វិបត្តិ​នយោបាយ ​និង​មនុស្ស​ធម៌​ដែល​គ្មាន​ទីបញ្ចប់​បាន​គ្រប​ដណ្ដប់​លើ​ទឹក​ដី​ប្រទេស​វ៉េណេស៊ុយអេឡា អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក។​ យ៉ាងណា​មិញ​ប្រធានាធិបតី​ លោក Nicolas Maduro ហាក់​ដូច​ព្យាយាម​ពង្រឹង​អំណាច​របស់​ខ្លួន​ជាជាង​ព្យាយាម​ដោះស្រាយ​វិបត្តិ​ដែល​អូស​បន្លាយ​ទាំង​នេះ​ទៅ​វិញ​ហើយ​កាន់​តែ​ធ្វើ​ឱ្យ​ប្រជាជន​ក្នុង​ប្រទេស​នេះ ​ទទួល​រង​ទុក្ខ​វេទនា​បន្ថែម​ទៀត។​

សាវតារ​ត្រួសៗ​ពី​វិបត្តិ​នៅ​ប្រទេស​វ៉េណេស៊ុយអេឡា គឺ​ថា​សេដ្ឋកិច្ច​ប្រទេស​នេះ​មួយ​ផ្នែក​ធំ​គឺ​ពឹង​ផ្អែក​ទៅ​លើ​ពាណិជ្ជកម្ម​ប្រេង។ ​លោក Hugo Chavez ​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​ ពី​ឆ្នាំ ១៩៩៩​ ដល់​ឆ្នាំ ២០១៣ បាន​បន្ត​ខ្ចី​ប្រាក់​ពី​ទីផ្សារ​បរទេស​​​អំឡុង​ពេល​តម្លៃ​ប្រេង​ឡើង​ខ្ពស់​បំផុត ​ហើយ​លោក​ក៏​បាន​​ចំណាយ​ថវិកា​រដ្ឋ​ដ៏​ច្រើន​ទៅ​លើ​សេវាកម្ម​សង្គម ​ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ ​(កម្រិត​ភាព​ក្រីក្រ​ចុះ​ពី ២៣,៤% ទៅ ​៨,៥% ​នា​ពេល​នោះ)។​ នេះ​​ជា​កត្តា​ដែល​ធ្វើ​ឱ្យ​បំណុល​ក្នុង​ប្រទេស​នេះ​​កើន​ឡើង​ជា​ខ្លាំង និង​ធ្វើ​ឱ្យ​ប្រទេស​ផ្សេងៗ​ឈប់​ផ្ដល់​​ថវិកា​ឱ្យ​ប្រទេស​នេះ​ខ្ចី​បន្ត​ទៀត។

ក្រោយ​មក​សេដ្ឋកិច្ច​ប្រទេស​នេះ ​បាន​ធ្លាក់​ចុះ​នៅ​ពេល​ដែល​តម្លៃ​ប្រេង​ចាប់​ផ្តើម​ធ្លាក់​ចុះ។ ​ចំណែក​ឯ​រដ្ឋាភិបាល​ក៏​បាន​ចាប់​ផ្តើម​បោះ​ពុម្ព​លុយ​បន្ថែម​ ដែល​ធ្វើ​ឱ្យ​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ ​និង​បង្ក​ឱ្យ​អត្រា​អតិផរណា​កាន់​តែ​កើន​ឡើង។ ​

ប្រទេស​នេះ​ក៏​ជួប​ប្រទះ​​បញ្ហា​កង្វះ​ខាត​អគ្គិសនី​ ទឹក​ និង​ប្រេង​និយាយ​រួម​ទៅ រដ្ឋាភិបាល​ខ្វះខាត​ថវិកា​សម្រាប់​ផ្គត់ផ្គង់​សេវា​សំខាន់ៗ​ក្នុង​ប្រទេស​រួម​មាន​ទាំង​សេវា​ថែទាំ​សុខភាព​ផង​ដែរ​ គួប​ផ្សំ​នឹង​វិបត្តិ​កូវីដ ​១៩ ​ផង​ស្ថានភាព​ប្រទេស​នេះ​កាន់​តែ​យ៉ាប់​យ៊ឺន​ឡើង។

