គណបក្ស​កាន់​អំណាច Likud បាន​នាំ​មុខ​សំឡេង​ក្នុង​ការ​បោះឆ្នោត​សភា​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​អង្គារ ទី ២៣ មីនា នេះ​បើ​តាម​ការ​ស្ទង់មតិ​អ្នក​បោះឆ្នោត ប៉ុន្តែ​នៅ​តែ​ខ្វះ​អាសនៈ​ភាគ​ច្រើន​ក្នុង​សភា​ដែល​ចាំបាច់​សម្រាប់​បង្កើត​រដ្ឋាភិបាល​ធ្វើ​ឱ្យ​អនាគត​របស់​នាយករដ្ឋមន្ត្រី​លោក Benjamin Netanyahu មិន​ច្បាស់លាស់ ​ខណៈ​លោក​ប្រឈម​នឹង​ការ​ជាប់គាំង​នយោបាយ​បន្ថែម​ទៀត។

ដោយ​លទ្ធផល​ផ្លូវការ​នឹង​មិន​ត្រូវ​បាន​ប្រកាស​រហូត​ដល់​ចុង​សប្ដាហ៍​នេះ ការ​ស្ទង់មតិ​ដោយ​ស្ថានីយ​ទូរទស្សន៍​អ៊ីស្រាអែល​ធំៗ​ចំនួន ៣ បាន​ព្យាករ​ថា គណបក្ស Likud បាន​ត្រឹម​តែ​ជាង ៣០ កៅអី​នៅ​ក្នុង​សភា ​ដែល​មាន ១២០ អាសនៈ​បន្ទាប់​មក​គឺ​គណបក្ស​ប្រឆាំង ​YeshAtid ដែល​មាន​អាសនៈ​ចំនួន ១៧។ អាសនៈ​ផ្សេងទៀត ​គឺ​កាន់​កាប់​ដោយ​គណបក្ស​តូចៗ​ផ្សេងទៀត​ចំនួន ១៧។

នៅ​លើ​បណ្ដាញ​សង្គម​លោក Netanyahu បាន​អះអាង​ថា​បាន​ទទួល «ជ័យជម្នះ​ដ៏​ធំធេង» លើ​ក្រុម​ឆ្វេង​និយម និង​កណ្ដាល​និយម​ដែល​ព្យាយាម​ផ្ដួល​រំលំ​លោក បើ​ទោះបី​ការ​ព្យាករ​បាន​បង្ហាញ​ថា មិន​មាន​អ្នក​ឈ្នះ​ច្បាស់លាស់​ក៏​ដោយ។ លោក​មិន​បាន​ធ្វើ​ការ​អះអាង​នេះ​ម្ដង​ទៀត​ទេ ក្នុង​សុន្ទរកថា​នៅ​យប់​ថ្ងៃ​បោះឆ្នោត​ដោយ​គ្រាន់តែ​និយាយ​ថា ​ការ​ឈ្នះ​អាសនៈ​ចំនួន ៣០ គឺ​ជា «សមិទ្ធផល​ដ៏​អស្ចារ្យ» ហើយ​លោក​សង្ឃឹម​ថា នឹង​បង្កើត «រដ្ឋាភិបាល​ស្ដាំនិយម​ដែល​មាន​ស្ថិរភាព»។

ការ​បោះឆ្នោត​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ការ​ធ្វើ​ប្រជាមតិ​លើ​ការ​ដឹកនាំ​របស់លោក Netanyahu បច្ចុប្បន្ន​មាន​វ័យ ៧១ ឆ្នាំ ហើយ​លទ្ធផល​បឋម​បាន​បង្ហាញ​ថា ប្រទេស​នេះ​នៅ​តែ​មាន​ការ​បែកបាក់​គ្នា​យ៉ាង​ខ្លាំង​ដោយ​មាន​គណបក្ស​និកាយ​សាសនា​តូចៗ​ជាច្រើន​កំពុង​ដណ្ដើម​ការ​ត្រួតត្រា​លើ​សភា។

លទ្ធផល​នេះ ក៏បាន​បង្ហាញ​សញ្ញា​នៃ​ការ​ផ្លាស់ប្ដូរ​ជា​បន្តបន្ទាប់​របស់​អ្នក​បោះឆ្នោត​អ៊ីស្រាអែល​ឆ្ពោះ​ទៅ​រក​គណបក្ស​ស្តាំនិយម ដែល​គាំទ្រ​ការ​តាំង​ទីលំនៅ​របស់​ជន​ជាតិ​អ៊ីស្រាអែល​នៅ ​West bank និង​ប្រឆាំង​នឹង​សម្បទាន​ក្នុង​កិច្ចចរចា​សន្តិភាព​ជាមួយ​ប៉ាឡេស្ទីន។ និន្នាការ​នេះ​ត្រូវ​បាន​គូស​បញ្ជាក់​ដោយ​ការ​កើន​សំឡេង​ឆ្នោត​សម្រាប់​គណបក្ស សាសនា​និយម ជាតិ​និយម និង​ប្រឆាំង​ជនជាតិ​អារ៉ាប់។

