញាក់ផ្អើល​លើ​ទំនោរ​នៃ​ការជួញដូរ​នៅ CSX ផងដែរ​។ វិនិយោគិន​ក្នុង​ស្រុក​ដែល​ធ្លាប់មាន​ត្រឹមតែ​ ៨ ​ភាគរយ​នៃ​ចំនួន​ជួញដូរ​សរុប​រយៈពេល​ ១១ ​ខែ​ក្នុង​ឆ្នាំ​ ២០១៩ បាន​កើន​ដល់ ៨៨ ភាគរយ​នៃ​ចំណែក​ជួញដូរ​សម្រាប់​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំនេះ​។

ស្រដៀង​គ្នា​នេះដែរ​, វិនិយោគិន​លក្ខណៈ​បុគ្គល​ដែល​ធ្លាប់មាន​ត្រឹមតែ​ជិត​ ១៣ ​ភាគរយ​នៃ​ការជួញដូរ​សរុប​ក្នុង​រយៈពេល​ ១១ ​ខែ​ក្នុង​ឆ្នាំ​ ២០១៩ បាន​កាន់កាប់​ ៩១ ​ភាគរយ​នៃ​ការជួញដូរ​សរុប​ក្នុង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំនេះ​។ នៅ​ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២០ ផ្សារមូលបត្រ​កម្ពុជា​បាន​ណែនាំ​នូវ​យន្តការ​ទូទាត់​ជា​ប្រាក់​ដុល្លារ​ថ្មី​។

យន្តការ​ទូទាត់​នេះ អនុញ្ញាត​ឱ្យ​វិនិយោគិន​ជួញដូរ​មូលបត្រ​កម្មសិទ្ធិ​តាមរយៈ​វិធីសាស្ត្រ​ជួញដូរ​តាម​ការចរចា​ (NTM) ​ជា​ប្រាក់រៀល​ហើយ​ទូទាត់​ជា​រូបិយប័ណ្ណ​ជា​ប្រាក់​ដុល្លារ​អាមេរិក​។ ការជួញដូរ​នេះ​ត្រូវបានធ្វើ​ឡើងលើ​ភាគហ៊ុន រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​ (P WSA) ជាមួយ​បរិមាណ​ជួញដូរ​ចំនួន​ ១.៥៨៨. ៦៩៤ ​ហ៊ុន​ដែល​គិត​ជា​ទឹកប្រាក់​ស្មើនឹង ៧.៩៤៣.៤៧០.០០០ រៀល​។

នៅក្នុង​ឆ្នាំនេះ​ក៏មាន​សញ្ញា​វិជ្ជមាន​នៃ​ការជួញដូរ​មូលបត្រ​បំណុល​លើកដំបូង​តាមរយៈ​វិធីសាស្ត្រ​ជួញដូរ​តាម​ការចរចា​ (NTM) ដែល​បានធ្វើ​នៅ​ថ្ងៃទី ៥ ខែឧសភា​លើ​សញ្ញាបណ្ណ មីក្រូហិរញ្ញវត្ថុ​ប្រាសាក់​ដែលមាន​ទឹកប្រាក់​ចំនួន​ ១០ លាន​ដុល្លារ​។

II. ​សកម្មភាព​ក្រុមហ៊ុន​ផ្សារមូលបត្រ

A. ​សកម្មភាព​ផ្សព្វផ្សាយ​ការចុះបញ្ជី

ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ​ការចុះបញ្ជី CSX បានរៀបចំ​ព្រឹត្តិការណ៍​ប្រចាំខែ​ជាច្រើន​ដែល​មាន​ឈ្មោះថា​ “៣៥​នាទី​អំពី​អាជីវកម្ម​” ដែល​បាន​ផ្សាយ​ផ្ទាល់​នៅលើ​ទំព័រ​ហ្វេសប៊ុក​ផ្សារមូលបត្រ​កម្ពុជា​។

កម្មវិធី​នេះ​ត្រូវបាន​អញ្ជើញ​ចូលរួម​ដោយ​គណៈ​គ្រប់គ្រង​ជាន់ខ្ពស់​របស់​អាជីវកម្ម​ក្នុងស្រុក​ និង​សហគ្រាស​ធុន​តូច​ និង​មធ្យម​ដែល​ពិភាក្សា​អំពី​ប្រធានបទ​ជាច្រើន​ទាក់ទង​នឹង​គំរូ​អាជីវកម្ម និង​សារៈសំខាន់​នៃ​ការបង្កើន​ដើមទុន​ដើម្បី​ពង្រីក​អាជីវកម្ម​។