វិបត្តិ​ទាំង​នេះ​បង្ក​ជា​សម្ពាធ​មក​លើ​លោក ​Maduro​ កាន់​តែ​ខ្លាំង​ឡើង​រហូត​ធ្វើ​ឱ្យ​លោក​ Maduro សម្រេច​ងាក​ទៅ​រក​អ្នក​ធ្លាប់​ជួយ​ប្រទេស​នេះ​​ពី​មុន ​គឺ​ទីក្រុង​ម៉ូស្គូ​ ប៉េកាំង​ តេអេរ៉ង់ ​និង​​ឡាហាវ៉ាន។​ បច្ចុប្បន្ន​ពាណិជ្ជកម្ម​ប្រេង​ឥន្ទនៈ​ប្រទេស​នេះ​ ត្រូវ​ទទួល​រង​ទណ្ឌកម្ម​សហរដ្ឋ​អាមេរិក​បូក​ផ្សំ​នឹង​ការ​ធ្លាក់​ចុះ​នៃ​ផលិតកម្ម​ប្រេង​ឆៅ​ក្នុង​របប​របស់​លោក Maduro​ បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​ងាក​ទៅ​រក​ការ​ជួញ​ដូរ​គ្រឿង​ញៀន​ការ​ជីក​រ៉ែ​មាស​ខុស​ច្បាប់ ​និង​ការ​ធ្វើ​ពាណិជ្ជកម្ម​ឈើ​សុទ្ធ​សឹង​តែ​ជា​ធនធាន​សំខាន់​ដែល​បរទេស​ត្រូវ​ការ។

ប្រទេស ​១ ​​វាសនា ២ ​ប្រជាជន​វ៉េណេស៊ុយអេឡា​សាមញ្ញ​ធម្មតា​ត្រូវ​តម្រង់​ជួរ​គ្នា ​ដើម្បី​ទទួល​បាន​ស្បៀង​អាហារ ​និង​ប្រេង​ឥន្ធនៈ​ហើយ​ត្រូវ​ស៊ូទ្រាំ​នឹង​កង្វះ​ខាត​សេវាកម្ម​ទឹក ​និង​អគ្គិសនី​ក្នុង​ប្រទេស​នេះ។​ ប៉ុន្តែ​គេ​នៅ​តែ​ឃើញ​មាន​រថយន្ត​ប្រភេទ​ SUV​ ធំៗ​បរ​កាត់​ដង​ផ្លូវ​ការ៉ាកាស​ទៅ​ទទួល​យក​អ្នក​អភិជន​ពី​ផ្សារ​ទំនើប​ដែល​មាន​ទំនិញ​ថ្លៃៗ​ពី​ក្លិប​កម្សាន្ត ​និង​ពិធី​ជប់លៀង​ប្រណីតៗ ​ដូច​ធម្មតា។ នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​គម្លាត​ជីវភាព​ដូច​មេឃ​នឹង​ដី​របស់​ប្រជាជន​ក្នុង​ប្រទេស​នេះ​។

លោក Marely Reyes ​ដែល​ជា​ប្រជាជន​ក្រីក្រ​រស់នៅ​ក្នុង​សង្កាត់ La Pastora​ បាន​និយាយ​ថា៖ «មើល​ជុំវិញ​ហ្នឹង​ទៅ​! ប្រជាជន​ខ្លះ​កំពុង​រស់​នៅ​សុខ​ស្រួល​ ខណៈ​ពេល​ដែល​យើង​ពិបាក​រក​សូម្បី​តែ​អាហារ​ហូប ប្រេង​សាំង​ទឹក ​និង​ហ្គាស ​ដើម្បី​ប្រើប្រាស់។ ​នេះ​ហើយ​គឺ​ជា​អ្វី​ដែល​កើត​ឡើង​ពិតៗ ក្នុង​សង្គម​មួយ​ដែល​គេ​មើល​មក​ស្មាន​ថា​មាន»។

