ប្រទេស​កាណាដា បាន​ចាត់​ទុក​ក្រុម​ស្តាំ​និយម Proud Boys ថា «បង្ក​ឱ្យ​មាន​ការ​គំរាមកំហែង​កាន់​តែ​ខ្លាំង​ឡើង» ហើយ​បាន​ចាត់​ទុក​ក្រុម​នេះ​ថា ​ជា​អង្គការ​ភេរវករ​ដែល​ប្រហាក់ប្រហែល​នឹង​ក្រុម ​Isis និង ​al-Qaida ខណៈ​មាន​ការ​កើន​ឡើង​នូវ​ក្រុម​រើសអើង​ពណ៌​សម្បុរ​ក្នុង​ប្រទេស​កើន​ឡើង​ច្រើន​គួរ​ឱ្យ​ព្រួយ​បារម្ភ។

កាល​ពី​ថ្ងៃ​ពុធ លោក ​Bill Blair រដ្ឋមន្ត្រី​ក្រសួង​សុវត្ថិភាព​សាធារណៈ​បាន​ប្រកាស​ថា ​រដ្ឋាភិបាល​សហព័ន្ធ​នឹង​ចាត់​តាំង​ក្រុម​ជាតិ​និយម​ស្បែក​ស ​និង​ក្រុម neo-Nazi ដែល​ជា​ផ្នែក​នៃ​បណ្ដាញ​ Atomwaffen Division និង​ក្រុម​មូលដ្ឋាន ​និង​ចលនា​អធិរាជ​រុស្ស៊ី​ថា ​ជា​អង្គភាព​ភេរវករ។ រដ្ឋាភិបាល​សហព័ន្ធ​ក៏​បាន​បន្ថែម​ក្រុម al-Qaida, Isis និង Hizbul Mujahedin ចូល​ទៅ​ក្នុង​បញ្ជី​ខ្លួន​ដូចគ្នា។

លោក Blair បាន​មាន​ប្រសាសន៍​ថា៖ «កាណាដា​នឹង​មិន​អត់​ឱន​ចំពោះ​មនោគមន៍វិជ្ជា​សាសនា ឬ​នយោបាយ​ណា ដែល​បង្ក​ឱ្យ​មាន​អំពើ​ហិង្សា​កើត​ឡើង​ទេ»។

រដ្ឋមន្ត្រី​រូប​នេះ ក៏​បាន​ពណ៌នា​ក្រុម ​Proud Boys នេះ​ថា «រួម​ចំណែក​សំខាន់» ក្នុង​ការ​បង្ក​អំពើ​ហិង្សា​នយោបាយ​នៅ​វិមាន​កាពីតូល​អាមេរិក​កាលពី​ខែមករា កន្លង​ទៅ។ ក្នុង​អំឡុង​ពេល​នៃ​ការ​ជជែក​ដេញ​ដោល​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២០ នៅ​ពេល​មាន​គេ​ស្នើ​លោក Donald Trump ឱ្យ​ថ្កោល​ទោស​ក្រុម​រើសអើង​ពណ៌​សម្បុរ​ទាំងនេះ លោក​បាន​ប្រាប់​ទៅ​ក្រុម Proud Boys ថា «ឱ្យ​ថយ​ក្រោយ ១ ជំហាន​សិន តែ​ត្រូវ​រក្សា​ជំហរ​ដដែល»។

មុន​នឹង​ធ្វើ​សេចក្ដីប្រកាស​បែប​នេះ​មន្ត្រី​កាណាដា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ពួក​គេ​បាន​ឃ្លាំមើល​ក្រុម Proud Boys នេះ​យូរ​មក​ហើយ តាំង​ពី​មុន​មាន​ការ​វាយ​ប្រហារ​នៅ​វិមាន​កាពីតូល​ទៅ​ទៀត។ ឥឡូវ​នេះ​បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ​ទៅ​កាណាដា​ក៏​សម្រេច​ចិត្ត​ដាក់​ក្រុម​នេះ​ចូល​បញ្ជី​តែ​ម្ដង។

