ចៅក្រម​អ៊ូហ្គាន់ដា​បាន​បញ្ជា​ឱ្យ​កង​កម្លាំង​សន្តិសុខ​រដ្ឋាភិបាល​​បញ្ឈប់​ការ​ឡោមព័ទ្ធ​គេហដ្ឋាន​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រឆាំង​ លោក​ Bobi Wine ដែល​ជាប់​ឃុំ​នៅ​ទី​នោះ​តាំង​ពី​ចាញ់​ការ​បោះឆ្នោត​កាល​ពី​ពាក់​កណ្ដាល​ខែ​មករា។

លោក​ Wine អាយុ ៣៨ ឆ្នាំ គឺ​ជា​តារា​ចម្រៀង​ដ៏​មាន​ប្រជាប្រិយ ​១ ​រូប ​ដែល​មាន​ឈ្មោះពិត Kyagulanyi Ssentamu គឺ​ជា​បេក្ខជន​បក្ស​ប្រឆាំង​ ១​ រូប​ នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ថ្ងៃ​ទី ១៤ ខែ​មករា​។ យោង​តាម​មន្ត្រី​រៀប​ចំ​ការ​បោះឆ្នោត​ លោក​ប្រធានាធិបតី​ Yoweri Museveni បាន​ជាប់​ឆ្នោត​អាណត្តិ​ទី៦ ​របស់​លោក​ដោយ​ទទួល​បាន​សំឡេង​គាំទ្រ ៥៨ ភាគរយ​ និង​លោក​ Wine បាន​ទទួល​ ៣៤%។ លទ្ធផល​នេះ​ត្រូវ​​បាន​ជំទាស់​ដោយ​លោក​ Wine។

តុលាការ​បាន​សម្រេច​ថា​ ការ​ឃុំ​ខ្លួន​លោក Wine នៅ​គេហ​ដ្ឋាន​គឺ​មិន​ស្រប​ច្បាប់​ទេ​ ហើយ​ប្រសិន​បើ​រដ្ឋាភិបាល​ចង់​ឱ្យ​ឃុំ​ខ្លួន​លោក​ ពួក​គេ​គួរ​តែ​ចោទ​ប្រកាន់​លោក​ពី​បទ​​ឧក្រិដ្ឋ​មួយ​។

ភ្នាក់​ងារ​ព័ត៌មាន AP រាយការណ៍​ថា ​រដ្ឋាភិបាល​របស់​លោក Museveni មិន​ទាន់​បាន​ឆ្លើយ​តប​នឹង​ការ​បញ្ជា​របស់​តុលាការ​នៅ​​ឡើយ​ហើយ​គេ​ក៏​មិន​ច្បាស់​ដែរ​ថា​ តើ​រដ្ឋាភិបាល​នឹង​គោរព​តាម​សេចក្តី​សម្រេច​នេះ​ឬ​យ៉ាងណា?​។ ក្រុម​មន្ត្រី​ដែល​ឡោម​ព័ទ្ធ​គេហដ្ឋាន​របស់​លោក Wine នៅ​ថ្ងៃ​បោះឆ្នោត​បាន​និយាយ​ថា​លោក ​Wine មិនអាចចាកចេញដោយគ្មានកង​យោធា​អមការ​ពារ​ទេ​ ពី​ព្រោះ​លោក​អាចបង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​៕