ទន្ទឹម​នឹង​នេះ ភាព​ចលាចល​នយោបាយ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ក្នុង​ប្រទេស​នេះ​ហាក់​ដូច​មិន​មាន​​អ្វី​ធ្វើ​ឱ្យ​ស្ថានភាព​ប្រទេស​នេះ​ប្រសើរ​ជាង​មុន​ឡើយ។​ តែ​ទោះ​ប្រទេស​ជួប​វិបត្តិ​យ៉ាង​ណា​ក្ដី​ការ​បោះឆ្នោត​សម្រាប់​សភា​ជាតិ​វ៉េណេស៊ុយអេឡា​កាល​ពី​ខែ​ធ្នូ កន្លង​ទៅ​បាន​បញ្ចប់​ដោយ​ជោគជ័យ​ហើយ​លទ្ធផល ​គឺ​ជា​អ្វី​ដែល​គេ​អាច​ព្យាករ​បាន​គឺ​ថា ​ប្រធានាធិបតី Nicolas Maduro ដែល​ធ្លាប់​កាន់​អំណាច​ជា​ច្រើន​អាណត្តិ​មក​នោះ​ជា​អ្នក​ឈ្នះ​ឆ្នោត​ដូច​សព្វ​ដង។

បន្ទាប់​ពី​លោក ​Chavez​ ឥឡូវ នេះ​លោក ​Maduro​ បច្ចុប្បន្ន​ក្លាយ​ជា​មេ​ដឹកនាំ​ដែល​កាន់​អំណាច​យូរ​ជាង​គេ​បំផុត​នៅ​វ៉េណេស៊ុយអេឡា​ដែល​មាន​​រយៈពេល​អស់​ជិត ​១ សតវត្សរ៍។

នៅ​ក្នុង​សន្និសីទ​ស្ដី​អំពី​ការ​អបអរ​ជ័យជម្នះ​របស់​លោក​ Maduro មាន​គេ​សួរ​លោក​ថា «តើ​នឹង​មាន​អ្វី​កើត​ឡើង ​បន្ទាប់​មក​ទៀត​ចំពោះ​ប្រទេស​វ៉េណេស៊ុយអេឡា?» លោក Maduro​ បាន​ឆ្លើយ​ថា៖ «ការ​ពិត​នឹង​នៅ​តែ​កើត​ឡើង» ហើយ​ភាព​​រវើរវាយ​នឹង​រលាយ​បាត់​ពី ជីវិត​នយោបាយ​របស់​ប្រទេស​នេះ​ ​(សំដៅ​លើ​លោក Guaido) ​ទោះបី​ជា​សហរដ្ឋ​អាមេរិក ​ឬ​អឺរ៉ុប ​ឬ​ម៉ាទីស ​ជា​អ្នក​គាំទ្រ​ការ​ស្រមើស្រមៃ​នោះ​ក៏​ដោយ​ក៏​ភាព​​ជាក់​ស្តែង​នៅ​តែ​មាន​ឥទ្ធិពល​ជាង​ភាព​រវើរវាយ​ទាំង​នោះ។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​លោក Guaido​ គឺ​ផ្តួល​រំលំ​លោក ​Maduro តាំង​ពី​ដើម​ឆ្នាំ ២០១៩ ជាមួយនឹង​ការ​គាំទ្រ​របស់​សហរដ្ឋ​អាមេរិក​ប៉ុន្តែ​ហាក់​មិន​មាន​ភាព​ជោគជ័យ​ក្នុង​ការ​ទម្លាក់​លោក Maduro ​ចេញ​ពី​តំណែង។ ​កិច្ច​ខិតខំ​គាំទ្រ​ពី​អាមេរិក​មិន​មាន​លទ្ធផល​ជោគជ័យ​ដែល​អាច​ផ្លាស់ប្ដូរ​ស្ថាន​ភាព​ប្រទេស​នេះ​ឱ្យ​ប្រសើរ​ឡើយ ​ចុង​ក្រោយ​គ្រាន់​​តែ​បន្សល់​ត្រឹម​នាម​ជា​លោក Guaido ជា​ប្រធានាធិបតី​បណ្ដោះ​អាសន្ន​នៃ​ប្រទេស​នេះ​។

