ស្រុកមែសៃៈ ក្រុមអ្នកជួយសង្គ្រោះដែលបានទៅដល់ជួបក្មេងមួយក្រុមដែលជាប់នៅក្នុងរូងលិចទឹកនោះ និយាយថា ការរកឃើញពួកគេ គឺជាផ្នែកងាយស្រួល ប៉ុន្តែ ការជម្លៀសក្មេងទាំងអស់នោះចេញមកក្រៅដោយសុវត្ថិភាពនោះ គឺជាឧបសគ្គពិតប្រាកដ។
មិនមានដំណោះស្រាយធម្មតាសម្រាប់ក្មេងប្រុស ១២ នាក់ និងគ្រូបង្វឹកបាល់ទាត់របស់ពួកគេដែលកំពុងត្រូវបានចិញ្ចឹមបីបាច់ ដោយក្រុមអ្នកមុជទឹកយោធាថៃ និងក្រុមអ្នកជំនាញជួយសង្គ្រោះនៅក្រោមដីអន្តរជាតិនោះទេ។
ផ្លូវត្រឡប់ទៅកាន់ច្រកចូលឆ្ងាយ កន្លុកកន្លៀត និងផ្នែកខ្លះលិចទឹកបាត់។ ក្មេងខ្លះក្នុងចំណោមពួកគេមិនចេះហែលទឹក ហើយពួកគេទាំងអស់ ខ្សោយកម្លាំងដោយសារនៅក្រោមដី ១២ យប់ទៅហើយ។
នេះ គឺជាជម្រើសដែលក្រុមជួយសង្គ្រោះកំពុងពិចារណាដើម្បីយកពួកគេទៅជួបក្រុមគ្រួសាររបស់ពួកគេ។
បូមទឹកចេញអស់ នេះ គឺជាជម្រើសមានសុវត្ថិភាព ប៉ុន្តែត្រូវការពេលយូរ ប្រហែលជាច្រើនខែ។ ក្រុមវិស្វករជប៉ុន បានជួយផ្តល់ប្រព័ន្ធបូមទឹក ដែលអាចធ្វើឲ្យទឹកស្រក ១ សង់ទីម៉ែត្រក្នុង ១ ម៉ោង។
ប្រសិនបើពួកគេបន្តបូមទៅទៀតប្រហែលអាចធ្វើឲ្យទឹកស្រកល្មមក្មេងទាំងនោះដើរចេញពីរូងភ្នំបាន។ បញ្ហា គឺអាកាសធាតុ។ ភ្លៀងធ្លាក់ខ្លាំង ត្រូវបានរំពឹងទុកថានឹងធ្លាក់នៅប្រទេសថៃភាគខាងជើងក្នុងប៉ុន្មានសប្តាហ៍នេះ ដោយហូរកាត់ភ្នំ និងធ្វើឲ្យរូងភ្នំនោះមានទឹកពេញយ៉ាងឆាប់រហ័ស។
លោក Bill Whitehouse នៃក្រុមប្រឹក្សាជួយសង្គ្រោះរូងភ្នំនៅអង់គ្លេសបានថ្លែងប្រាប់ទូរទស្សន៍ BBC ថាការបូមទឹកនៅរដូវវស្សាមិនងាយស្រួលទេ៕