ការ​ដាក់​ក្រុម​នេះ​ចូល​ក្នុង​បញ្ជី​បាន​ន័យ​ថា រាល់​ធនាគារ​កាណាដា​ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ផ្សេង​ទៀត​ត្រូវ​តែ​បង្កក​ទ្រព្យ​សម្បត្តិ​ដែល​ជាប់​ទាក់ទង​នឹង​ក្រុម Proud Boys ពោល​គឺ​រាល់​បុគ្គល​ណា​ដែល​ជាប់​ពាក់ព័ន្ធ ឬ​ធ្វើ​ជំនួញ​ជាមួយ​ក្រុម​នេះ នឹង​ត្រូវ​ចាត់​ទុក​ថា ​ខុស​ច្បាប់។ រដ្ឋាភិបាល​បន្ថែម​ថា សូម្បី​តែ​ការ​ផ្ដល់​ការ​គាំទ្រ​ដល់​ក្រុម​នេះ ដែល​រួមមាន​ការ​ធ្វើ​ដំណើរ ​និង​ការ​បណ្តុះបណ្តាល​រហូត​ដល់​ការ​ជ្រើសរើស​បុគ្គលិក​ក៏​ចាត់​ទុក​ថា ​ជា​បទឧក្រិដ្ឋ​ដែរ។

យ៉ាងណា​មិញ មិន​មាន​បទប្បញ្ញត្តិ​នៅ​ក្នុង​ច្បាប់​សហព័ន្ធ​សហរដ្ឋអាមេរិក​ណា​មួយ ដែល​កំណត់​អត្តសញ្ញាណ​ និង​ដាក់​ទោស​ក្រុម​គ្រួសារ​របស់​ក្រុម​ភេរវករ​ឡើយ ​ខណៈ​បញ្ហា​ផ្លូវ​ច្បាប់​នេះ នៅ​តែ​ស្មុគស្មាញ​ក្នុង​ការ​សម្រេច ដោយសារ​ពាក់ព័ន្ធ​នឹង​ការ​ធានា​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​នៅ​អាមេរិក។

អ្នកស្រី Jessica Davis អតីត​អ្នកវិភាគ​ជាន់​ខ្ពស់​នៃ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ ផ្នែក​សន្តិសុខ​កាណាដា​ និង​ជា​ប្រធាន​សហគ្រាស​ស៊ើបអង្កេត Insight Threat Intelligence បាន​ឱ្យ​ដឹង​ថា៖ «ការ​ចុះ​បញ្ជី​នេះ ទំនង​ជា​នឹង​មាន «ការ​ឆ្លើយ​តប​បន្តិចបន្តួច» ពី​អ្នក​ផ្សេង​ទាក់ទិន​នឹង​បញ្ហា​ក្រុម ​Proud Boys នេះ»។

អ្នកស្រី Davis បាន​មាន​ប្រសាសន៍​ថា៖ «សម្រាប់​បុគ្គល​មួយ​ចំនួន​កា​រចុះ​ក្រុម​នេះ​ចូល បញ្ជី​អាច​មាន​ឥទ្ធិពល​មួយ​ចំនួន តែ​ទោះយ៉ាង​ណា​ប្រហែល​ជា​មាន​សមាជិក​ជ្រុល​និយម​មួយ​ចំនួន ដែល​អាច​នឹង​ត្រូវ​រង​ការ​រិះគន់​បន្ថែម​ទៀត​ទាក់ទិន​នឹង​បញ្ហា​នេះ»។

លោក Evan Balgord នាយក​ប្រតិបត្តិ​នៃ​បណ្តាញ​ប្រឆាំង​ការ​ស្អប់​កាណាដា​បាន​និយាយ​ថា លោក​ពិបាក​កំណត់​ថា ​តើ​មាន​សមាជិក Proud Boys ប៉ុន្មាន​នាក់​ដែល​រស់នៅ​ប្រទេស​កាណាដា»។