CSX ក៏បាន​សហការ​រៀបចំ​សិក្ខាសាលា​នៅតាម​ក្លឹប​ជំនួញ ឬ​សមាគម​នានា​នៅក្នុង​ប្រទេស​កម្ពុជា​យ៉ាង​សកម្ម ដើម្បី​ជជែក​អំពី​លក្ខខណ្ឌ​ចុះបញ្ជី​សម្រាប់​អាជីវកម្ម​ដែល​ចង់​ចុះបញ្ជី​នៅ​ទីផ្សារ​ហ៊ុន​។

B. ការលើកកម្ពស់​សម្មភាព​ជួញដូរ និង​ការយល់ដឹង​ជា​សាធារណៈ

CSX បាន​ផ្តួចផ្តើម​សកម្មភាព​ និង​យន្តការ​ជាច្រើន ដើម្បី​បង្កើត​បរិយាកាស​ដ៏សមស្រប​សម្រាប់​វិនិយោគិន​ និង​បន្ថយ​ឧបសគ្គ​នៃ​ការជួញដូរ​។

ឧទាហរណ៍ CSX បាន​នឹង​កំពុង​ធ្វើការ​ជាមួយ Acleda Securities Plc ដើម្បី​ធ្វើឱ្យ​វិនិយោគិន​អាច​បើក​គណនី​ជួញដូរ​បាន​តាម​អ៊ិនធឺណិត​ដោយ​មិនចាំបាច់​ទៅ​ក្រុមហ៊ុន​មូលបត្រ​ដោយផ្ទាល់​។

ថ្មីៗ​នេះ CSX បាន​សម្រេច​ពន្យា​ការមិន​គិតថ្លៃ​សេវា​លើ​ការប្រើប្រាស់​ប្រព័ន្ធ​ជួញដូរ​ចល័ត (MTS) ​រយៈពេល ២ ឆ្នាំ​ទៀត​រហូតដល់​ចុងឆ្នាំ​ ២០២២ ដើម្បី​លើកកម្ពស់​ និង​ជំរុញ​សកម្មភាព​ជួញដូរ​បន្ថែមទៀត​។

ដើម្បី​កសាង​ទំនុកចិត្ត​ចំពោះ​ក្រុមហ៊ុន​ដែល​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​, CSX បានរៀបចំ​ “​វេទិកា​ក្រុមហ៊ុន​ចុះបញ្ជី​” ដើម្បី​អនុញ្ញាតឱ្យ​ប្រធាន​គ្រប់គ្រង​មកពី​ក្រុមហ៊ុន​ចុះបញ្ជី បង្ហាញ​ពី​ការរីកចម្រើន​អាជីវកម្ម​របស់​ពួកគេ ស្ថានភាព​ហិរញ្ញវត្ថុ ផែនការ​យុទ្ធសាស្ត្រ​ក៏ដូចជា​ហានិភ័យ​។

ហើយ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​របស់​សាធារណជន​អំពី​ការវិនិយោគ​លើ​ផ្សារហ៊ុន CSX ក៏បាន​ដាក់ចេញ​នូវ “​ការប្រកួតប្រជែង​វីដេអូ​ផ្សារមូលបត្រ​កម្ពុជា​” (CSX VDO Competition)​។

លើសពីនេះ​ទៀត CSX បាន​ចុះ​កិច្ចព្រមព្រៀង​លើ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) ជាមួយ​ក្រុមហ៊ុន ផូស មេឌា ខូ អិលធីឌី (Post Media Co Ltd) ​ដែលជា​ម្ចាស់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍ ដើម្បី​ធ្វើជា​ដៃគូ​ផ្សព្វផ្សាយ​ផ្លូវការ​របស់ CSX​។

អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​នេះ​មាន​គោលបំណង​លើកកម្ពស់​ការយល់ដឹង​អំពី​ទីផ្សារមូលបត្រ​នៅ​កម្ពុជា និង​ពង្រីក​វិសាលភាព​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​ដ៏ពិតប្រាកដ ទាន់​ពេលវេលា និង​គួរឱ្យ​ទុកចិត្ត ដើម្បី​ផ្តល់ព័ត៌មាន​អំពី​ការអភិវឌ្ឍ​វិស័យ​ទីផ្សារ​មូលបត្រ​ដល់​វិនិយោគិន និង​សាធារណជន​៕