ក្រុងដូហា: ក្រសួងការបរទេសក្រុងដូហា បានឲ្យដឹងកាលពីថ្ងៃអង្គារថា កាតា និងឆាត ធ្វើការស្តារទំនាក់ទំនងការទូតឡើងវិញ បន្ទាប់ពីបានធ្លាក់ចុះខ្សោយនៅក្នុងខែសីហាភ្លាមៗបន្ទាប់ពីអារ៉ាប់ សាអ៊ូឌីតនិងក្រុមសម្ព័ន្ធមិត្តបានចាប់ផ្តើមធ្វើការពហិការទូតកាតា។
លោកស្រី Lolwah Al-Khater អ្នកនាំពាក្យក្រសួងការបរទេសកាតា បានឲ្យដឹងនៅលើបណ្តាញផ្សព្វផ្សាយសង្គមថា ប្រទេសនេះនឹងបញ្ជូនអគ្គរដ្ឋទូតរបស់ខ្លួនឲ្យវិលត្រឡប់ទៅបម្រើការតាមតួនាទីជាធម្មតាវិញភ្លាម។
លោកស្រី បានថ្លែងនៅលើទំព័រធ្វីធើរថា៖ «ជាច្រើនម៉ោងកន្លងទៅអនុស្សរណៈយោគយល់ (M០U) មួយត្រូវបានចុះហត្ថលេខារវាងកាតានិងឆាត។ ទំនាក់ទំនងការទូតនឹងត្រូវបានបន្តជាថ្មីវិញ ដោយការផ្តោះប្តូរអគ្គរដ្ឋទូតគ្នាទៅវិញទៅមកភ្លាមៗផងដែរ»។
លោកស្រី Al-Khater បានបន្ថែមថា កិច្ចព្រមព្រៀងនោះ គឺជា «ជ័យជម្នះមួយសម្រាប់ប្រទេសទាំង ២ នេះ»។
ឆាតបានបិទស្ថានទូតរបស់កាតាក្នុងទីក្រុង N''Djamena នៅក្នុងចុងខែសីហា ដោយបានចោទប្រកាន់ក្រុងដូហាថាប៉ុនប៉ងបង្កអស្ថិរភាពនៅក្នុងពាក់កណ្តាលសមុទ្រខ្សាច់នៅក្នុងទ្វីបអាហ្រ្វិក ដែលបិទខ្ទប់គ្មាន ២ ពីច្រកសមុទ្រនេះ។
អំឡុងរយៈពេលជាច្រើនថ្ងៃ កាតា បានធ្វើការសងសឹកដោយការបិទស្ថានទូតរបស់ឆាតនៅក្នុងទីក្រុងដូហាព្រមទាំងបញ្ជាឲ្យគ្រប់បុគ្គលិកបម្រើការទាំងអស់ចាកចេញពីទឹកដីរបស់ខ្លួនផងដែរ។
៩ ខែក្រោយវិបត្តិនេះ កាតាត្រូវបានអតីតរដ្ឋសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធ និងរដ្ឋជិតខាងរបស់ខ្លួននៅក្នុងតំបន់ឈូងសមុទ្រដាក់ឲ្យនៅឯកោ៕