ក្រុង​វ៉ា​មេណាៈ រដ្ឋមន្ត្រី​នៃ ក្រសួង​សាធារណការ បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា ឥណ្ឌូនេស៊ី កំពុង​ស៊ើប​អង្កេត​លើ​របាយ​ការណ៍ ដែល​ថា កម្មករ​សំណង់ ៣១ នាក់ ត្រូវ​បាន​បាញ់​សម្លាប់ ដោយ​ក្រុម​ឧទ្ទាម​បំបែក​ខ្លួន​នៅ​ក្នុង​ខេត្ត​ប៉ាពួ​ខណៈ​លោក​បាន​ផ្អាក​ការ​សាង​សង់​នៅ​តំបន់​នោះ។

ប្រសិនបើ​ការសម្លាប់​ទាំងនោះ ត្រូវបាន​បញ្ជាក់​ត្រឹមត្រូវ​នោះ វា​នឹង​ក្លាយទៅជា​អំពើ​ហិង្សា ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​បំផុត​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​នេះ និង​យាយី​តំបន់​ដែល​ស្ថិត​នៅ​ចំ​កណ្តាល​នៃ​កា​របះបោរ​មាន​កម្រិត​ទាប។

រដ្ឋមន្ត្រីក្រសួង​សាធារណការ លោក Budi Hadimuljono បាន​ថ្លែងប្រាប់​អ្នកកាសែត​នៅក្នុង​ក្រុង​ហ្សាការតាថា៖ «យើង​មាន​ការ​ភ័យ​តក់​ស្លុត​យ៉ាង​ខ្លាំង នៅ​ពេល​បាន​ឮ​របាយការណ៍​ទាំង​នោះ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ»។

លោក បាន​បន្ថែមថា៖ «ការងារ​ទាំងអស់​នៅក្នុង​តំបន់​នេះ​នឹងត្រូវ​បាន​ផ្អាក បន្ទាប់​ពី​មាន ឧប្បត្តិហេតុ​បាញ់​សម្លាប់»។

លោក​បាន​ថ្លែងថា និយោជិត​នៃ​ក្រុមហ៊ុន​ម៉ៅការ​របស់​រដ្ឋ​ឈ្មោះ Istaka Karya កំពុង​សាង​សង់​ស្ពាន និង​ផ្លូវ​ថ្នល់​ជា​ផ្នែក​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំបន់​ដ៏​ក្រីក្រ​មួយ​នេះ។

ដោយបាន​ដកស្រង់​សម្តី​ប៉ូលិស​តំបន់​ម្នាក់​នោះ ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌូនេស៊ី បាន​រាយការណ៍​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា កម្មករ​ទាំង​នោះ ត្រូវ​បាន​គេ​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ក្នុង​ស្រុក Nduga ជា​ស្រុក​មួយ​នៅ​ចំ​កណ្តាល​តំបន់​ដាច់​ស្រយាល​ភាគ​ខាង​លិច​កោះ​ប៉ាពួ​អាស៊ី ភាគ​ខាង​ជើង​អូស្ត្រាលី។

តាម​ការរាយការណ៍ ការបាញ់សម្លាប់​កម្មករ​ទាំង​នោះ​ត្រូវបាន​ធ្វើឡើង​ដោយ​ក្រុម​ឧទ្ទាម ដែល​ដឹកនាំ​កា​របះ​បោរ​ប្រឆាំង​ការ​គ្រប់​គ្រង​របស់​ក្រុង​ហ្សាការតា៕