ក្រុងបេរូត៖ កងទ័ព​លីបង់​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ខ្លួន​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​រាប់​សិប​នាក់​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ ក្រោយ​ពី​ការ​តវ៉ា​ជា​ច្រើន​ថ្ងៃ​ ដែល​ត្រូវ​បាន​បង្ក​ឡើង​ដោយ​រូបិយ​វត្ថុ​ក្នុង​តំបន់​ធ្លាក់​ចុះ ​ស្រប​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច​អាក្រក់​បំផុត​ជា​ច្រើន​ទសវត្សរ៍​ហើយ​នោះ​។

អ្នក​តវ៉ា​រាប់​រយ​នាក់​ បាន​ប៉ះ​ទង្គិច​ជា​មួយ​កង​កម្លាំង​សន្តិសុខ​កាល​ពី​ចុង​សប្តាហ៍​មុន​នៅ​ទូទាំង​ប្រទេស​មហា​សមុទ្រ​មេឌីទែរ៉ាណេ​នេះ ​ក្រោយ​ពី​បាតុកម្ម​កាន់​តែ​កើន​ឡើង​ប្រឆាំង​នឹង​វណ្ណៈ​ដឹកនាំ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ និង​ខ្វះ​សមត្ថភាព​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​ដ៏​អាក្រក់​នៅ​ក្នុង​ប្រទេស​។ ​

សេចក្តី​ថ្លែងការណ៍​មួយ​របស់​កងទ័ព​បាន​ឲ្យ​ដឹង​ថា៖ ​«ចំនួន​នៃ​ការ​ចាប់​ខ្លួន​សរុប​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការ​ស៊ើប​អង្កេត​របស់​យោធា​នៅ​ចន្លោះ​ពី​ថ្ងៃទី ១១ ​ដល់​ថ្ងៃទី ​១៥ ​ខែ​មិថុនា ​នៅ​ក្នុង​តំបន់​ផ្សេងៗ​គ្នា​នៅ​លីបង់​ គឺ ​៣៦ ​នាក់​ពី​បទ​បំផ្លិច​បំផ្លាញ​ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យ​សម្បត្តិ​សាធារណៈ​ និង​ឯកជន​ និង​វាយ​ប្រហារ​លើ​កងកម្លាំង​សន្តិសុខ​»។

ទីភ្នាក់ងារ​សារព័ត៌មាន​ជាតិ​ផ្លូវ​ការ​បាន​រាយការណ៍​ថា ​កងទ័ព​នេះ​បាន​ធ្វើ​ការ​វាយ​ឆ្មក់​ជា​បន្ត​បន្ទាប់​នៅ​ក្រុង​កំពង់​ផែ​ទ្រីប៉ូលី​ជា​ទីក្រុង​ធំ​ទី ២ ​របស់​ប្រទេស​លីបង់​។

នៅ​ក្នុង​អំឡុង​ការ​តវ៉ា​ ៣ រាត្រី​នោះ​ បុរស​វ័យ​ជំទង់​ជា​ច្រើន​នាក់​ បាន​វាយ​ប្រហារ​លើ​ធនាគារ​​ និង​ហាង​លក់​ទំនិញ​ និង​គប់​ដុំ​ថ្ម​ទៅ​លើ​កង​សន្តិសុខ​៕ AFP/PSA