ក្រុងបេរូត៖ ទូរទស្សន៍ LDC ក្នុងតំបន់បានរាយការណ៍ថា ក្រុមអ្នកតវ៉ាលីបង់ បានធ្វើបាតុកម្មទ្រង់ទ្រាយធំមួយកាលពីថ្ងៃពុធ នៅក្នុងរដ្ឋធានីបេរូត ក្រោយពីមានរបាយការណ៍ថ្មីអំពីមនុស្សបានធ្វើអត្តឃាតនៅក្នុងប្រទេស លីបង់ ដោយសារលក្ខខណ្ឌជីវភាពក្រីក្ររបស់ពួកគេ។
ក្រុមអ្នកតវ៉ាបានស្រែកពាក្យស្លោកប្រឆាំងក្រុមអ្នកគ្រប់គ្រងនយោបាយបច្ចុប្បន្ន ខណៈស្នើឲ្យក្រុមអ្នកនយោបាយលាលែងពីតំណែង នៅក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីផ្តល់ឱកាសឲ្យអ្នកមានជំនាញច្បាស់លាស់ឡើងកាន់អំណាច និងអនុវត្តកំណែទម្រង់ដើម្បីជួយស្តារសេដ្ឋកិច្ចធ្លាក់ចុះដ៏អាក្រក់នៅក្នុងប្រទេសនេះ។
ទីភ្នាក់ងារព័ត៌មានប្រចាំតំបន់បានរាយការណ៍កាលពីថ្ងៃពុធថា សមាជិកម្នាក់របស់កងកម្លាំងក្នុងប្រទេស លីបង់ បានប្តេជ្ញាចិត្តធ្វើអត្តឃាត ហើយពលរដ្ឋផ្សេងទៀតបានបាញ់សម្លាប់ខ្លួនឯង ដោយបានបន្ថែមថា ការស៊ើបអង្កេត កំពុងបន្តស្វែងរកហេតុផលនៅពីក្រោយការធ្វើអត្តឃាតរបស់ពួកគេឲ្យបានច្បាស់លាស់ថាមកពីមូលហេតុអ្វី?
ទីភ្នាក់ងារព័ត៌មានជាតិបានរាយការណ៍កាលពីថ្ងៃពុធថា អ្នកបើកបរតាក់ស៊ីម្នាក់បានព្យាយាមលោតសម្លាប់ខ្លួនពីលើអគារមួយ ដោយសារលោកគ្មានសមត្ថភាពសងបំណុលគេ។ ប៉ុន្តែមនុស្សនៅក្នុងតំបន់បានឃាត់គាត់មិនឲ្យសម្លាប់ខ្លួន។
កាលពីថ្ងៃអាទិត្យ បុរសម្នាក់នៅក្នុងទីក្រុងអារសាល់ បានបញ្ចប់ជីវិតខ្លួនឯង ក្រោយពីត្រូវបានគេរាយការណ៍ថា គាត់គ្មានលទ្ធភាពផ្តល់ប្រាក់ ១ ពាន់ផោនលីបង់ ០,៦៦ ដុល្លារ) ឲ្យកូនស្រីរបស់គាត់។
លីបង់ ត្រូវគេឃើញមានការតវ៉ាចាប់តាំងពីថ្ងៃទី ១៧ តុលា៕ Xinhua