ក្រុង​កាប៊ុលៈ ​មន្ត្រី​បាន​ថ្លែង​ថា ​ជន​ស៊ី​វិល​យ៉ាង​តិច ​១៤​ នាក់​ នៅ​ក្នុង​នោះ​រួម​មាន​ស្ត្រី​ និង​ក្មេង​បាន​ស្លាប់​កាល​ពី​ថ្ងៃ​អង្គារ​ ដោយ​សារ​បំផ្ទុះ​គ្រាប់​បែក​នៅ​តាម​ផ្លូវ​មួយ​ នៅ​កណ្តាល​ប្រទេស​អាហ្វ​ហ្គានី​ស្ថាន​ ខណៈ​អំពើ​ហិង្សា​ បាន​បន្ត​កើត​ឡើង​ ទោះ​បី​ជា​កិច្ច​ពិភាក្សា​សន្តិ​ភាព​ រវាង​ក្រុម​តាលី​បង់​ និង​រដ្ឋាភិ​បាល​អាហ្វ​ហ្គានី​ស្ថាន​ក្តី​។​

​អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ​ គឺ​លោ ក​តារិហ្គ​ អារៀន​ បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា ​ស្ត្រី​ ៧​ នាក់​ ក្មេង​ ៥​ នាក់​ និង​បុរស​ ២​ នាក់​បាន​ស្លាប់​ នៅ​ពេល​ក្រុម​ភេរវករ​ បាន​ចុច​បំផ្ទុះ​គ្រាប់​បែក​ នៅ​ក្នុង​រថយន្ត​របស់​ពួក​គេ​ នៅ​ក្នុង​ខេត្ត​ដៃ​គុន​ឌី​។​

​លោក​បាន​បន្ថែម​ថា ​ក្មេង​ ៣​ នាក់ ​ក៏​បាន​រង​របួស​ផង​ដែរ​ ដោយ​បាន​ស្តី​បន្ទោស​ទៅ​លើ​ក្រុម​តាលី​បង់​ជុំវិញ​ការ​បំផ្ទុះ​នោះ​។​

​លោក​ ណា​ស្រាល់​ឡាហ៍​ ហ្គូ​រី​ ជា​អ្នក​នាំ​ពាក្យ​អភិបាល​ខេត្ត​ដៃគុនឌី​ បាន​ថ្លែង​ប្រាប់​កាសែត​ AFP​ ថា​ ក្រុម​ជន​រង​គ្រោះ​ទាំង​នោះ​ បាន​កំ​ពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​សក្ការ​បូ​ជា​មួយ​កន្លែង​ នៅ​ពេល​រថយន្ត​ក្រុង​តូច​មួយ​គ្រឿង​របស់​ពួក​គេ​ បាន​រង​ការ​វាយ​ប្រហារ​ ដោយ​សារ​ការ​បំផ្ទុះ​នៅ​ទី​នោះ​។​

​គ្មាន​ក្រុម​ណា​មួយ​បាន​អះ​អាង​ទទួល​ខុស​ត្រូវ​ ចំពោះ​ការ​បំផ្ទុះ​គ្រាប់​បែក​នោះ​ទេ​ ប៉ុន្តែ​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​តាម​ផ្លូវ​ បាន​ក្លាយ​ជា​អាវុធ​ជម្រើស​មួយ​ របស់​ក្រុម​តាលី​បង់​វាយ​ប្រហារ​៕ SK