លោក​បាន​និយាយ​តាម​ទូរស័ព្ទ​ថា៖ «មុន​ពេល​ប្រកាស ខ្ញុំ​ឃើញ​មាន​ឈ្មោះ​របស់​ក្រុម Proud Boys នេះ​ប្រហែល ៨ ជំពូក។ ខ្ញុំ​គិត​ថា​​ពួក​គេ​ចប់​ហើយ​បើ​ពួក​គេ​រស់​នៅ​ទីនេះ​ពេល​មាន​ឈ្មោះ​ក្នុង​នេះ​ហើយ​ពួក​គេ​ចប់​តែម្ដង»។

បើ​តាម​លោក ​Balgord ក្រុម​នេះ​ផងដែរ មិន​មាន​កាន់​ទ្រព្យ​សម្បត្តិ​ហិរញ្ញវត្ថុ​សំខាន់ៗ​ច្រើន​ប៉ុន្មាន​ទេ។

លោក Leah West សាស្ត្រាចារ្យ​សន្តិសុខ​ជាតិ​សាកលវិទ្យាល័យ Carleton នៃ​សាកលវិទ្យាល័យ​អូតាវ៉ា ​ប្រទេស​កាណាដា បាន​និយាយ​ថា ការ​សម្រេច​បែប​នេះ គឺ​គូស​បញ្ជាក់​ពី​ការ​ព្រួយបារម្ភ​របស់​រដ្ឋធម្មនុញ្ញ​អំពី​សមត្ថភាព​របស់​រដ្ឋាភិបាល​កាណាដា​ក្នុង​ការ​ចាត់តាំង​ក្រុម​មួយ​ជា​អង្គភាព​ភេរវកម្ម។

លោកស្រី​បាន​និយាយ​តាម​ទូរស័ព្ទ​ថា ការ​ចាត់តាំង​នេះ ពិបាក​នឹង​ប្រឆាំង និង​ពិបាក​ក្នុង​ការ​ដោះស្រាយ​ជាពិសេស​មេធាវី​អាច​នឹង​មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ផ្តល់​ប្រឹក្សា​ដល់​សមាជិក​ក្រុម​ភេរវករ។

គួរបញ្ជាក់​ផង​ដែរ​ថា កាល​ពី​ឆ្នាំ ២០១៨ ផង​ដែរ ក្រុម​ស៊ើបអង្កេត​អាមេរិក​ FBI បាន​ចាត់​ទុក​ក្រុម Proud Boysនេះ​ថា ជា​ក្រុម​ជ្រុល​និយម​ដែល​មាន​ទំនាក់ទំនង​ជាមួយ​ពួក​ជាតិ​និយម​ស្បែក​ស ជា​ប្រភេទ​ចំណាត់​ថ្នាក់​មួយ ដែល​បាន​លេច​ចេញ​ដំបូង​តាមរយៈ​របាយការណ៍​ផ្ទៃ​ក្នុង​ដែល​ទទួល​បាន​ពី​ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​រដ្ឋ​វ៉ាស៊ីនតោន។

មជ្ឈមណ្ឌល​ច្បាប់​នៃ​ភាព​ក្រីក្រ​ភាគខាងត្បូង (Southern Poverty Law Center) ក៏​បាន​ចាត់​ថ្នាក់​ក្រុម Proud Boys​ នេះ ថា​ជា​ក្រុម​ដែល​បង្ក​ឱ្យ​មាន​ការ​ស្អប់​ខ្ពើម ដែល​ការ​ចាត់​ទុក​ត្រូវ​បាន​ផ្ទុះ​ឡើង​ក្រោយ​មាន​បណ្តឹង​បរិហារកេរ្តិ៍​ឆ្នាំ ២០១៩ ដោយ​លោក Gavin McInnes ដែល​បាន​បង្កើត​អង្គការ​ខាង​ស្តាំ​មួយ​កាល​ពី​ឆ្នាំ ២០១៦៕