ក្រុងប៉ារីស៖ ក្រុមអ្នកធ្វើដំណើរបារាំងនឹងប្រឈមមុខក្នុងការធ្វើដំណើរគួរឲ្យឈឺចាប់នៅថ្ងៃព្រហស្បតិ៍ ខណៈរថភ្លើង និងក្រុមបុគ្គលិករថភ្លើងក្រោមដី នឹងបន្តធ្វើកូដកម្មជាមួយក្រុមសហជីពកម្មករ ដែលបានបង្ហាញឲ្យឃើញកម្លាំងគ្រប់គ្រាន់ ដើម្បីធ្វើឲ្យប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ពិចារណាធ្វើកំណែទម្រង់ប្រាក់សោធននិវត្តន៍របស់លោកឡើងវិញ។
អ្នកនាំពាក្យអយស្ម័យយានរបស់ក្រុមហ៊ុន SNCF គឺលោកស្រី អាហ្គនី អូហ្គឺរ បានថ្លែងប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា៖ «នៅថ្ងៃព្រហស្បតិ៍នេះ នឹងមានផលវិបាកយ៉ាងខ្លាំង បណ្តាញការងារនឹងត្រូវបានរំខានយ៉ាងធ្ងន់ធ្ងរ ហើយយើងនឹងបើកឲ្យបម្រើសេវារថភ្លើងប្រហែល ១០ ភាគរយប៉ុណ្ណោះ»។
លោកស្រីបានបន្ថែមថា៖ «យើងបានស្នើឲ្យអតិថិជនរបស់យើងលុបចោលការធ្វើដំណើររបស់ពួកគេ ឬឲ្យពួកគេពន្យារពេល ប្រសិនបើពួកគេយល់ព្រម»។
នៅ «ថ្ងៃព្រហស្បតិ៍ពណ៌ខ្មៅ» មានរថភ្លើងល្បឿនលឿនត្រឹមតែ ១០ គ្រឿងប៉ុណ្ណោះ ត្រូវធ្វើប្រតិបត្តិការ ហើយរថភ្លើងក្នុងតំបន់ ១០ ភាគរយ ត្រូវបានគេរំពឹងថា នឹងដំណើរការតាមធម្មតា។
យោងតាមក្រុមហ៊ុន SNCF បានឲ្យដឹងថា រថភ្លើងជិតពាក់កណ្តាលរបស់ក្រុមហ៊ុនដឹកជញ្ជូន Eurostar ជាញឹកញាប់ ត្រូវបានលុបចោល ហើយមាន ១ ភាគ ៣ ប៉ុណ្ណោះ ដែលក្រុមហ៊ុនដឹកជញ្ជូន Thalys បានបើកឲ្យបម្រើសេវាកម្ម រវាងក្រុងប៉ារីស និងក្រុងប៊្រុចសែល នឹងធ្វើប្រតិបត្តិការដឹកអ្នកដំណើរតាមធម្មតា។
រថភ្លើងក្រោមដីនៅក្រុងប៉ារីសកំពុងកកស្ទះយ៉ាងខ្លាំង ដោយមានរថភ្លើងចំនួន ១១ ក្នុងចំណោម ១៦ ខ្សែ នៅក្នុងទីក្រុងមួយនេះ ត្រូវបានបិទកាលពីថ្ងៃទី ៥ ខែធ្នូ៕ Xinhua/SK