ស្រុកមែសៃៈ ក្រុម​អ្នក​ជួយ​សង្រ្គោះ​​ជួប​ការលំបាក​ខ្លាំង​ក្នុងការ​ជម្លៀស​សមាជិក ១៣ នាក់​នៃ​ក្រុម​បាល់ទាត់​យុវជន​ថៃ ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​រស់​ក្នុង​រូង​ភ្នំ រយៈពេល ៩ ថ្ងៃ​ក្រោយ​ពី​ពួកគេ​បាន​បាត់​ខ្លួន​ខណៈ​ស្បៀង​អាហារ និង​ថ្នាំ​ពេទ្យ​ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ពួកគេ​ដោយ​ឆ្លង​កាត់​ទឹក​ភក់​កាល​ពី​ថ្ងៃ​អង្គារ។

ក្មេងប្រុស​ជំទង់ ១២ នាក់ និង​គ្រូបង្វឹក​បាល់ទាត់​របស់​ពួកគេ​ត្រូវបាន​រកឃើញ​ស្គម​ស្គាំង និង​ស្រេក​ឃ្លាន​ខ្លាំង​នៅ​លើ​ទួល​ភក់​មួយ ដែល​ព័ទ្ធ​ជុំវិញ​ដោយ​ទឹក​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ដោយ​បាន​បញ្ចប់​ការ​រុក​រក​យ៉ាង​វក់វី​ដែល​នាំ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​លើ​ប្រទេស​នេះ​យ៉ាង​ខ្លាំង​នោះ។

ប៉ុន្តែ​ការផ្តោត​ការយកចិត្តទុកដាក់ ត្រូវបាន​បង្វែរ​ទៅ​ការងារ​ដ៏​លំបាក​អំពី​ថា​តើ​ជម្លៀស​ពួកគេ​ចេញ​ពី​រូង​ភ្នំ ដែល​លិច​ទឹក​ឲ្យ​មាន​សុវត្ថិភាព​ដោយ វិធី​ណា?

ស្បៀងអាហារ និង​ការ​ផ្គត់ផ្គង់​ថ្នាំពេទ្យ​ដែល​ត្រូវការ​យ៉ាងខ្លាំង​នៅក្នុង​នោះ​មាន​ជេល​មាន​កាឡូរី​ខ្ពស់ និង​ថ្នាំ​ប៉ារ៉ា​បាន​ទៅ​ដល់​ពួកគេ ហើយ​កាល​ពី​ថ្ងៃ​អង្គារ ខណៈ​ក្រុម​អ្នក​ជួយ​សង្រ្គោះ​​ត្រៀម​ខ្លួន​សម្រាប់​រយៈពេល​យូរ​ក្នុង​កិច្ច​ប្រតិបត្តិការ​នាំ​យក​ពួកគេ​ចេញ​ពី​រូង​ភ្នំ​ប្រកប​ដោយ​សុវត្ថិភាព។

យោធា​ថៃ​បាន​និយាយថា​ខ្លួន​កំពុងផ្តល់​អាហារ និង​មេរៀន​មុជទឹក រយៈពេល​ច្រើន​ខែ ដល់​ក្មេងៗ​ទាំង​នោះ ដើម្បី​ជួយ​យក​ពួកគេ​ចេញ​រូងភ្នំ Tham Luang ដែល​លិច​ទឹក​នៅ​ភាគ​ខាងជើង​ជោក​ជាំ​ដោយ​ទឹកជំនន់​នៃ​ភ្លៀង​រដូវ​វស្សា​នៅ​ក្នុង​ប្រទេស​នេះ។

​ផែ​ន​ទីបង្ហាញ​ពី​ប្រព័​ន្ធរូងភ្នំ​​​ជាទី​​ដែល​​​​ក្មេង​សិស្ស​សាលា​ ១២ នាក់​បាត់ខ្លួន។ AFP

លោក​វរសេនីយ៍ឯក Anand Surawan បាន​ថ្លែងថា៖ «យើង​នឹង​ត្រៀម​បញ្ជូនស្បៀង​អាហារ​បន្ថែម​ទៀត ដើម្បី​ផ្គត់ផ្គង់​ដល់​ពួកគេ​យ៉ាង​ហោច​ណាស់​ក៏ ៤ ខែ​ដែរ និង​បង្រៀន​ពួកគេ​ឲ្យ​ចេះ​មុជ​ទឹក ខណៈ​កំពុង​បន្ត​បង្ហូរ​ទឹក​នោះ​ចេញ​ពី រូង​ភ្នំ​នោះ។

លោក បាន​បដិសេធ​មិន​និយាយថា តើ​ពួកគេ​អាច​ជាប់​នៅ​ក្នុង​រូង​នោះ​យូរ​ប៉ុនណា​ទេ?

អភិបាលខេត្ត​ឈៀង​រ៉ៃ​លោក Narongsak Osottanakorn បាន​ថ្លែង​កាលពី​ថ្ងៃ​អង្គារ​ថា៖ «យើង​បាន​ចាត់​ទុក​ថា​បេសកកម្ម​រុករក​នេះ​ប្រហែល​ជា​មិន​អាច​ទៅ​រួច​ទេ ដោយសារ​ភ្លៀង​រៀង​រាល់​ថ្ងៃ បណ្តាល​ឲ្យ​ទឹកជន់​ខ្លាំង ប៉ុន្តែ​ដោយ​យើង​មាន​ការ​តាំង​ចិត្ត​ខ្ពស់​នោះ ទីបំផុត​យើង​បាន​រក​ឃើញ​ពួកគេ»។

ខាងក្រោម​នេះ គឺជា​ឧបសគ្គធំៗក្នុងការ​ជម្លៀស​ក្មេង​ទាំង​នោះ ចេញពី​រូងភ្នំ​ដែល​លិច​ទឹកៈ ក្មេង​ទាំង​អស់​នោះ ស្គមស្គាំង​គ្មាន​កម្លាំង​ធ្វើ​ដំណើរ ផ្នែក​នៃ​រូងភ្នំ​ត្រូវ​លិច​ទឹក​ទាំង​ស្រុង ភ្លៀង​រដូវ​វស្សា​ធ្លាក់​ជា​បន្ត​បន្ទាប់ ខ្វះ​បទពិសោធ​ក្នុង​ការ​មុជទឹក​មាន​ចម្ងាយ​ពី ៨០០ ម៉ែត្រ​ទៅ ១០០០ ម៉ែត្រ​ខាង​ក្រោម​ផ្ទៃរាប៕