កាល​ពី​ថ្ងៃ​ចន្ទ ​ទី ៥ មេសា កង​នាវាចរណ៍​ចិន​បាន​និយាយ​ថា ក្រុម​នាវា​ផ្ទុក​យន្តហោះ​ចិន​កំពុង​ធ្វើ​សមយុទ្ធ​នៅ​ជិត​កោះ​តៃវ៉ាន់​ហើយ​សមយុទ្ធ​បែប​នេះ នឹង​ធ្វើ​ឡើង​ជា​និច្ចកាល។ គោល​បំណង​ក្នុង​ការ​ធ្វើ​សមយុទ្ធ​នេះ គឺ​ដើម្បី​បង្កើន​សមត្ថភាព​របស់​នាវា​ចិន​ក្នុង​ការ​ការពារ​អធិបតេយ្យភាព​ជាតិ​សុវត្ថិភាព និង​ផលប្រយោជន៍​អភិវឌ្ឍន៍។ នេះ​បើ​យោង​តាម​ការ​រាយការណ៍​របស់​សារព័ត៌មាន Reuters។

ក្រសួង​ការពារជាតិ​ជប៉ុន​បាន​និយាយ​នៅ​ថ្ងៃទី ៤ មេសា​ថា នាវា Liaoning អម​ដោយ​នាវា​ការពារ​ចំនួន ៥ បាន​ឆ្លង​កាត់​ច្រក​មីយ៉ាកូ (Miyako) ទៅ​កាន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក។

កងទ័ព​ជើងទឹក​ប្រទេស​ចិន បាន​និយាយ​ថា សមយុទ្ធ​ស្រដៀង​គ្នា​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ជាប្រចាំ​នាពេល​អនាគត។ ក្រសួង​ការពារជាតិ​តៃវ៉ាន់ បាន​និយាយ​ថា ខ្លួន​បាន​យល់​យ៉ាង​ច្បាស់​ពី​ស្ថានការណ៍​នៅ​លើ​អាកាស និង​នៅ​សមុទ្រ​ជុំវិញ​កោះ​តៃវ៉ាន់៕