បន្ទាប់​ពី​ការ​បោះឆ្នោត​មិន​មាន​អ្នក​ឈ្នះ​ចំនួន ៣ លើក​ក្នុង​រយៈពេល ២ ឆ្នាំ លោក ​Netanyahu បាន​សង្ឃឹម​ថា នឹង​ទទួល​បាន​ជ័យជម្នះ​ដែល​នឹង​អនុញ្ញាត​ឱ្យ​លោក​បង្កើត​រដ្ឋាភិបាល​មួយ​ជាមួយ​សម្ព័ន្ធមិត្ត​ជាតិនិយម និង​សាសនា​និយម ដើម្បី​ស្វែងរក​អភ័យ​ឯកសិទ្ធិ​ពី​ការ​ចោទ​ប្រកាន់​ពុករលួយ។

ដោយ​ត្រូវ​ការ​អាសនៈ​ចំនួន ៦១ សម្រាប់​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅ​ក្នុង​សភា​ដែល​មាន ១២០ អាសនៈ គេ​អាច​ត្រូវ​ធ្វើ​ច្រើន​ថ្ងៃ ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី។ ប្រសិន​បើ​កិច្ច​ពិភាក្សា​អំពី​ការ​កសាង​សម្ព័ន្ធភាព​គ្រប់គ្រង ​ដើម្បី​បំបែក​ការ​ជាប់​គាំង​បាន​បរាជ័យ​អ៊ីស្រាអែល​អាច​នឹង​ឈាន​ទៅ​រក​ការ​បោះឆ្នោត​ជា​លើក​ទី៥ បន្ទាប់​ពី​ការ​ជាប់​គាំង​កាល​ពី​ឆ្នាំ​ ២០១៩។

ដើម្បី​ទទួល​សំឡេង​ភាគ​ច្រើន​សម្ព័ន្ធភាព​ទាំង​សង​ខាង​ទំនង​ជា​នឹង​ត្រូវ​ព្យាយាម​បញ្ចុះបញ្ចូល​លោក Naftali Bennett មាន​វ័យ ៤៨ ឆ្នាំ ​ដែល​ជា​អតីត​សម្ព័ន្ធមិត្ត និង​អតីត​រដ្ឋមន្ត្រី​ការពារជាតិ​លោក Netanyahu តែ​ឥឡូវ​មាន​ទំនាក់ទំនង​តានតឹង​ជាមួយនឹង​នាយករដ្ឋមន្ត្រី​រូប​នេះ។ គណបក្ស​ស្ដាំនិយម Yamina របស់​លោក Bennett ត្រូវ​បាន​ព្យាករ​ថា ឈ្នះ​អាសនៈ​ចំនួន ៧។

នៅ​ក្នុង​សុន្ទរកថា​ទៅ​កាន់​អ្នកគាំទ្រ លោក Bennett បាន​បដិសេធ​មិន​ប្រកាស​ថា ​លោក​នឹង​ចូលរួម​ជាមួយ​ភាគី​ណាមួយ​ទេ ហើយ​បាន​ប្តេជ្ញា​ថា នឹង​លើក​ស្ទួយគុណ​តម្លៃ​ខាងស្ដាំ។ លោក Bennett បាន​និយាយថា បើ​សិន​លោក​ចូលរួម​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល លោក​នឹង​ទាមទារ​តំណែង​រដ្ឋមន្ត្រី​ជាន់​ខ្ពស់។

សរុប​មក​លោក​ Netanyahu និង​សម្ព័ន្ធមិត្ត​របស់​លោក​ត្រូវ​បាន​ព្យាករ​ថា នឹង​គ្រប់គ្រង​អាសនៈ​ចំនួន ៥៣ ទៅ ៥៤ ខណៈ​គណបក្ស​ផ្សេងៗ​ទៀត​អាច​គ្រប់គ្រង ៦០ ទៅ ៦១ អាសនៈ ដោយ​អាសនៈ​ក្រៅ​ពី​នេះ ​គឺ​គ្រប់គ្រង​ដោយ​លោក Bennett។

ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អង្គារ​បាន​ប្រព្រឹត្ត​ឡើង​បន្ទាប់​ពី​ការ​បែកបាក់​រដ្ឋាភិបាល​អាសន្ន​មួយ ដែល​បាន​បង្កើត​ឡើង​កាល​ពី​ខែ​ឧសភា ឆ្នាំ ២០២០ កន្លង​ទៅ រវាង​លោក Netanyahu និង​គូប្រជែង​របស់​លោក​នៅ​ពេល​នោះ។ សម្ព័ន្ធភាព​នេះ ​គឺ​ពោរពេញ​ទៅដោយ​ជម្លោះ​ផ្ទៃ​ក្នុង ហើយ​ការ​បោះឆ្នោត​ត្រូវ​បាន​បង្ខំ​ធ្វើ បន្ទាប់​ពី​ពួក​គេ​មិន​បាន​យល់ព្រម​អនុម័ត​ថវិកាជាតិ​កាល​ពី​ខែធ្នូ។

គូ​ប្រជែង​របស់​លោក Netanyahu បាន​ចោទ​ប្រកាន់​លោក​ថា បាន​បង្ក​ឱ្យ​មាន​ការ​ជាប់​គាំង​ដោយ​ចេតនា​ក្នុង​ក្ដី​សង្ឃឹម​ថា នឹង​នាំមក​នូវ​សភា​ថ្មី​ដែល​ផ្ដល់​អភ័យ​ឯកសិទ្ធិ​ដល់​លោក​ពី​ការ​ផ្ដន្ទាទោស៕