បើ​ក្រឡេក​មើល​វិបត្តិ​ផ្ទៃ​ក្នុង​ប្រទេស​នេះ​វិញ​ក៏​បាន​រាលដាល​ពាសពេញ​ទ្វីប​អាមេរិក​ខាង​ត្បូង ខណៈ​ប្រជាជន​វ៉េណេស៊ុយអេឡា​រាប់​លាន​នាក់​ បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស ​ដើម្បី​ស្វែងរក​ស្បៀង​អាហារ ​និង​ការងារ។ ការ​ចាកចេញ​នេះ​បាន​ជំរុញ​ឱ្យ​មាន​ការ​ស្អប់​ខ្ពើម​ជន​ភៀស​ខ្លួន​ និង​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​ប្រឆាំង​នឹង​ប្រជាជន​វ៉េណេស៊ុយអេឡា ​ដែល​កំពុង​ស្វែងរក​ការ​ជ្រកកោន​នៅ​ក្នុង​ប្រទេស​ជិត​ខាង​។

ទោះ​ជា​យ៉ាង​ណា​ក្ដី ​រដ្ឋាភិបាល​ និង​អង្គការ​ផ្សេងៗ​ក្នុង​តំបន់​ក៏​កំពុង​តែ​ខិតខំ​ព្យាយាម​ផ្ដល់​ជំនួយ​ដល់​ប្រជាជន​ប្រទេស​នេះ​តាម​តែ​អាច​ធ្វើ​ទៅ​បាន។ ​ថ្វី​បើ​ការ​រីក​រាលដាល​នៃ​កូវីដ ១៩ ​បាន​ធូរ​ស្រាល​ជាង​មុន ដែល​ធ្វើ​ឱ្យ​លំហូរ​ជន​ភៀស​ខ្លួន​ត្រឡប់​មក​ប្រទេស​នេះ​វិញ​ក្ដី ក៏​ចំនួន​ជនភៀស​ខ្លួន​អាច​នឹង​ចាប់​ផ្តើម​ជា​ថ្មី​ម្តង​ទៀត​នៅ​ពេល​ដែល​ធនធាន​របស់​រដ្ឋាភិបាល​នៅ​ជុំវិញ​តំបន់​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​តានតឹង​ដោយសារ​វិបត្តិ​សុខភាព​ពិភព​លោក។

យ៉ាង​ណា​មិញ​កាលពី​​ថ្ងៃទី ៦ ​មករា​ ផង​ដែរ ​សហគមន៍​អឺរ៉ុប​ក៏​បាន​ឈប់​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ថា លោក ​Juan Guaido​ ជា​ប្រធានាធិបតី​បណ្តោះ​អាសន្ន​របស់​ប្រទេស​នេះ​​ទៀត ដែល​ជា​ហេតុ​បង្ក​ឱ្យ​មាន​ការ​រាំង​ស្ទះ​ការ​ទូត​យ៉ាង​ធ្ងន់ធ្ងរ​ចំពោះ​យុទ្ធនាការ​ប្រឆាំង​​នានា​រវាង​មេ​ដឹកនាំ​ប្រឆាំង​និង​រូប​លោក​ក្នុង​គោល​បំណង​បណ្តេញ​លោក ​Nicolas Maduro​ ចេញ​ពី​អំណាច។ ការ​សម្រេច​ដូច​នេះ​កាន់​តែ​ធ្វើ​ឱ្យ​ភាព​តតាំង​របស់​លោក Guaido ​កាន់​តែ​ទន់​ខ្សោយ ​ខណៈ​ការ​កាន់​អំណាច​របស់​​លោក​ Maduro កាន់​តែ​ខ្លាំង​ជាង​ពេល​ណាៗ​ទាំង​អស់​៕