ក្រុង​ទ្រី​ប៉ូលី៖ កងកម្លាំង​យោធា​លីប៊ី​របស់​បុរស​ខ្លាំង​ ​ហ្គាលីហ្វា​ ហាហ្វតារ ​បាន​ថ្លែង​ថា​ ពួក​គេ​បាន​ដណ្តើម​យក​សង្កាត់ ​១ ​​នៃ​ទីក្រុង​ទ្រីប៉ូលី​ភាគ​ខាង​ត្បូង​មក​កាន់​កាប់​វិញ​កាល​ពី​ថ្ងៃ​ចន្ទ​ ក្រោយ​ពី​​ធ្លាក់​​ទៅ​ក្នុង​ការ​គ្រប់គ្រង​របស់​កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​ឯកភាព​ជាតិ​​។​

លោក ​អាហ៍​ម៉េដ​ អាល់​-មី​ស្មារី​ ជា​អ្នក​នាំពាក្យ​កងកម្លាំង​របស់​លោក ​ហ្គាលី​ហ្វា ​ហាហ្វតារ ​បាន​ថ្លែង​ថា៖ ​«អង្គភាព​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​ បាន​ដណ្តើម​​យក​តំបន់​អាល់​-អាស់-សាបៀ មក​កាន់​កាប់​កាល​ពី​​ព្រឹក​ថ្ងៃ​ចន្ទ​ ក្រោយ​ពី​មាន​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​ជា​បន្ត​បន្ទាប់​» ​ទៅ​លើ​កងកម្លាំង​​គាំទ្រ​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​។​

រូបភាព ​និង​វីដេអូ​ជា​ច្រើន​បាន​បង្ហោះ​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ និង​ទូរទស្សន៍​លីប៊ី​ បាន​បង្ហាញ​អំពី​កង​កម្លាំង​របស់​លោក ​ហ្គាលីហ្វា ហាហ្វ​តារ​ ចូល​កាន់​កាប់​ក្នុង​តំបន់​នោះ​ ចម្ងាយ​ប្រហែល​ ៤០ ​គី​ឡូ​ម៉ែត្រ​ពី​ទីក្រុង​ទ្រី​ប៉ូ​លី​ភាគ​ខាង​ត្បូង​។​

កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ពួក​គេ​បាន​បង្កើន​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​របស់​ពួក​គេ​កាន់​តែ​ខ្លាំង​ឡើង​ ដោយ​គ្មាន​ការ​ជូន​ដំណឹង​ឲ្យ​បាន​ដឹង​មុន​អំពី​ការ​បាត់បង់​​​សង្កាត់​នោះ​ទេ​។​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​លោក ​ម៉ូហា​ម៉េដ​ នូនូ ​បាន​ថ្លែង​ថា៖ «​កងកម្លាំង​ទ័ព​អាកាស​បាន​កំណត់​គោលដៅ​ទៅ​លើ​រថយន្ត​យោធា ​៣ ​គ្រឿង ​(​ជា​ប្រភេទ​រថពាស​ដែក ​Emirati​ Tiger ​រថយន្ត​បំពាក់​អាវុធ​យុទ្ធភណ្ឌ​ និង​រថយន្ត ​១ គ្រឿង​ទៀត​បំពាក់​កាំភ្លើង​ប្រឆាំង​យន្តហោះ​​ប្រចាំ​នៅ​បន្ទាយ​អាល់-អាស់​សាបៀ»​។​ លោក​បាន​ថ្លែង​ថា​ ​កងកម្លាំង​គាំទ្រ​រដ្ឋាភិបាល​បង្រួប​បង្រួម​ជាតិ​បាន​ចេញ​បញ្ជា​ឲ្យ ​«បើក​​ការ​វាយ​ប្រហារ​ទៅ​លើ​ក្រុម​ឧទ្ទាម​ទាំង​នោះ​ ដោយ​គ្មាន​ក្តី​មេត្តា ​ឬ​ការ​អាណិត​អាសូរ​ជា​ដាច់​ខាត​»​។​

ការ​បះ​បោរ​កាល​ពី​ឆ្នាំ ​២០១១​ ដែល​បាន​ទម្លាក់​ និង​សម្លាប់​ជន​ផ្តាច់​ការ​កាន់​អំណាច​យ៉ាងយូរ​ គឺ​លោក ​មួម៉ា ​ហ្គាដាហ្វី​ បាន​ទាញ​ទម្លាក់​​លីប៊ី​​ចូល​ក្នុង​ភាព​ចលាចល​អស់​ជា​ច្រើន​ឆ្នាំ​ ដោយ​មាន​រដ្ឋ​ការ​គូ​បដិបក្ខ ​២ ​និង​កង​ជីវពល​​បាន​ធ្វើ​ការ​​តស៊ូ ​ដើម្បី​អំណាច៕ AFP/SK​